​​ក្រចេះ​ស្ទឹងត្រែង ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ប្រកា​ថា គិត​ត្រឹម​ម៉ោង ៧ ព្រឹក​ថ្ងៃទី ៣ ខែសីហា ឆ្នាំ ២០១៨ នេះ ទឹកទន្លេ​មេគង្គ​ខេត្តក្រចេះ បាន​បន្ត​ស្រក​ចុះមក​នៅក្នុង​កម្ពស់ ២១,៧២ ម៉ែត្រ (​កម្ពស់​ប្រកាស​ឲ្យ​ប្រុងប្រយ័ត្ន ២២ ម៉ែត្រ​) ។



​សូម​ជម្រាប​ផងដែរ​ថា នៅ​ម៉ោង ៧ ព្រឹក​ថ្ងៃទី​២ ម្សិលមិញ​នេះ ទឹកទន្លេ​មេគង្គ​ខេត្តក្រចេះ បាន​កើនឡើង​អតិបរមា​ដល់​កម្ពស់ ២១,៨២ ម៉ែត្រ រួច​ក៏បាន​ចាប់ផ្តើម​ស្រក​ចុះ​វិញ មក​នៅក្នុង​កម្ពស់ ២១,៧៩ ម៉ែត្រ នៅវេលា​ល្ងាច​ថ្ងៃ​ដដែល ។​

​ក្រសួង​ដដែល បាន​បញ្ជាក់ថា គិត​ត្រឹម​ម៉ោង ៦:៣០ នាទី​ព្រឹក​ថ្ងៃទី​៣ ខែសីហា ឆ្នាំ ២០១៨ នេះ ទឹកទន្លេ​មេគង្គ​ខេត្តស្ទឹងត្រែង បាន​បន្ត​ស្រក​ចុះមក​នៅក្នុង​កម្ពស់ ១០,៤៧ ម៉ែត្រ គឺ​ទាប​ជាង​កម្រិត​ប្រកាស​ឲ្យ​ប្រុងប្រយ័ត្ន​វិញ​ហើយ ។ សូមបញ្ជាក់​ជូន​ថា កម្រិត​ប្រកាស​ឲ្យ​ប្រុងប្រយ័ត្ន​នៅ​ទន្លេមេគង្គ​ខេត្តស្ទឹងត្រែង មាន​កម្ពស់ ១០,៧០ ម៉ែត្រ ។​

​ជាមួយគ្នានេះដែរ ម៉ាស៊ីនបូមទឹក​ចល័ត​ខ្នាត​មធ្យម (៦៥ សេះ​) ចំនួន ២ គ្រឿង និង​ម៉ូ​ទ័​រ​បូមទឹក ចំនួន ២ គ្រឿង ត្រូវបាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តកំពង់ចាម សហការ​ជាមួយ​អាជ្ញាធរខេត្ត ដាក់​ឲ្យ​ដំណើរការ​បូមទឹក​ជាប្រចាំ នៅ​ចំណុច​ស្ពាន​គី​ហ្សូ​ណា ដើម្បី​បញ្ជៀ​ស​ការលិចលង់​ក្រុង​កំពង់ចាម ។ សូម​ជម្រាប​ផងដែរ​ថា គិត​ត្រឹម​ម៉ោង ១២ ថ្ងៃត្រង់ ថ្ងៃទី​៣ ខែសីហា ឆ្នាំ​២០១៨ នេះ ទឹកទន្លេ​មេគង្គ​ខេត្តកំពង់ចាម មាន​កម្ពស់ ១៥,១២ ម៉ែត្រ (​កម្ពស់​ប្រកាស​ឲ្យ​ប្រុងប្រយ័ត្ន ១៥,២០ ម៉ែត្រ​) បើ​ប្រៀបធៀប​នឹង​កម្ពស់​ទឹក​នៅ​ម៉ោង ៧ ព្រឹក​មិញ គឺ​ទឹក​នៅ​នឹង ពុំមាន​ការកើនឡើង​បន្ថែម​ទេ ។​

​ព្រឹត្តិបត្រ​ព័ត៌មាន និង​ព្យាករណ៍​កម្ពស់​ទឹកជំនន់ និង​កម្រិត​បរិមាណ​ទឹក​ភ្លៀង​ដែល​បាន​ធ្លាក់ តាម​បណ្តា​រាជធានី​-​ខេត្ត​នៅ​ថ្ងៃទី ៣ ខែសីហា ឆ្នាំ ២០១៨៖

​ដោយ​៖​កូ​ឡាប​