​ភ្នំពេញ ​៖ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម អរគុណ​ចំពោះ​សហភាព​អឺរ៉ុប​ដែល​បាន និង​កំពុង​ជួយ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​លើ​គ្រប់​វិស័យ ជា​ពិសេស​វិស័យ​កសិកម្ម ហើយ ជឿជាក់ថា សហភាព​អឺរ៉ុប​នឹង​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ក្នុង​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា​បន្ត​ទៀត ។​



​លោក វេង សាខុន និង លោក ច​ច អី​ហ្គាដ បាន អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី ប្រគល់​រង្វាន់​ដល់​អ្នក​ទទួល​ជ័យលាភី ជា​អ្នក​ចិញ្ចឹមសត្វ​ឆ្នើម ក្រោម​គម្រោង​កម្មវិធី​ជំរុញ​កំណើន វិស័យ​កសិកម្ម​ប្រកបដោយ​ចីរភាព និង​បរិយា​ប័ន្ន អនុវិស័យ​ជលផល និង​អនុវិស័យ​ផលិតកម្ម​សត្វ ថ្ងៃទី​៣ ខែ​សីហា ឆ្នាំ​២០១៨ នៅ​ទីស្តីការ​ក្រសួង​កសិកម្ម​។​

​លោក វេង សាខុន បាន​ថ្លែងថា សហភាព​អឺរ៉ុប​បាន និង​កំពុង​ជួយ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​លើ​គ្រប់​វិស័យ ជាពិសេស​វិស័យ​កសិកម្ម​។ សហភាព​អឺរ៉ុប​នឹង​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ក្នុង​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា​បន្ត​ទៀត ដើម្បី​សម្រេច​ចក្ខុវិស័យ​ប្រែក្លាយ​ប្រទេស​កម្ពុជា ទៅ​ជា​ប្រទេស​ដែល​មាន​ចំណូល​មធ្យម​កំរិត​ខ្ពស់​នា​ឆ្នាំ​២០៣០​។​

​លោក​រដ្ឋមន្ត្រី​កសិកម្ម បាន​ធ្វើ​ការណែនាំ​ដល់​គ្រប់​ភាគី​ពាក់ព័ន្ធ ឲ្យ​ផ្តោតជាសំខាន់​នូវ​សុខទុក្ខ បញ្ហា​ប្រឈម និង​ជីវភាព​របស់​ប្រជាកសិករ តាមរយៈ​រៀបចំ​ផែនការ​ពង្រឹង​សមត្ថភាព និង​បង្កើន​ប្រាក់ចំណូល​របស់​កសិក​រ ឲ្យស្រប​ទៅនិង​កំណើន​សេដ្ឋកិច្ចជាតិ និង​ជា​ពិសេស​សម្រាប់​ឆ្នាំ ២០៣០ ដែល​ប្រទេស​កម្ពុជា រំពឹងថា​នឹង​ក្លាយទៅជា​ប្រទេស ដែល​មាន​ចំណូល​មធ្យម​កំរិត​ខ្ពស់​។​

​គម្រោង​កម្មវិធី​ជំរុញ​កំណើន​វិស័យ​កសិកម្ម ប្រកបដោយ​ចីរភាព និង​បរិយា​ប័ន្ន អនុវិស័យ​ជលផល និង​អនុវិស័យ​ផលិតកម្ម​សត្វ គឺជា​ជំនួយ​ហិរញ្ញប្បទាន​ឥត​សំណង របស់​សហភាព​អឺរ៉ុប ដែល​មាន​ទឹកប្រាក់​សរុប ២៦​លាន​អឺរ៉ូ ដើម្បី​អនុវត្ត​ពី​ឆ្នាំ​២០១៣ ដល់​២០១៨ ក្នុង​គោលបំណង​ជំរុញ​កំណើន​សេដ្ឋកិច្ច​សង្គម ប្រកបដោយ​ចីរភាព តាមរយៈ​ការអភិវឌ្ឍន៍​អនុវិស័យ​ជលផល និង​អនុវិស័យ​ផលិតកម្ម​សត្វ ដែល​មាន​ការគាំទ្រ​យ៉ាង​ពេញលេញ​ពី​រាជរដ្ឋាភិបាល​កម្ពុជា សង្គម​ស៊ីវិល និង​ដៃគូរ​អភិវឌ្ឍន៍​នានា ដោយ​ឈរ​លើ​មូលដ្ឋាន​គោលការណ៍​កម្មវិធី​យុទ្ធសាស្ត្រ (Programme-Based Approach-PBA)​។​

​ក្នុងនោះ​អនុវិស័យ​ផលិតកម្ម​សត្វ នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ទទួល​បាន​ជាង​៧​លាន​អឺរ៉ូ ដើម្បី​អភិវឌ្ឍ និង​ធ្វើឲ្យ​ប្រសើរ​ទ្បើង​នូវ​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ដោយ​ផ្តោត​លើ​លទ្ធផល​រំពឹងទុក​ចំនួន​៣ ជា​សំខាន់​ដែល​បាន​និង​កំពុង​អនុវត្ត​ទូទាំង​២៥ រាជធានី​ខេត្ត​គឺ​៖ ការពង្រឹង​ប្រព័ន្ធ​ផលិតកម្ម​សត្វ និង​គ្រប់គ្រង​ស្ថាប័ន ការពង្រឹង​បណ្តាញ​ភ្នាក់ងារ​សុខភាព​សត្វ​ភូមិ និង​ការគាំទ្រ​ដល់​អ្នក​ចិញ្ចឹមសត្វ​ខ្នាត​តូច​។​

​កម្មវិធី​ប្រគល់​រង្វាន់​ដល់​អ្នក​ទទួល​ជ័យលាភី គឺជា​អ្នក​ចិញ្ចឹមសត្វ​ឆ្នើម ជា​ផ្នែក​មួយ​នៃ​គម្រោង​កម្មវិធី ដែល​បាន​ប្រឡង​ជ្រើសរើស និង​លើកទឹកចិត្ត​ដល់​អ្នក​មាន​ស្នាដៃ​ឆ្នើម ក្នុងការ​ចិញ្ចឹមសត្វ និង​ដាំ​ដំណាំ​ចំណី​សត្វ ក្នុង​គោលបំណង​ប្រែក្លាយ​គាត់​ឲ្យ ទៅ​ជា​អ្នក​ចិញ្ចឹមសត្វ​ជា​លក្ខណៈ​ពាណិជ្ជកម្ម និង​ជា​គំរូ​ដល់​កសិករ​ដទៃ​បន្តទៀត​។​

​ក្នុងឱកាស​នោះ លោក ច​ច អី​ហ្គាដ អគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា បានបញ្ជាក់​ថា ក្នុង​វិស័យ​កសិកម្ម អនុវិស័យ​ចិញ្ចឹមសត្វ គឺជា​អនុវិស័យ​ដ៏​មាន​សារសំខាន់​បន្ទាប់ ពី​វិស័យ​ដំណាំ​ស្រូវ​នៅ​កម្ពុជា និង​ជា​ចលនា​សំខាន់​ក្នុង​ការបង្កើន​ការងារ ប្រាក់ចំណូល និង​កាត់បន្ថយ​ភាពក្រីក្រ​។ លោក​ក៏​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​សម្មភាព និង​ភាព​គាំទ្រ​ពី​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ ជា​ពិសេស​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ដែល​បាន​ចូលរួម​យ៉ាង​សកម្ម និង​មាន​ប្រសិទ្ធភាព​ក្នុង​ការអនុវត្ត​គម្រោង ឲ្យទទួល​បាន​លទ្ធផល​ជា​ផ្លែផ្កា​។​

​នៅក្នុង​គម្រោង​កម្មវិធី​នេះ បាន​បង្កើត​ការ​ចិញ្ចឹម​មាន់​បង្ហាញ​បាន​ចំនួន ១១១​កន្លែង ដែល​បាន​សាយភាយ​ដល់​ជាង ១៣០០​គ្រួសារ​បន្ថែម​ស្មើ​នឹង​មាន់ ៥២២១៧​ក្បាល​។ បង្កើត​ការចិញ្ចឹម​ជ្រូក​បង្ហាញ​បាន​១០០​កន្លែង និង​បាន​សាយភាយ​ដល់​ជាង ៤០០​គ្រួសារ​បន្ថែម​ស្មើនឹង​ជ្រូក ៣៦០​ក្បាល​។​

​កម្មវិធី​ក៏បាន​ផ្តោត​លើ​ការដាំ​ស្មៅ បង្ហាញ​សម្រាប់​ចំណី​សត្វ​ផងដែរ ដោយ​បាន​បង្កើត​បាន​ចំនួន ២០០​កន្លែង​ដល់​ជាង ៤២០​គ្រួសារ​ស្មើនឹង ៩៣៥២​ហិកតា​។ ធ្វើ​ការកែលម្អ​អនាម័យ​សត្តឃាតដ្ឋាន​បាន​១៥៥​កន្លែង ការចាក់​ថ្នាំ​វ៉ាក់សាំង​បង្ការ​សត្វ ធ្វើ​ជីវៈ​សុវត្ថិភាព ត្រួតពិនិត្យ​សុវត្ថិភាព​សត្វ និង​សាច់ ការ​បង្កាត់​ពូជ​គោ និង​ជ្រូក​សិប្បនិម្មិត​ក៏បាន​អនុវត្ត​យ៉ាង​មាន​ប្រសិទ្ធភាព​ផងដែរ​។​

​ការ​ចិញ្ចឹម​មាន់​បាន​ផ្លាស់ប្ដូរ​ជីវភាព​រស់នៅ​របស់​កសិករ ។ “​ដោយ​អនុវត្ត​បច្ចេកទេស​ថ្មី​ទាំងនេះ​សម្រាប់ ការជ្រើសរើស​ពូជ​សត្វ និង​ការផ្ដល់​វ៉ាក់សាំង​បង្ការ​ជំងឺ​ជា​ដើម យើង​អាច​រក​ប្រាក់ចំណេញ​បាន​ច្រើន​ជាង​មុន ពោល​គឺ​ប្រហែល ៧០ ទៅ ៨០%​ប្រសើរ​ជាង​ការប្រើ​បច្ចេកទេស​ចិញ្ចឹម​តាមរបៀប​ចាស់​” នេះ​ជា ប្រសាសន៍​របស់​លោក ចំ​ណាក់ ជា​កសិករ​មួយ​រូប​ក្នុងចំណោម​កសិករ​ជាច្រើនរូប នៅ​ភូមិ​ដា ខេត្ត​ក្រចេះ ដែល​បាន​ទទួល​ផល​ពី​គម្រោង​ដែល​គាំទ្រ​ដោយ​សហភាព​អឺរ៉ុប ៕