កាល​ពីថ្ងៃ​ម្សិលមិញ លោក​រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន តារ៉ូ កូណូ (Taro Kono) បង្ហាញ​ក្តី​បារម្ភ និង​ការ​ខកចិត្ត​ចំពោះ​លទ្ធផល​នៃ​ការ​បោះឆ្នោត​នៅ​ក្នុង​ប្រទេស​កម្ពុជា។​ ជាការ​បោះឆ្នោត ដែល​លោក​កត់​សម្គាល់​ឃើញ​ថាមាន​សន្លឹក​ឆ្នោត​មិន​បាន​ការ​ច្រើន។ នេះ​ជា​ការ​លើក​ឡើង​ថ្មី​ចុង​ក្រោយ​មួយ​បន្ទាប់​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​របស់​ជប៉ុន​ក៏វាយ​តម្លៃ​ការ​បោះឆ្នោត​នៅ​កម្ពុជា​ប្រហាក់​ប្រហែល​គ្នា​នេះ​ដែរ។

ក្នុង​ជំនួប​ជា​មួយ​លោក ប្រាក់ សុខុន រដ្ឋ​មន្ត្រី​ការបរទេស​កម្ពុជា កាល​ពី​ថ្ងៃ​ទី០៤ ខែ​សីហា នៅ​ប្រទេស​សិង្ហបុរី លោក តារ៉ូ កូណូ រដ្ឋ​មន្ត្រី​ការបរទេស​ជប៉ុន​បាន​បង្ហាញ​ការ​ខក​ចិត្ត​ចំពោះ​លទ្ធផល​នៃ​ការ​បោះឆ្នោត​នៅ​ក្នុង​ប្រទេស​កម្ពុជា កាល​ពី​ថ្ងៃ​ទី២៩ ខែ​កក្កដា​។ លោក​កត់សម្គាល់​ថា​សន្លឹក​ឆ្នោត​ជា​ច្រើន​ត្រូវ​បាន​ចាត់​ទុក​ជា​សន្លឹក​ឆ្នោត​មិន​បាន​ការ ទោះ​បីជា​ជប៉ុន​បាន​ផ្តល់​ជំនួយ​ជា​បន្ត​បន្ទាប់ ដើម្បី​គាំទ្រ​ដល់​ការ​បោះ​ឆ្នោត និង​ធ្វើ​ឲ្យ​ប្រាកដ​ថា​ការ​បោះ​ឆ្នោត​នេះ​ស្រប​តាម​ឆន្ទៈ​របស់​ពលរដ្ឋ​កម្ពុជា​ក៏​ដោយ​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​ដោយ​សារ​ព័ត៌មាន​ជប៉ុន NHK នៅ​ថ្ងៃទី​០៥ ខែ​សីហា​នេះ។

បើ​តាម​លទ្ធផល​បឋម​នៃ​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ នីតិ​កាលទី៦ ដែល​ប្រកាស​ដោយ​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត (គ.ជ.ប) មាន​ពលរដ្ឋ​ប្រមាណ​៨២,៨៩​ភាគរយ​បាន​ចេញ​ទៅ​បោះ​ឆ្នោត​។ សេចក្តី​ប្រកាស​ដដែល​ក៏​បាន​ឲ្យ​ដឹង​ថា ចំនួន​សន្លឹក​ឆ្នោត​មិន​បាន​ការ​មាន​ប្រមាណជិត​៦០ម៉ឺន​សន្លឹក​។

យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ជប៉ុន​ដដែល រដ្ឋ​មន្ត្រី​ការ​បរទេស​ជប៉ុន លោក តារ៉ូ កូណូ បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ធ្វើ​ឲ្យ​មាន​ដំណើរ​ការ​លទ្ធិ​ប្រជាធិបតេយ្យ ដូច​ជា​បង្កើត​ឲ្យ​មាន​បរិយាកាស​នយោបាយ​ល្អ ដែល​អាច​អនុញ្ញាត​ឲ្យ​មាន​ការ​ជជែក​គ្នា​ជា​មួយ​គណបក្ស​ប្រឆាំង​ឡើង​វិញ​។

ជា​ការ​ឆ្លើយ​តប លោក ប្រាក់ សុខុន រដ្ឋ​មន្ត្រី​ការបរទេស​កម្ពុជា លើក​ឡើង​ថា​ប្រទេស​កម្ពុជា​បាន​អនុវត្ត​ការបោះ​ឆ្នោត​តាម​បែប​ប្រជាធិប​តេយ្យ​។ នេះ​បើ​តាម​ការ​ដក​ស្រង់​របស់ ​NHK ។

ភ្លាមៗ នៅ​ក្រោយ​ការ​បោះ​ឆ្នោត កាល​ពីថ្ងៃទី​២៩ ខែ​កក្កដា សហគមន៍​អន្តរ​ជាតិ ដែល​មាន​សហរដ្ឋ​អាមេរិក សហភាព​អឺរ៉ុប កាណាដា អូស្រ្តាលី បារាំង អង់គ្លេស ជាដើម​ បាន​ចោទ​ជា​សំនួរ​ចំពោះ​ភាព​ត្រឹម​ត្រូវ​នៃ​ការ​បោះ​ឆ្នោត​នេះ​ ខណៈ​មិន​មាន​វត្តមាន​អតីត​គណបក្ស​ប្រឆាំង ហើយ​មេដឹក​នាំ​គណបក្ស​នេះ​ត្រួវ​បាន​អាជ្ញាធរ​ឃុំឃាំង​ក្នុង​ពន្ធនាគារ​។

សូម​ជម្រាប​ជូន​ថា ជំនួប​ទ្វេភាគី​រវាង​លោក ប្រាក់ សុខុន រដ្ឋ​មន្ត្រី​ការ​បរទេស​កម្ពុជា និង លោក តារ៉ូ កូណូ រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន​បាន​ធ្វើ​ឡើង នៅ​ក្នុង​ឱកាស នៃ​កិច្ចប្រជុំ​រដ្ឋ​មន្រ្តី​ការ​បរទេស​អាស៊ាន និង​កិច្ច​ប្រជុំ​ពាក់​ព័ន្ធ នៅ​សិង្ហបុរី ដែល​ប្រព្រឹត្ត​ទៅ​ពីថ្ងៃទី ៣០ ខែកក្កដា ដល់​ថ្ងៃទី ០៤ ខែ​សីហា ឆ្នាំ​២០១៨។ ជា​ជំនួប ដែល​ធ្វើ​ឡើង​នៅ​ក្រោយ​ការ​បោះឆ្នោត​នៅ​កម្ពុជា ដែល​មាន​ការ​អះអាង​ថា​គណបក្ស​កាន់​អំណាច​នឹង​គ្រប់​គ្រង​អាសនៈ​លើសលប់​ក្នុង​សភា​៕ ប្រភព៖ RFI