អ្នក​នាំ​ពាក្យ​គណ​បក្ស​កាន់​អំណាច​បាន​អះអាង​ថា​លោក​មិន​ជឿ​ថា​ តុលា​ការ​កំពូល​​នឹង​​ដោះលែង​​លោក​ កឹម​ សុខា​ នៅ​ពេល​ដ៍​ខ្លី​ខាង​មុខ​នេះ​ទេ​ បើ​ទោះ​បី​ជា​ក្រុម​អ្នក​វិភាគ​​ និង​​មេ​ធាវី​ការ​ពារក្តី​​ឲ្យ​ប្រធាន​​អតីត​​បក្ស​​ប្រឆាំង​​រូប​នេះ​ មាន​សង្ឃឹម​ថា​ កូន​ក្តី​របស់​ខ្លួន​អាច​បាន​នៅ​ក្រៅឃុំ​ក៏​ដោយ​។​ ការ​​យល់​​ឃើញ​​ផ្ទុយ​គ្នា​នេះ​ គឺ​ស្រប​​ពេល​​ដែល​សហ​ភាព​អឺរ៉ុប​ និង​ប្រទេស​ជិត​១០​ផ្សេង​ទៀត​ បាន​ជំរុញ​សារ​ជា​ថ្មី​ឲ្យ​ដោះ​លែង​​លោក​ កឹម​ សុខា​ ខណៈ​ការ​​បោះ​ឆ្នោត​​បាន​បញ្ចប់​។​

ថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិRFIនៅថ្ងៃសុក្រនេះ លោក សុខ ឥសាន អ្នកនាំ​ពាក្យ​គណ​បក្ស​ប្រជាជនកម្ពុជា អះអាងថា លោកហ៊ានភ្នាល់១០០ស៊ីតែ១ បើសិនជាតុលាការកំពូល​ដោះលែងលោក កឹម សុខា ក្រោយសវនាការនៅ​ថ្ងៃទី២២​ខែ​សីហានេះ។ ជាថ្ងៃ​ដែល​តុលាការ​ជាន់ខ្ពស់មួយនេះ បើកសវនាការជុំទី២លើ​ពាក្យ​បណ្តឹង​របស់​ក្រុម​មេធាវី​ការ​ពារ​ក្តី​ ដែលស្នើឲ្យ​តុលាការ​អនុញ្ញាតឲ្យ​លោក កឹម សុខា បាននៅក្រៅ​ឃុំ​បណ្តោះអាសន្ន បន្ទាប់ពី​ឃុំឃាំងអស់រយៈពេល១១ខែ ដែលនៅមិនទាន់កាត់ទោស។

បើតាមលោក សុខ ឥសាន មូលហេតុ​ដែល​លោកមិន​មាន​ជំនឿថា​តុលាការ​កំពូល​ដោះ​លែង​​​លោក កឹម សុខា គឺព្រោះតែ​លោក កឹម សុខា បាននិយាយថា​ខ្លួនទទួល​បាន​ការ​បណ្តុះ​​បណ្តាល​ពីបរទេស​ដើម្បី​ធ្វើ​ផ្លាស់​ប្តូរ​នៅកម្ពុជា ដែល​រដ្ឋាភិបាលចាត់ទុកថាចង់​ផ្តួល​​រំលំរដ្ឋាភិបាលកម្ពុជាស្របច្បាប់​។ ម្យ៉ាងទៀត បើសិនជាដោះលែង លោក កឹម សុខា នោះមានន័យថា រឿងនេះជារឿងន​យោបាយ​ដូចការ​ដែលមជ្ឈដ្ឋាន​ជា​ច្រើន​លើក​ឡើង​នោះមែន។ នេះជាការបន្ថែមរបស់​លោក សុខ ឥសាន។

ការបញ្ជាក់ជំហររបស់​អ្នកនាំពាក្យ​គណបក្សកាន់អំណាចនៅពេលនេះ គឺជាការ​ឆ្លើយ​តប​ទៅ​នឹង​ការលើកឡើង​របស់ក្រុមអ្នកវិភាគ​ និង​មេធាវីការពារក្តី​ឲ្យ​លោក កឹម សុខា ដែលមានសង្ឃឹមថា ប្រធានអតីត​បក្ស​ប្រឆាំង​រូបនេះ អាចបាននៅក្រៅឃុំ​ក្រោយ​ សវនាការ​របស់​តុលាការ​កំពូលថ្ងៃ២២ខែសីហាខាងមុខនេះ។ ការ​លើកឡើង​របស់​ក្រុមនេះ គឺ​ផ្អែកលើ​ការ​បោះឆ្នោត​ត្រូវ​បាន​បញ្ចប់ និង​ខណៈដែលប្រទេស​លោក​សេរី​មួយ​ចំនួន​ ជំរុញសារជាថ្មីឲ្យដោះលែង លោក កឹម សុខា។

សូមបញ្ជាក់ថា ភ្លាមៗក្រោយ​ការ​បោះឆ្នោត​ ក្រុមប្រទេស​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ រួមមានសហភាពអឺរ៉ុប សហរដ្ឋអាមេរិក អូស្រ្តាលី បារាំង អង់គ្លេស នូវែលហ្សេឡង់ កាណាដា អាឡឺម៉ង់ ជាដើម សុទ្ធតែបានសង្កត់ធ្ងន់​ឲ្យ​ដោះលែង​លោក កឹម សុខា។

ប៉ុន្តែប្រទេសទាំងអស់នេះ បានចាត់ទុកការបោះឆ្នោត​នៅកម្ពុជា​ដែល​គ្មាន​បក្ស​ប្រឆាំង​ដ៏ធំ​ចូល​រួមនេះថា មិនអាចជឿទុកចិត្តបានឡើយ។ នេះគឺផ្ទុយស្រឡះនឹង​ប្រទេស ចិន រុស្សី វៀតណាម ថៃ និងប្រទេសឡាវ ជាដើម ដែល​ថា​ការ​បោះឆ្នោត​នៅកម្ពុជា​មាន​ភាព​ត្រឹម​ត្រូវនោះ៕ ប្រភព៖ RFI