លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា នា​ព្រឹក​ថ្ងៃ​ពុធ​នេះ បាន​ចេញ​មុខ​ជា​សាធារណៈ​លើក​ដំបូង បន្ទាប់​ពី​ការ​បោះ​ឆ្នោត​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​កក្កដា។ ជា​ការ​បង្ហាញ​មុខ ដើម្បី​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ចំណត​នាវា​ដឹក​អ្នក​ដំណើរ​នៅ​ក្នុង​ខណ្ឌ​ឬស្សីកែវ រាជធានី​ភ្នំពេញ។

ក្នុង​ឱកាស​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ចំណត​នាវា​ដឹក​អ្នក​ដំណើរ នៅ​ក្នុង​ខណ្ឌ​ឬស្សីកែវ​រាជធានី​ភ្នំពេញ​ នា​ព្រឹក​ថ្ងៃ​ទី​១ ខែ​សីហា លោក​នាយក​រដ្ឋមន្ត្រី​បាន​ប្រាប់​អ្នក​កាសែត​ថា ឆ្នាំ​២០១៨​នេះ គឺ​ជា​ឆ្នាំ​ដែល​ប្រទេស​កម្ពុជា បាន​ទទួល​ជោគ​ជ័យ​ធំ ទៅ​លើ​ការ​កសាង​សេដ្ឋកិច្ច និង​ប្រជាធិបតេយ្យ ដំណើរ​ការ​សន្តិភាព​នៅ​ក្នុង​ប្រទេស ដូច្នេះ​លោក​សម្រេច​ឲ្យ​ប្រជាពលរដ្ឋ​ជិះ​នាវា​ដឹក​អ្នក​ដំណើរ​ដោយ​មិន​គិត​ថ្លៃ​ចាប់​ពី​ពេល​នេះ​រហូត​ដល់​ដំណាច់​ឆ្នាំ​២០១៨។ លោក ហ៊ុន សែន បញ្ជាក់​ថា​ប្រជាពលរដ្ឋ​ក៏​អនុញ្ញាត​ឲ្យ​ជិះ​រថភ្លើង​ពី ភ្នំពេញ ទៅ​ប៉ោយប៉ែត ដោយ​មិន​គិត​ថ្លៃ​រហូត​ដល់​ដើម​ឆ្នាំ​២០១៩​ដែរ។

ជា​ការ​កត់​សម្គាល់ នៅ​ក្នុង​ឱកាស​បង្ហាញ​មុខ​ជា​សាធារណៈ​លើក​ទី​១ នៅ​ក្រោយ​ការ​បោះ​ឆ្នោត ដែល​គណបក្ស​របស់​លោក​ទទួល​បាន​សំឡេង​ឆ្នោត​ច្រើន​លើស​លុប​នេះ លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន មិន​បាន​បញ្ចេញ​ប្រតិកម្ម តប​ទៅ​នឹង​បណ្តា​ប្រទេស​លោក​ខាង​លិច​មួយ​ចំនួន ដែល​មិន​ពេញ​ចិត្ត​នឹង​ការ​បោះ​ឆ្នោត​នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ​ទេ។

ជា​ការ​បោះ​ឆ្នោត ដែល​ប្រទេស​ប្រជាធិបតេយ្យ​ភាគ​ច្រើន​បង្ហាញ​ការ​សោក​ស្តាយ និង​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មិន​ពេញ​ចិត្ត​ជា​បន្ត​បន្ទាប់។ នៅ​ក្នុង​នោះ​ក៏​មាន​សហរដ្ឋ​អាមេរិក សហភាព​អឺរ៉ុប អូស្ត្រាលី អាឡឺម៉ង់ បារាំង​ជា​ដើម។ សេចក្តី​ថ្លែងការណ៍​ប្រទេស​ទាំង​អស់​នោះ ចាត់​ទុក​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ថា មិន​តំណាង​ឲ្យ​ឆន្ទៈ​ពលរដ្ឋ និង​ខ្វះ​ការ​ជឿ​ជាក់។

កាល​ពី​ថ្ងៃ​ទី​៣១ ខែ​កក្កដា លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​សរសេរ​សារ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​របស់​លោក​ថា កម្ពុជា​បាន​សម្រេច​ជោគ​វាសនា​ប្រទេស​ជាតិ តាម​រយៈ​ការ​បោះ​ឆ្នោត​ដោយ​សេរី ត្រឹម​ត្រូវ និង​យុត្តិធម៌។

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ បញ្ជាក់​ថា តាម​រយៈ​លទ្ឋផល​បឋម​នៃ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត​នីតិកាល ទី​៦ កាល​ពី​ថ្ងៃ​ទី ២៩ កក្កដា ២០១៨ កន្លង​ទៅ​នេះ ដែល​មាន​ពលរដ្ឋ​ទៅ​បោះ​ឆ្នោត ៨២.៨៩% នៃ​ចំនួន​អ្នក​បោះ​ឆ្នោត​សរុប ៨,៣៨០,២១៧ និង​មាន​គណបក្ស​នយោបាយ​ចំនួន​២០ បាន​ចូល​រួម គឺ​បាន​បង្ហាញ​ច្បាស់​ថា ពលរដ្ឋ​កម្ពុជា​ច្រើន​លើស​លុប​បំផុត​គាំទ្រ​ការ​បោះ​ឆ្នោត​តាម​បែប​លទ្ឋិប្រជាធិបតេយ្យ​សេរី​ពហុបក្ស៕ ប្រភព៖ RFI