យ៉ាង​ហោច​ណាស់​មាន​មនុស្ស​៣​នាក់​បាន​ស្លាប់ ដោយ​ជំនន់​ទឹក​ទន្លេ​មេគង្គ។ ទន្ទឹម​នឹង​នេះ គណៈកម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​បាន​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ ដែល​រស់​នៅ​បណ្ដា​ខេត្ត​ជាប់​ទន្លេ​មេគង្គ ក៏​ត្រូវ​បាន​ជម្លៀស​ទៅ​កាន់​ទី​ទួល​សុវត្ថិភាព ព្រោះ​តែ​កម្ពស់​ទឹក​ឡើង​ដល់​កម្រិត​ប្រកាស​អាសន្ន។



លោក កែវ វី អ្នក​នាំ​ពាក្យ​គណៈកម្មាការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​បាន​អះអាង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ថ្ងៃ​ពុធ​នេះ​ថា ចាប់​តាំង​ពី​កម្ពុជា​ជួប​ប្រទះ​នឹង​ស្ថានភាព​ទឹក​ជំនន់​ទន្លេ​មេគង្គ​មក គឺ​មាន​ពលរដ្ឋ​ប្រុស​ស្រី​ចំនួន​៣​នាក់​ហើយ បាន​ស្លាប់​នៅ​ក្នុង​ហេតុការណ៍​នេះ។ ក្នុង​ចំណោម​អ្នក​ទាំង​៣​នាក់ មាន​ម្នាក់​ជា​បុរស​រស់​នៅ​ខេត្ត​កំពង់ចាម​បាន​ស្លាប់ ដោយ​លង់​ទឹក ខណៈ​២​នាក់​ទៀត​ជា​ស្ត្រី​និង​កុមារ​រស់​នៅ​ខេត្ត​ស្ទឹងត្រែង​បាន​ស្លាប់​ក្រោម​រូបភាព​ប្រហាក់​ប្រហែល​គ្នា​នេះ​ដែរ។

ទន្ទឹម​នឹង​មាន​ការ​ស្លាប់​ដោយ​ទឹក​ជំនន់​នេះ ប្រជាជន និង​សត្វ​ពាហនៈ​នៅ​តាម​ខេត្ត​ជាប់​ទន្លេ​មេគង្គ​ដូច​ជា ខេត្ត​ស្ទឹង​ត្រែង ក្រចេះ ត្បូង​ឃ្មុំ និង​កំពង់ចាម ជា​ដើម​ត្រូវ​បាន​ជម្លៀស​ទៅ​កាន់​ទីទួល​មាន​សុវត្ថិភាព។ ជម្លៀស​ទៅ​រក​ទីទួល​មាន​សុវត្ថិភាព​ក៏​ព្រោះ​តែ​​ស្ថានភាព​ទឹក​នៅ​ក្នុង​ខេត្ត​ទាំង​នេះ​ឈាន​ដល់​កម្រិត​ប្រកាស​ឲ្យ​ពលរដ្ឋ​ប្រុង​ប្រយ័ត្ន​ហើយ។ តាម​លោក កែវ វី ប្រឈម​នឹង​ស្ថានភាព​ជំនន់​ទឹក​ទន្លេ​មេគង្គ​បែប​នេះ ប្រជាពលរដ្ឋ​រស់​នៅ​តាម​ដង​ទន្លេ​មេគង្គ បាន​ក្លាយ​ជា​ទម្លាប់​មួយ​រស់​នៅ​ជាមួយ​ជំនន់​ទន្លេ។ដូច្នេះ​ពលរដ្ឋ​បាន​ត្រៀម​ខ្លួន​ទប់​ទល់​ទុក​ជា​មុន​ដូច​ជា​ស្បៀង​និង​ថ្នាំ​សង្កូវ​ជា​ដើម។

គួរ​បញ្ជាក់​ផង​ដែរ​ថា គិត​ដល់​ថ្ងៃ​ទី ០១ ខែ​សីហា នេះ ទឹក​ទន្លេ​មេគង្គ​ក្នុង​ខេត្ត​កំពង់ចាម បាន​បន្ត​កើន​ឡើង​ដល់​កម្ពស់ ១៤,៨៩ ម៉ែត្រ ហើយ ខណៈ​កម្ពស់​ប្រកាស​ឲ្យ​ប្រុង​ប្រយ័ត្ន ១៥,២០ ម៉ែត្រ ។ ចំណែក ទឹក​ទន្លេ​មេគង្គ​ក្នុង​ខេត្ត​ស្ទឹងត្រែង កម្ពស់​ប្រកាស​ឲ្យ​ប្រុង​ប្រយ័ត្ន​ត្រឹម​តែ ១០,៧០​ម៉ែត្រ។

ព្រម​ជាមួយ​គ្នា​នេះ ស្ថានភាព​ទឹក​ជំនន់​នៅ​ខេត្ត​ស្ទឹងត្រែង ដែល​មាន​ការ​លិច​លង់​ខ្លាំង​ជាង​គេ ត្រូវ​បាន​អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​នេះ​ អះអាង​ថា មាន​ពលរដ្ឋ​ជាង​៨០​គ្រួសារ​រស់​នៅ​ក្រុង​ស្ទឹង​ត្រែង​ត្រូវ​បាន​ជម្លៀស​មក​រស់​នៅ​កន្លែង​ទីទួល​មាន​សុវត្ថិភាព។ ចំណែក​ពលរដ្ឋ​មួយ​ចំនួន​ទៀត​ក្នុង​ចំណោម​ពលរដ្ឋ​ជាង​១​ពាន់​គ្រួសារ​ដែល​ត្រូវ​បាន​ជម្លៀស​ដោយ​សារ​ការ​ទំនប់​វារី​អគ្គិសនី​នៅ​ឡាវ ពួក​គេ​ក៏​បាន​ត្រឡប់​ទៅ​រស់​នៅ​លំនៅឋាន​ដើម

វិញ​ហើយ​ដែរ ខណៈ​សាលារៀន​មួយ​ចំនួន ​នៅ​ក្នុង​ខេត្ត​ស្ទឹងត្រែង​ក៏​ត្រូវ​បាន​បិទ​ទ្វារ​បណ្ដោះ​អាសន្ន​ដោយ​សារ​ទឹក​ជំនន់៕ ប្រភព៖ RFI