មន្រ្តី​ការទូត​ជាន់ខ្ពស់​ចិន​កាល​ពី​ថ្ងៃសៅរ៍​បាន​និយាយ​ថា​ ប្រទេសចិន​សង្ឃឹម​ថា​ ប្រទេស​អូស្តា្រលី​នឹង​មិន​ធ្វើ​ការ​ចោទ​ប្រកាន់​ដែល​គ្មាន​មូលដ្ឋាន​ទៅលើ​រដ្ឋាភិបាល​ក្រុងប៉េកាំង​នោះទេ​ ដែល​ការណ៍​នេះ​នឹង​ជួយ​ស្តារ​ទំនាក់ទំនង​របស់​ប្រទេស​ទាំងពីរ​ឲ្យ​ត្រឡប់​ទៅ​រក​ស្ថិរភាព​ និង​ស្ថានភាព​ប្រសើរ​ឡើង​វិញ។



ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​បាន​ចាប់ផ្តើម​ធ្លាក់ចុះ​ចាប់តាំង​ពី​ឆ្នាំ​មុន​មក​ ខណៈ​នាយក​រដ្ឋមន្រ្តី​អូស្តា្រលី​លោក​ Malcolm Turnbullបាន​ចោទប្រកាន់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ថា​បាន​ជ្រៀតជ្រែក​ចូល​ក្នុង​កិច្ចការ​នយោបាយ​អូស្រ្តាលី​រួមទាំង​បណ្តាញ​ផ្សព្វផ្សាយ​ សាលលវិទ្យាល័យនានា​ និង​នយោបាយ​ផងដែរ។ ប្រទេសចិន​បាន​ច្រាន​ចោល​ការ​ចោទប្រកាន់​ទាំងនេះ។

ការ​កំណត់​ពេលវេលា​នៃ​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្រ្តី​ការបរទេស​អូស្រា្តលី​លោកស្រី Julie Bishopទៅ​កាន់​ប្រទេសចិន​ ដើម្បី​ចូលរួមកិច្ចប្រជុំ​នានា​ដែល​ត្រូវ​បាន​រៀបចំ​ឡើង​ជា​ប្រចាំ​ចាប់តាំង​ពីឆ្នាំ២០១៤មក​នោះ​នៅ​មិន​ទាន់​មាន​ការបញ្ជាក់​នៅ​ឡើយ​នោះ​ទេ។ បើ​ទោះ​បី​ជា​អូស្រ្តាលី​បាន​ស្នើ​កាលបរិចេ្ឆទ​នៃ​កិច្ចប្រជុំ​នៅ​ខែឧសភា​ ហើយ​ជា​ធម្មតា​ដំណើរការ​នេះ​នឹង​ត្រូវ​ប្រើ​រយៈពេល​រាប់​សប្តាហ៍​យ៉ាង​ណា​ក៏​ដោយ។ នេះ​បើ​យោង​តាម​ប្រភពនានា​បាន​ប្រាប់​សារព័ត៌មាន Reutersកាល​ពី​ថ្ងៃពុធ​កន្លង​ទៅ។

រដ្ឋមន្រ្តី​ការបរទេស​ចិនលោក Wang Yiបាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​នៅ​ឯ​សន្និសីទ​តំបន់​ក្នុង​ប្រទេស​សិង្ហបុរី​យ៉ាង​ដូច្នេះ​ថា «យើង​សង្ឃឹម​ថា​តាម​រយៈ​កិច្ចប្រឹងប្រែង​របស់​ប្រទេស​ទាំងពីរ​ យើង​អាច​ត្រឡប់​ទៅ​រក​កិច្ចព្រមព្រៀង​ទ្វេភាគី​ដែល​ល្អ​ប្រសើរ​និង​មាន​ស្ថិរភាព​ឡើងវិញ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ»។

លោក​រដ្ឋមន្ត្រី​ការបរទេស​ចិន​បាន​ថ្លែង​បន្ទាប់​ពី​ជំនួប​ជាមួយ​រដ្ឋមន្រ្តី​ការបរទេស​អូស្រា្តលី​លោកស្រី Bishopថា«ដើម្បី​សម្រេច​បាន​ជោគជ័យ​នេះ​ យើង​សង្ឃឹម​ថា​ប្រទេស​អូស្រា្តលី​អាច​ធ្វើ​អ្វីៗ​ដើម្បី​ជា​ប្រយោជន៍ដល់​ការ​បង្កើន​ទំនុកចិត្ត​រវាង​ប្រទេស​ទាំង​ពីរ​ ហើយ​ប្រទេស​អូស្រា្តលី​នឹង​មិន​ដាក់​ការ​សង្ស័យ​ទៅលើ​ប្រទេស​ចិន​ដោយ​គ្មាន​មូលដ្ឋាន​នោះ​ទេ»៕ ប្រភព៖ VOA