រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក Mike Pompeo បាន​បញ្ចប់​ដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅ​កាន់​តំបន់​អាស៊ី​អាគ្នេយ៍

មុន​ពេល​ចាកចេញ​ពី​ប្រទេស​ឥណ្ឌូណេស៊ី​នៅ​ថ្ងៃ​អាទិត្យ​នេះ លោក​បាន​ប្រាប់​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​លោក Joko Widodo ថា សហរដ្ឋ​អាមេរិក​ផ្ដល់​តម្លៃ​ដល់​ទំនាក់ទំនង​របស់​ខ្លួន​ជាមួយ​នឹង​ប្រទេស​ឥណ្ឌូណេស៊ី ដែល​ជា​ប្រជាធិបតេយ្យ​ដ៏​ធំ​បំផុត​មួយ​នៅ​លើ​ពិភពលោក។

កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ លោក Pompeo បាន​ជួប​ជាមួយ​នឹង​រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌូណេស៊ី​លោកស្រី Retno Marsudi។ អ្នក​ទាំង​ពីរ​បាន​ពិភាក្សា​គ្នា​អំពី​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី និង​ការ​ចូលរួម​បែប​ពហុ​ភាគី​នៅ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​សំខាន់ៗ​ផ្នែក​សន្តិសុខ​ក្នុង​តំបន់ ដូចជា​បញ្ហា​កូរ៉េ​ខាង​ជើង និង​បញ្ហា​ការ​ប្រឆាំង​អំពើ​ភេរវកម្ម ក៏​ដូចជា​បញ្ហា​គោល​នយោបាយ​ការបរទេស​នៃ​ផល​ប្រយោជន៍​រួម​គ្នា​ផង​ដែរ។

លោក Pompeo បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ប្រទេស​ឥណ្ឌូណេស៊ីពី​ប្រទេស​សិង្ហបុរី។ មុន​ពេល​ចាកចេញ​ពី​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​របស់​សមាគម​អាស៊ាន​នៅ​ក្នុង​ប្រទេស​សិង្ហបុរី លោក Pompeo បាន​ជួប​ជាមួយ​នឹង​រដ្ឋមន្ត្រី​ការបរទេស​មីយ៉ាន់ម៉ា​លោក Kyaw Tin និង​បាន​ស្នើ​ឲ្យ​ដោះលែង​អ្នក​កាសែត​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ពីរ​នាក់​ជា​បន្ទាន់។

លោក Pompeo បាន​ចុះ​ហត្ថលេខា​លើ​អនុសារណៈ​យោគយល់​គ្នា​ជាមួយ​នឹង​រដ្ឋមន្ត្រី​ការបរទេស​សិង្ហបុរី​លោក Vivian Balakrishnan អំពី​កម្មវិធី​បណ្ដុះបណ្ដាល​ប្រទេស​កំពុង​អភិវឌ្ឍ​រវាង​សហរដ្ឋ​អាមេរិក និង​សិង្ហបុរី ដែល​គាំទ្រ​ដល់​កិច្ច​ប្រឹងប្រែង​កសាង​សហគមន៍​ក្នុង​ចំណោម​បណ្ដា​ប្រទេស​អាស៊ាន​ទាំង ១០៕ ប្រភព៖ VOA