កាលពី​ថ្ងៃ​ចន្ទ លោក​ប្រធានាធិបតី​ស.រ.អា. Donald Trump បាន​ធ្វើ​សេចក្តី​ថ្លែងការណ៍​ជាក់លាក់​ថា​លោក​បើក​ចំហ​ដើម្បី​ធ្វើការ​ចរចា​ដោយ​ផ្ទាល់​ជាមួយ​ប្រទេស​អ៊ីរ៉ង់។​

នៅ​ក្នុង​សន្និសិទកាសែត​រួម​គ្នា​មួយ​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី​អ៊ីតាលី Giuseppe Conte អ្នកកាសែត​ម្នាក់​បាន​សួរ​លោក Trump ថា​តើ​លោក​ចង់​ជួប​ជាមួយ​ប្រធានាធិបតី​អ៊ីរ៉ង់ Hassan Rouhani ឬ​ទេ។

លោក​ Trump បាន​ឆ្លើយថា​ «ខ្ញុំ​មាន​ជំនឿ​លើ​ការ​ជួបគ្នា លើ​ការ​និយាយ​ទៅ​កាន់​មនុស្ស​ឯ​ទៀត​ ជាពិសេសនៅ​ពេល​លោក​អ្នក​និយាយ​អំពី​សក្តានុពល​នៃ​សង្គ្រាមការ​ស្លាប់ ទុរភិក្ស និង​អ្វី​ច្រើន​ទៀត។ គ្មាន​អ្វី​ខុស​ទេ​ដោយ​ការ​ជួប​ជំនុំ​គ្នា​នោះ»។

លោក Trump បាន​កត់​សម្គាល់​អំពី​ការ​ពិភាក្សា​ទល់​មុខ​គ្នាកាល​ពី​ពេល​ថ្មីៗ​នេះជាមួយ​មេដឹកនាំ​កូរ៉េខាង​ជើង Kim Jong Un និង​ប្រធានាធិបតី​រុស្ស៊ី​ Vladimir Putin ថាជា​ឧទាហរណ៍​នៃ​ការ​ទូត​ដោយ​ផ្ទាល់​របស់​លោក​ជាមួយ​ពួក​មេដឹកនាំ​ដែល​មាន​អរិភាព​ដល់​ផល​ប្រយោជន៍​ស.រ.អា.។

លោក​ Trump បាន​ថ្លែង​បន្ថែម​ថា​ «ដូច្នេះ​ខ្ញុំនឹង​ជួប​ជាមួយ​មេដឹកនាំ​អ៊ីរ៉ង់​ប្រសិន​បើ​ពួកគេ​ចង់​ជួប​ខ្ញុំ។ ​ខ្ញុំ​មិន​ដឹង​ទេ​ថា​តើ​ពួកគេ​ប្រុងប្រៀប​ហើយ​ឬ​នៅ។​ នៅ​ពេល​នេះ​ពួក​គេ​កំពុង​មានការ​ពិបាក។​ ខ្ញុំ​ប្រុង​ប្រៀប​រួច​ហើយ​ដើម្បី​ជួប​គ្នា​នៅ​ពេល​ណា​ដែល​ពួកគេ​ចង់ជួប​ជាមួយ​ខ្ញុំ»។

នៅ​ពេល​ត្រូវ​សួរ​ថា​តើ​លោក​មាន​លក្ខខណ្ឌ​ជា​មុន​សម្រាប់​ជំនួប​មួយ​បែប​នេះ​ឬ​ទេ លោក​ Trump បានឆ្លើយ​ថា​ «គ្មាន​លក្ខខណ្ឌ​ជាមុន​ទេ។ ​ប្រសិន​បើពួក​គេ​ចង់ជួបគ្នា​ ខ្ញុំ​នឹង​ជួប​ជាមួយ​ពួកគេ»៕ ប្រភព៖ VOA