ភ្នំពេញ —នៅ​ពេល​គណបក្ស​កាន់​អំណាច​របស់​លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន សែន​ ​ត្រូវ​គេ​រំពឹង​ថា​អាច​នឹង​កាន់កាប់​អាសនៈ​សភា​ស្ទើរ​ទាំងអស់​ ក្នុង​ការ​បោះឆ្នោត​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​នោះ ​ការ​ព្យាករណ៍​នា​នា​ពី​ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​ថា​ ​កម្ពុជា​អាច​នឹង​ក្លាយ​ជា​រដ្ឋ​ដឹកនាំ​ដោយ​គណ​បក្ស​តែមួយ​នោះ​ ​ទំនង​នឹង​ក្លាយ​ជា​រឿង​ពិត។



​ក៏​ប៉ុន្តែ​ក្រុម​សហជីព​ដែល​ធ្វើ​ការ​បម្រើ​ប្រយោជន៍​កម្មករ​ ​និង​ពលករ បាន​ផ្ដល់​ការ​អធិប្បាយ​ដោយ​ប្រយ័ត្នប្រយែង​ថា​ ​ប្រសិន​បើ​ប្រទេស​កម្ពុជា​ជ្រើសរើស​យក​ការដឹកនាំ​រដ្ឋ​ដោយ​មាន​គណបក្ស​តែមួយ​ដូច​អ្វី​ដែល​កំពុងកើតឡើង​នៅ​ប្រទេស​ចិន​មែន​នោះ​ ​អ្នក​ទទួល​ផល​ប្រយោជន៍​ពី​របប​នៃ​ការ​ដឹកនាំ​នេះ​ ​មិនមែន​ជា​ពលរដ្ឋ​សាមញ្ញ​ទូទៅ​នោះ​ទេ។

លោក​ រ៉ុង ឈុន​ ​ប្រធាន​សហភាព​សហជីព​កម្ពុជា មាន​ប្រសាសន៍​ក្នុង​សប្ដាហ៍​នេះ​ថា​ ​របប​ដឹក​នាំ​ដោយ​បក្ស​តែ​មួយ​នេះ​ នឹង​មិន​ផ្ដល់​ផល​ចំណេញ​ដល់ប្រទេស​ជាតិ​ទាំងមូល​នោះ​ឡើយ ហើយ​កម្ពុជា​ក៏​អាច​រង​ការ​ហ៊ុម​ព័ទ្ធ​ខាង​ហិរញ្ញវត្ថុ​ពី​ប្រទេស​នៅ​បស្ចិម​លោក​ផង​ដែរ។

«យើង​មើល​ឃើញ​ថា​ វា​មិនមែន​ជា​ផលប្រយោជន៍​ខ្មែរ​ មិនមែន​ជា​ផលប្រយោជន៍​ជាតិ​នោះ​ទេ​ គ្រាន់​តែ​ជា​ផល​ប្រ​យោជន៍​របស់​មនុស្ស​មួយ​ក្រុម​តូច។ ហើយ​បើ​សិន​ជា​សហគមន៍​អឺរ៉ុប សហរដ្ឋ​អាមេរិក​ និង​ជប៉ុន​ អូស្ត្រាលី​ កាណាដា​ បារាំង​ អី​សព្វ​បែប​យ៉ាង​ហ្នឹង​ដែល​គេ​ដាក់​សម្ពាធ​ ឡោមព័ទ្ធ​សេដ្ឋកិច្ច​ ប្រទេស​កម្ពុជា​យើង​ ដែល​ប៉ះពាល់ដល់​ប្រជាពលរដ្ឋ​ធ្ងន់ធ្ងរ​ ហើយ​ប្រទេស​យើង​នៅ​ពេល​ហ្នឹង​ នឹង​ប្រឈម​នូវ​រាល់​បញ្ហា​សព្វ​បែប​យ៉ាង​ហើយ​បាទ»។​

លោក​ ​រ៉ុង ឈុន​ ​មិន​បាន​បញ្ជាក់​ថា ក្រុម​តូច​ដែល​នឹង​ទទួល​ផល​ប្រយោជន៍​ពី​ការ​ដឹក​នាំ​បែប​ឯក​បក្ស​នេះ​ ​ថា​ជា​ក្រុម​ណា​នោះ​ទេ។ តែ​នៅ​ប្រទេសកម្ពុជាក្រុម​គ្រួសារ​លោក​នាយក​រដ្ឋ​មន្ត្រីហ៊ុន សែន ត្រូវ​គេ​ដឹង​ថា​ ជាគ្រួសារ​ដែល​មាន​ឥទ្ធិពល​ខ្លាំង​ទាំង​ខាង​សេដ្ឋកិច្ច​ សង្គម​ និង​នយោបាយ។

របាយការណ៍​របស់​អង្គការ​ Global Witness​ ​ចេញផ្សាយ​កាល​ពី​ឆ្នាំ​២០១៦​ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ ​ក្រុម​គ្រួសារ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ ​បាន​កាន់កាប់​ទ្រព្យសម្បត្តិ​រាប់​រយ​លាន​ដុល្លារ ដែល​បាន​មក​ពី​ការ​ធ្វើ​ជំនួញ​ជាង​១០​០មុខ រាប់​តាំង​ពី​របរ​អចលនទ្រព្យ រហូតដល់​វិស័យ​ថាមពល។

លោក​ ​ឃុន ថារ៉ូ​ ​មន្ត្រី​សម្របសម្រួល​ការងារ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​ការងារ​និង​សិទ្ធិ​មនុស្ស ​ហៅ​កាត់​ថា​ ​អង្គការ​សង់ត្រាល់​ (Central) ​មានប្រសាសន៍​កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ​ថា​គ្មាន​ចំណុច​វិជ្ជមាន​ណា​មួយ​សម្រាប់​ការ​ឆ្ពោះ​ទៅ​របៀបរបប​ដឹកនាំ​ ដោយ​បក្ស​តែ​មួយនៅ​កម្ពុជា។​

«​វា​មិនមែន​ជា​ជម្រើស​មួយ​ដែល​មាន​ ដើរ​ទៅ​ក្នុង​លក្ខណៈ​ផ្លូវ​វិជ្ជមាន​នោះទេ»។​

លោក​ថា​ប្រទេស​កម្ពុជា​អាច​នឹង​រង​ឥទ្ធិពល​ខ្លាំង​ខាង​នយោបាយ​ភូមិសាស្ត្រ​របស់​ចិន​ ដែល​អាច​ធ្វើ​ឲ្យ​ប្រទេស​ដែល​ធ្លាប់​ហែកហួរ​ដោយ​សង្គ្រាម​ក្នុង​ស្រុក​មួយ​នេះ​ ធ្លាក់​ទៅ​ក្នុង​អាណានិគម​បែប​ទំនើប​មួយ។​ ​លោក​ ​ឃុន ថារ៉ូ​ ​មានប្រសាសន៍​ថា​៖

«ទាក់​ទង​ទៅ​នឹង​ភូមិសាស្ត្រ​នយោបាយឥទ្ធិពល​នៅ​ក្នុង​ការ​គ្រប​ដណ្ដប់​ពីសំណាក់​ប្រទេស​មហាអំណាច​ ជាពិសេស​ចិន​ហ្នឹង​នៅ​ក្នុង​ការ​ដើរ​តួ​ហើយ​នៅ​ក្នុង​ការ​មាន​ឥទ្ធិពល​ខ្លាំង​នៅ​ក្នុង​បរិបថ​នៅ​ក្នុង​ប្រ​ទេស​កម្ពុជា។​ អ៊ីចឹង​ បើ​ចំពោះ​ខ្ញុំ​ ខ្ញុំ​គិត​ថា​ វា​អាច​ទៅ​ជា​ modern ​អាណានិគម​ មានន័យថា​ការ​ដាក់​អាណានិគម​ជំនាន់​ថ្មី​មួយ​ដែល​យើង​មើល​ឃើញ​ថា រាជរដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា​ហ្នឹង​ ហាក់​ដូច​ជា​ងាក​ទៅ​រក​ចិន​ខ្លាំង»។

នៅ​ក្រោយ​ការ​បោះឆ្នោត​ដែល​គ្មាន​គណបក្សប្រឆាំង​កាល​ពី​ថ្ងៃ​អាទិត្យ​ មាន​តែ​ក្រុម​មន្ត្រីរបស់​ប្រទេស​ចិន​កុម្មុយនិស្ត ដែល​ជា​សម្ព័ន្ធ​មិត្ត​ស្អិតល្មួត​របស់​កម្ពុជា​ ​ត្រូវ​គេ​រាយការណ៍​ថា បាន​អបអរ​ដល់​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ ​ថា​ធ្វើឡើង​ដោយ​ជោគជ័យ។

លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន សែន​ ​ថ្មីៗ​នេះ ក៏បាន​ប្រកាស​ពី​ការ​ដឹក​នាំ​ប្រទេស​បន្ត​ក្នុង​រយៈ​ពេល ៥​ឆ្នាំ​ទៀត​ បន្ថែម​ទៅ​លើ​ការ​គ្រប់គ្រង​ប្រទេស​របស់​លោក​រយៈ​ពេល​៣៣​ឆ្នាំ​កន្លង​មក។ ​

ប៉ុន្តែ​ប្រទេស​ប្រជាធិបតេយ្យ​ធំៗ​ រួមមាន​សហរដ្ឋ​អាមេរិក​ ​និង​សហភាព​អឺរ៉ុប​ ​បាន​សំដែង​ការ​ខក​ចិត្ត​ ​និង​រិះគន់​ចំពោះ​ការ​បោះឆ្នោត​ដែល​គ្មាន​វត្តមាន​គណបក្ស​សង្គ្រោះ​ជាតិ​ ​ដែល​ត្រូវ​បាន​រដ្ឋាភិបាល​លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន សែន​ ​រំលាយ​ចោល​កាល​ពី​ឆ្នាំ​មុន។​

សហរដ្ឋ​អាមេរិក បាន​ព្រមាន​ចាត់​វិធាន​ការ​ទិដ្ឋាការ​បន្ថែម​លើ​កម្ពុជា​ រីឯ​សហភាព​អឺរ៉ុប​បាន​ចាត់​ទុក​ថា​ ការបោះឆ្នោត​ថ្មីៗនេះ​ «ខ្វះ​ភាព​ដែល​អាច​ជឿ​ទុក​ចិត្ត​បាន»។ អនុប្រធាន​គណៈកម្មាធិការ​ទទួលបន្ទុក​សិទ្ធិមនុស្ស​របស់​សភា​សហភាព​អឺរ៉ុប ក៏​បាន​ថ្លែង​អំពី​ការ​ធ្វើទុក្ខបុកម្នេញ​លើ​មេដឹកនាំ​ និង​ក្រុម​មន្ត្រី​គណបក្សប្រឆាំង​ និង​ទាមទារ​ឲ្យ​ក្រុម​មន្ត្រី​របស់​សហភាព​អឺរ៉ុប​ទទួលបន្ទុក​សេវា​កិច្ចការ​បរទេស​ ឲ្យ​ពិនិត្យ​ឡើងវិញ​នៃ​ការ​គោរព​សិទ្ធិមនុស្ស​របស់​កម្ពុជា​ដែល​ត្រូវ​បាន​តម្កល់​ ដើម្បី​ជា​ថ្នូរ​នឹង​ការ​ទទួល​បាន​កិច្ច​អនុគ្រោះ​ពន្ធ​នាំ​ចូល​ទំនិញ​ទៅ​សហភាព​អឺរ៉ុប។

មុន​ប្រតិកម្ម​របស់​ក្រុម​ប្រទេស​នៅ​បស្ចិម​លោក​នេះ​ ​អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្សHuman Rights Watch និយាយ​ថា​ ​ការ​បោះឆ្នោត​ថ្ងៃទី២៩​ ខែ​កក្កដា​ បាន​បដិសេធ​ចោល​សិទ្ធិ​របស់​ប្រជា​ពល​រដ្ឋ​ខ្មែរ​ដែល​ត្រូវ​បាន​ការពារ​ជា​អន្តរជាតិ​ ដើម្បី​ជ្រើសរើស​រដ្ឋាភិបាល​របស់​ពួកគេ។​

ចំណែក​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​មួយ​ផ្សេង​ទៀត​ គឺ​សហព័ន្ធ​អន្តរ​ជាតិ​ដើម្បី​សិទ្ធិ​មនុស្ស​ហៅ​កាត់​ថា​ IFDHR​ ​បាន​និយាយ​ថា ការ​បោះឆ្នោត​ប្រទេស​កម្ពុជា​ ជា​ដំណើរការ​គៃបន្លំ​ ដែល​គេ​តាក់តែង​ឡើង​ ដើម្បី​ឲ្យ​របប​ផ្ដាច់ការ​លោក​ ​ហ៊ុន​ សែន​ បាន​បន្ត​ទៅ​មុខ​ទៀត​ និង​ធ្វើឲ្យ​ប្រទេស​កម្ពុជា​ធ្លាក់​ចូល​កាន់​តែ​ជ្រៅ​ទៅ​ក្នុង​សេចក្ដី​វេទនា ​និង​ការ​គាប​សង្កត់​បន្ថែម​ទៀត។

លោក​ ​ប្រេដ អាដាមស៏​ ​(Brad Adams)​នាយក​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​បាន​និយាយ​ថា៖​«ចាប់​តាំង​តែ​ពី​ថ្ងៃ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​រំលាយ​ចោល​រួច​មក​នោះ​ ការ​បោះ​ឆ្នោត​នេះ​ ក្លាយ​ជា​រឿង​ចំអក​ដល់​លទ្ធិ​ប្រជាធិបតេយ្យ​ ហើយ​ជា​ជ័យ​ជម្នះ​ដែល​បាន​កំណត់​ទុក​មុន​រួច​ជា​ស្រេច​សម្រាប់​គណបក្ស​កាន់​អំណាច។ ឥឡូវ​នេះ​ វា​ស្រេច​តែ​ទៅ​លើ​ប្រទេស​ដែល​ផ្តល់​ការ​តាំងចិត្ត​ខ្ពស់​ទៅ​រក​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ ឆ្នាំ​១៩៩១​ ដើម្បី​ជួយ​ស្តា​ឡើងវិញ​នូវ​លទ្ធិ​ប្រជាធិបតេយ្យ​ពិតប្រាកដ​ដល់​ប្រទេស​កម្ពុជា​ ឬ​ក៏​ត្រូវ​ទទួល​យក​ផល​វិបាក​ខាង​សិទ្ធិមនុស្ស​របស់​រដ្ឋ​ដឹកនាំ​ដោយ​គណបក្ស​តែ​មួយ​នោះ»។​

លោក​ ​អាត់ ធន់ ​ប្រធាន​សហភាព​ការងារ​កម្ពុជា​ ប្រាប់​ ​VOA​ ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ ជា​រឿង​ដែល​ពិបាក​ ​ក្នុង​ការ​ប៉ាន់​ស្មាន​ជំហរ​របស់​សហភាព​អឺរ៉ុប​ចំពោះ​ការ​ផ្ដល់​កិច្ច​អនុគ្រោះ​ពន្ធ​ដល់​ទំនិញ​កម្ពុជា​ ក្នុង​ករណី​ដែល​កម្ពុជា​ សម្រេចចិត្ត​ដើរ​ចេញ​ពី​គន្លង​ប្រជាធិបតេយ្យ​ ហើយ​ឈោង​ចាប់​យក​ប្រព័ន្ធ​ដឹកនាំ​រដ្ឋ​ដោយ​បក្ស​តែ​មួយ ដូច​អ្វី​ដែល​បាន​កើតឡើង​នៅ​ប្រទេស​ចិន​ និង​ប្រទេស​វៀតណាម ដែល​នៅ​កៀក​នឹង​កម្ពុជា។ ​

​លោក​មាន​ប្រសាសន៍​ថា៖​

«រឿង​នេះ​ សុទ្ធតែ​ជា​ការពិបាក​ចំពោះ​យើង​ យើង​ឃើញ​នៅ​ក្នុង​សហគមន៍​អឺរ៉ុប​គឺ​មាន​ការ​ផ្ដល់​ទាំង​រដ្ឋាភិបាល​ចម្រុះ​ ប្រជាធិបតេយ្យ​ ហើយ​និង​រដ្ឋាភិបាល​ដឹកនាំ​បក្ស​តែ​មួយ​ ឬ​ក៏​ស្អី​ គេ​មាន​ការ​ផ្ដល់​ ប៉ុន្តែ​គ្រាន់​តែថា​លក្ខខណ្ឌ​របស់​គេ​ ដូច​ផ្សេងៗ​គ្នា​ វា​មិនមែន​រដ្ឋាភិបាល​តែមួយ​ គេ​ឲ្យ​មិន​បាន​ទេ​ណា»។​

លោក​មាន​ប្រសាសន៍​បន្ត​ដោយ​លើក​ឡើង​ ពី​ប្រទេស​វៀតណាម​ ដែល​មាន​រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណ​បក្ស​តែមួយ​ ​តែ​ធ្លាប់​បាន​ទទួល​ការ​អនុគ្រោះ​ពន្ធ។

«ឧទាហរណ៍​ ដូច​នៅ​វៀតណាម​ កាល​មុន​ក៏​វា​មាន​ការ​អនុគ្រោះ​ អី​ខ្លះ​ ហើយ​នៅ​ប្រទេស​ខ្លះ​ទៀត​គឺ​ វា​អត់​ប្រជាធិបតេយ្យ​ ខ្លះ​ក៏​គេ​ឲ្យ​ខ្លះ​ដែរ​ ដូចជា​ប្រទេស​មួយ​ចំនួន ដែល១៤​ប្រទេស​ ដែល​គេ​មើល​ឃើញ​ថា​ គេ​ប្ដេជ្ញា​ចិត្ត​អ៊ីចឹង​។ តែ​ប្រទេស​កម្ពុជា​យើង​ គឺ​យើង​ប្ដេជ្ញា​ចិត្ត​ប្រជាធិតយ្យ​ យើង​បាន​ធ្វើ​ការ​ងារ​ហ្នឹង​ ហើយ​ខ្ញុំ​មិន​ដឹង​ថា​ គេ​នៅ​ផ្ដល់​លក្ខខណ្ឌ​ណា​ឲ្យ​ទេ​។ ហើយ​បើ​សិន​ជា​ គេ​អាច​អនុគ្រោះ​ ឬ​គេ​ឲ្យ​លក្ខខណ្ឌ​ណា​ហ្នុង​ ​វា​ជា​ ជា​ជម្រើស​ហើយ​ តែ​បើ​សិន​គេ​មិន​ឲ្យ​ អា​ហ្នឹង​ វា​ជា​បញ្ហា»។

ទោះ​បី​ប្រទេស​នៅ​លោក​ខាង​លិច​ និង​សហភាព​អឺរ៉ុប បានបង្ហាញ​អន្តរាគមន៍​ទប់ស្កាត់​មិន​ឲ្យ​កម្ពុជា​ជ្រើសរើស​យក​លទ្ធិប្រជាធិបតេយ្យ​ក្លែងក្លាយ​ដែល​ប្រាស់​ចាក​ពី​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១​ដោយ​ការ​ទាមទារ​ឲ្យ​មាន​ការ​ចូលរួម​របស់​គណបក្ស​ប្រឆាំង​នៅ​ក្នុង​ការបោះឆ្នោត​កាល​ពី​ថ្ងៃ​អាទិត្យ​ក្តី​ ប្រទេស​ចិន​ដែល​មាន​គណបក្ស​កុម្មុយនិស្ត​មួយ​គត់​សម្រាប់​ដឹក​នាំ​រដ្ឋ​នោះ​ បាន​ចេញមុខ​អបអរ​ជោគ​ជ័យ​របស់​គណបក្ស​កាន់​អំណាច​ក្នុង​ការ​បោះឆ្នោត​លើក​ទី​ប្រាំ​មួយ​នេះ។

កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ​នេះ​ លោក វ៉ាង យី​ (Wang Yi) រដ្ឋមន្ត្រី​ការបរទេស​ចិន​បាន​ព្រមាន​ជន​បរទេស កុំឲ្យ​លូក​លាន់​ចូល​កិច្ច​ការ​ផ្ទៃ​ក្នុង​របស់​កម្ពុជា​ ហើយ​ថា​លទ្ធផល​បោះឆ្នោត​បង្ហាញ​ពី​«ការ​បញ្ជាក់​និង​ការ​ជឿ​ទុក​ចិត្ត​»​ របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​លើរដ្ឋបាល​របស់​គណបក្ស​ប្រជាជន។​

នៅ​ក្រោម​ក្រសែភ្នែក​របស់​អ្នក​វិភាគ​ ប្រទេស​កម្ពុជា​ បាន​ផ្ញើ​ជោគ​វាសនា​របស់​ខ្លួន​ទៅលើ​ចិន​រួច​ទៅ​ហើយ​ ក្រោយ​ប្រទេស​នេះ បាន​ទោរទន់​ទៅ​រក​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​ក្នុង​បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង​ និង​ការ​ផ្អាក​សម​យុទ្ធ​យោធា​នានា​ជាមួយ​សហរដ្ឋ​អាមេរិក​ ហើយ​ងាក​ទៅ​រឹត​ចំណង​យោធា​កាន់​តែ​ខ្លាំង​ជាមួយ​ប្រទេស​ចិន។

ដំណើរ​ទៅ​រក​គន្លង​នៃ​ការ​ដឹក​នាំ​ប្រទេស​ដោយ​គណបក្ស​នយោបាយតែ​មួយ​នោះ​ ក៏​ត្រូវ​បាន​បញ្ជាក់​ដោយ​លោក​ ​សាយ​ សំអាល់​ ​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ ដែល​បាន​ផ្ដល់​គំនិត​ក្នុង​បទ​វិភាគ​មួយ​លើ​ទំព័រ​កាសែត​រស្មី​កម្ពុជា​ ​ថា​ ​សភា​ខ្មែរ​អាច​មាន​បក្ស​តែមួយ​ ឬទ្វេ​បក្ស​ទៅតាម​សំឡេង​គាំទ្រ​របស់​ពលរដ្ឋ។

សម្រាប់​លោក​ ​រ៉ុង ឈុន​ ​អតីត​សមាជិក​គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត​ ហៅ​កាត់​ថា​ (គ.ជ.ប)​ ​មក​ពី​កូតា​គណបក្ស​សង្គ្រោះ​ជាតិ​ ​បាន​ប្រមើល​មើល​ពី​កលិយុគ​ដែល​អាច​កើត​មាន​ក្នុង​ប្រទេស​កម្ពុជា ប្រសិនបើ​រដ្ឋាភិបាល​ប្រទេស​នេះ​ ​ពឹងផ្អែក​លើ​ខ្នង​ចិន​ ហើយ​ផ្ដាច់​ខ្លួន​ចេញ​ពី​ប្រ​ទេស​ប្រជាធិបតេយ្យ​ធំៗ​ ​ដែល​បាន​ខិតខំ​ជួយ​ឲ្យ​កម្ពុជា​ ​មាន​ការបោះឆ្នោត​បែប​ប្រជាធិបតេយ្យ​មួយ​កាល​ពី​២៥​ឆ្នាំ​មុន៕ ប្រភព៖ VOA