ថ្ងៃទី​៣១កក្កដា ក្រសួង​ការបរទេស​ចិន បាន​ជំរុញ​ឲ្យ​អាមេរិក ​រាំង​ខ្ទប់​ការ​ចុះ​ចត​របស់​ប្រធានា​ធិបតី​​តៃវ៉ាន់ លោកស្រី ស្សៃ អ៊ីងវេន ( Tsai Ing-wen)។ ​រដ្ឋាភិបាល​ក្រុង​តៃប៉ិ ប្រកាសថា ក្នុង​ខែ​សីហា​នេះ ប្រធានាធិបតី ស្សៃ អ៊ីងវេន នឹង​អញ្ជើញ​ទៅធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​សម្ព័ន្ធមិត្ត​ ក្នុង​​ទ្វី​ប​អាមេរិក ហើយលោកស្រី​​នឹង​​ចុះ​ចត​ប្តូរ​ជើង​ហោះហើរ​ នៅ​ទឹក​ដី​អាមេរិក។ ដំណឹង​នេះ ធ្វើ​ឲ្យ​ចិន​ខឹង​សម្បារ ហើយ​អំពាវវនាវ​ឲ្យ​អាមេរិក​សហការ​ កុំ​ឲ្យ​ប្រមុខរដ្ឋ​តៃវ៉ាន ចុះ​ចត​បាន។​



លោកស្រី​ ស្សៃ អ៊ីងវេន ប្រធានាធិបតីតៃវ៉ាន់ នឹង​ធ្វើ​​ទស្សនកិច្ច​នៅប្រទេស​ Paraguay និងប្រទេសបេលីស៍​ Belize ​ក្នុង​តំបន់​អាមេរិក​ឡាទីន ចាប់​ពីថ្ងៃទី ១២ ដល់​២០សីហា ខាង​មុខ​នេះ។ តាម​គម្រោង ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោកស្រី​នឹង​សុំ​ចុះ​ថត​នៅ​ព្រលាន​យន្តហោះ ក្នុង​រដ្ឋ​ Los Angeles​ និង​រដ្ឋ​ Houston ទឹក​ដី​របស់អាមេរិក។

ហេតុ​ដូច្នេះហើយ ទើប​មហាយក្ស​ចិន បា​នអំពាវវនាវ​អាមេរិក កុំអនុញ្ញាត​​ឲ្យ​លោកស្រី ស្សៃ អ៊ីងវេន អាច​ចុះ​ចត​នៅ​លើ​ទឹក​ដី​អាមេរិក​ឲ្យ​សោះ។ ចិន​ប្រកាស​យ៉ាង​ដូច្នេះ គឺដោយសារ​អាមេរិក​បាន​យល់ព្រម​ទទួល​ស្គាល់​គោល​ការណ៍​ចិន​តែមួយ​។ លោក Geng Shung អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន បាន​បន្ថែមថា ចិន​ប្រឆាំង​រាល់​ការ​អនុញ្ញាត​ឲ្យ​យន្ត​ហោះ​របស់​លោកស្រី ស្សៃ អ៊ីងវេន ចុះ​ចត។ គឺ​មិន​ថា​នៅ​អាមេរិក ឬនៅ​ក្នុង​​ប្រទេស​ដទៃ​នោះទេ។ ​ចិនក៏​បាន​ប្រកាស​ប្រាប់​បណ្តា​ប្រទេស​ទាំង​ឡាយ​ ដែល​កំពុង​មាន​ចំណង​ការទូត​ជាមួយ​ចិន ត្រូវ​ឈប់​រាល់​ការ​បញ្ចូន​សារ​ទាក់ទង​ទាំង​ឡាយ​ណា​ទៅ​អាជ្ញាធរ​តៃវ៉ាន់។

សូម​រម្លឹក​​ថា ចាប់​តាំងតែ​ពីពេល​​ឡើង​កាន់​អំណាច​នៅ​ឆ្នាំ​២០១៦មក លោកស្រីប្រធានាធិបតី ស្សៃ​ អ៊ីង​វេន បាន​បដិសេធ​ច្រាល​ចោល​គោល​នយោបាយ​ចិន​តែមួយ​។​ នេះបាន​ធ្វើ​ចិន​ខឹង​សម្បារជា​ខ្លាំង ហើយ​ចិន​ក៏រឹង​រឹត​តែ​​ខឹងនឹង​​លោក​ ដូណាល់ ត្រាំ​ ថែម​ទៀត ដែល​លោក​ព្រម​ទទួល​លើក​ទូរសព្ទ ​និយាយ​ជាមួយ​​លោកស្រី អ៊ីង​វេន​ នៅ​ឆ្នាំ​២០១៧ ពេល​ដែល​លោក ត្រាំ​ ឈ្នះ​ឆ្នោត​។ ​មហាយក្ស​ចិន​បាន​ដាក់​ទណ្ឌកម្ម​លើរដ្ឋបាល​ក្រុង​តៃប៉ិ ជា​បន្តបន្ទាប់​ ទាំងផ្នែក​​សេដ្ឋកិច្ច រួម​ទាំងដាក់​​សម្ពាធ​​ផ្នែក​ការ​ទូត​។ មិន​តែប៉ុណ្ណោះ ចិន​បាន​គំរាម​តៃវ៉ាន់ថា​នឹង​ធ្វើ​អន្តរាគមន៍យោធា​​លេប​ត្របាក់​យក​​តៃ​វ៉ាន់​តែម្តង ​ប្រសិន​បើ​ករណី​ចាំបាច់​។

សូម​ជ្រាបដែរ​ថា សព្វថ្ងៃ​នេះ មាន​ប្រទេស​តែ​១៨ប៉ុណ្ណោះ ដែល​មាន​ចំណង​ការទូត​ជាមួយ​តៃវ៉ាន់។ ដោយសារ​មាន​សម្ពាធ​ពីចិន ក្រុម​អាកាស​ចរណ៍​មួយ​ចំនួន បាន​សម្រេច​ចិត្ត​ប្តូរ​ឈ្មោះជើង​ហោះហើរ​របស់​ខ្លួនថែមទៀតផង​​៕ ប្រភព៖ RFI