​ភ្នំពេញ ​៖ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​មានប្រសាសន៍ថា​៖ ការបង្កើត​ឱ្យ​មាន​សេវា នាវា​ដឹក​ជញ្ជូន​អ្នកដំណើរ សាធារណៈ​ព្រែក​ព្នៅ​-​ភ្នំពេញ​-​តាខ្មៅ នេះ​មាន​គោលបំណង ដើម្បី​ពង្រីក​វិស័យ​ដឹកជញ្ជូន​ឱ្យ​មាន​ច្រើន​ជម្រើស ពន្លឿ​ន​ការដឹកជញ្ជូន កាត់បន្ថយ​ការកកស្ទះ​ចរាច​រណ៍ កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ អភិវឌ្ឍ​ខឿន​សេដ្ឋកិច្ច​ជាតិ និង​ប្រើ​ឱ្យ​អស់​លទ្ធភាព និង​សក្ដានុពល​នៃ​ទន្លេ​នៅក្នុង​ប្រទេស​។​



​នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​១ ខែ​សីហា ឆ្នាំ ២០១៨​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​អញ្ជើញ​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ចំណត​នាវា​ដឹក​អ្នកដំណើរ នៅក្នុង​ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ​។​ ​បន្ទាប់ពី​បាន​សម្ពោធ​ចំណត​នាវា​ដឹក​អ្នកដំណើរ នៅក្នុង​ខណ្ឌ​ឫស្សីកែវ រួចហើយ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី និង​មន្ត្រី​នៃ​រាជរដ្ឋាភិបាល​មួយចំនួន បាន​អញ្ជើញ​ធ្វើដំណើរ​តាម​នាវា ពី​ចំណត​ឫស្សីកែវ​មកកាន់​ចំណត​នាវា​ទីក្រុង​តាខ្មៅ ខេត្ត​កណ្តាល​។ យើង​បានឃើញ​ទិដ្ឋភាព ដ៏​ស្រស់បំព្រង​នៅ​តាម​ដង​ទន្លេ ជា​ពិសេស​បាន​ឃើញ ពី​ការវិវឌ្ឍ​រីកចម្រើន នៃ​សហគម​រស់នៅ​តាម​ទីក្រុង​ភ្នំពេញ​ផង​ដែរ​។​

​ថ្លែង​នៅក្នុង​របាយការណ៍​ជូន សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី លោក​ទេសរដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា​៖ នាវា​ដឹក​ជញ្ជូន​អ្នកដំណើរ សាធារណៈ​ព្រែក​ព្នៅ​-​ភ្នំពេញ​-​តាខ្មៅ ត្រូវ​ឆ្លងកាត់​ចំណត​នាវា ចំនួន​ប្រាំ​រួមមាន​៖ ចំណត​ឫស្សីកែវ ចំណត​ផ្សារ​ចាស់ ចំណត​ចតុមុខ ចំណត​ច្បារអំពៅ និង​ចំណត​ក្រុង​តាខ្មៅ​។​

​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​បន្តថា​៖ ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ និង​ប្រកបដោយ​គតិបណ្ឌិត របស់​សម្ដេច​អគ្គ មហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា គម្រោង​សេវា​ដឹក​អ្នកដំណើរ​តាម​នាវា​ជាច្រើន ត្រូវ​បាន​ចាប់បដិសន្ធិ​ឡើង ដែល​ក្នុងនោះ​រួមមាន​៖ ការសិក្សា​ផែនការមេ​ដឹក​អ្នកដំណើរ តាម​នាវា​ពី​ភ្នំពេញ​ទៅ​ខេត្ត​ក្រចេះ ត្រូវបាន​បញ្ចប់ និង​គម្រោង​សេវា​ដឹក​អ្នកដំណើរ​ជា​បន្ត​ទៀត​គឺ គម្រោង​ទន្លេសាប (​ព្រែក​ព្នៅ ពញ្ញា​ឭ​) ទន្លេបាសាក់ (​ស្អាង​) ទន្លេមេគង្គ​លើ (​ស្ពាន​ព្រែក​តា​មាក់​) និង​ទន្លេ​មេគង្គ​ក្រោម (​ដី​ឥដ្ឋ​) ជាដើម​។​

​លោក​ទេសរដ្ឋមន្ត្រី​បាន​គូសបញ្ជាក់ថា​៖ បន្ទាប់​ពី​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​នឹង​ប្រគល់​ជូន ទៅ​សាលា​រាជធានី​ភ្នំពេញ​ដើម្បី​គ្រប់គ្រង និង​ប្រតិបត្តិការ​សេវា​នេះ​។​

​លោក​ទេសរដ្ឋមន្ត្រី បាន​ផ្ដាំផ្ញើរ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ចូលរួម​ប្រើប្រាស់​សេវា​នេះ ដើម្បី​កាត់បន្ថយ​ការកកស្ទះ​ចរាច​រណ៍ គ្រោះថ្នាក់​ចរាចរណ៍ ចំណេញ​ពេលវេលា ដោយហេតុ​ថា​គ្រប់​ចំណត​នាវា​ទាំងអស់ បាន​ត​ភ្ជាប់​ទៅនឹង​ស្ថានីយ៍​រថយន្តក្រុង ដែល​បង្ក​ភាពងាយស្រួល ក្នុង​ការប្ដូរ​មធ្យោបាយ​ធ្វើដំណើរ​។​

​សូម​បញ្ជាក់​ជូន​ថា បច្ចុប្បន្ន មាន​នាវា​ចំនួន​៤​គ្រឿង​បាន​កំពុង​ប្រតិបត្តិការ ដែល​នាវា​នីមួយៗ អាច​ផ្ទុក​អ្នកដំណើរ​ចន្លោះ​ពី​៥៤​នាក់​ទៅ​៦០​នាក់ បើកបរ​ក្នុង​ល្បឿន​៤០​គីឡូម៉ែត្រ ចាប់ពី​ម៉ោង ៥:៣០​នាទី​ព្រឹក ដល់​ម៉ោង ៦:៣០ នាទី​ល្ងាច ជា​រៀងរាល់ថ្ងៃ ពី​ចំណត​ដើម​ដល់​ចំណត​ចុង​ប្រើ​រយៈពេល​តិចជាង​១​ម៉ោង​។​

​គួរ​រំលឹក​ផងដែរ​ថា​៖ ចាប់តាំងពី​ថ្ងៃ​ដាក់ឱ្យ​ប្រតិបត្តិការ​ជា​បណ្ដោះអាសន្ន​នៅ ថ្ងៃទី​៦ ខែ​មេសា ឆ្នាំ​២០១៨ រហូតដល់ ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០១៨ មាន​អ្នកប្រើប្រាស់​សេវា​នេះ​ចំនួន ៣០.៦៤៧​នាក់ គិត​ជា​មធ្យម ២០០​នាក់​ក្នុង​១​ថ្ងៃ លើសពីនេះ​ទៀត អ្នកប្រើប្រាស់​សេវា​នេះ ទាំង​ជាតិ​និង​អន្តរជាតិ បាន​សម្តែង​សេចក្តី​សាទរ​ចំពោះ​សមិទ្ធផល ដ៏​ថ្មីស្រឡាង​មួយ​នេះ របស់​ប្រទេសជាតិ​។​

នាវា​ដឹក​អ្នកដំណើរ​ចំនួន ៤​គ្រឿង (២​គ្រឿង​ទិញ​ពី​ប្រទេស​វៀតណាម និង​២​គ្រឿង​ទៀត ជួល​ពី​ក្រុមហ៊ុន Royal Express Boat)​។ នាវា​នីមួយៗ​មាន​សមត្ថភាព​ផ្ទុក​អ្នកដំណើរ​បាន ៥៤-៦០​នាក់ មាន​ល្បឿន​មធ្យម ៤០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ហើយ​ប្រើ​រយៈពេល​ប្រមាណ​តិចជាង​មួយ​ម៉ោង រវាង​ចំណត​នាវា​ដើមទី (​ឫស្សីកែវ​) និង​ចំណត​នាវា​ចុង​ទី (​តាខ្មៅ​) ដែល​រយៈពេល​នេះ តិច​ជាង​រយៈពេល​ធ្វើ​ដំណើ​រ​តាម​ផ្លូវគោក​ប្រមាណ​២​ដង​។​

​ក្រៅពី​ចំណត​នាវា​ឫស្សីកែវ ដើម្បី​បម្រើ​ការងារ​ដឹកជញ្ជូន​តាមផ្លូវ​ទឹក​នេះ​ឲ្យ​កាន់តែ​ងាយស្រួល​នោះ ក្រសួង​សាធារណការ និង​ដឹក ជញ្ជូន ក៏​បាន​សាងសង់​ចំណត​នាវា​ចំនួន​៤​ផ្សេង​ទៀត​រួមមាន​៖ ចំណត​នាវា​ផ្សារ​ចាស់​, ចំណត​នាវា​ចតុមុខ​, ចំណត​នាវា​ច្បារអំពៅ និង ចំណត​នាវា​តាខ្មៅ​។ នៅពេល​នេះ​បងប្អូន​អាច​ជ្រើសរើស ការធ្វើដំណើរ​តាម​កាណូត និង​ដឹកជញ្ជូន​ទំនិញ​ផ្សេងៗ តាម​ផ្លូវទឹក បាន​កាន់តែ​ងាយស្រួល ដែល​ជួយ​សម្រួល ដល់​ការធ្វើដំណើរ​តាម​ផ្លូវទឹក និង​ដើម្បី​ជំរុញ​ជីវភាព​រស់នៅ របស់​ប្រជាជន​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​។ ម្យ៉ាងវិញទៀត គឺ​នឹង​ជួយ​កាត់បន្ថយ​ការកកស្ទះ​ចរាច​រណ៍ បាន​មួយកម្រិត​ធំ​ទៀត​ផង​៕​