លោក John Bolton ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​អាមេរិក​បាន​ថ្លែង​កាល​ពី​ថ្ងៃ​អាទិត្យ​ថា សហរដ្ឋអាមេរិក​មិន​ពាក់ព័ន្ធ​នឹង​ការ​ប៉ុនប៉ង​ធ្វើ​ឃាត​លោក​ប្រធានាធិបតី Nicolas Maduro នៃ​ប្រទេស​វ៉េណេស៊ុយអេឡា​នោះ​ទេ។



លោក Bolton បាន​ថ្លែង​ប្រាប់​បណ្តាញ​សារព័ត៌មាន Fox News ថា «ខ្ញុំ​អាច​និយាយ​បាន​ដោយ​មិន​ស្ទាក់ស្ទើរ​ថា រដ្ឋាភិបាល​អាមេរិក​មិន​ជាប់ពាក់ព័ន្ធ​នៅ​ក្នុង​ហេតុការណ៍​នេះ​ទាល់​តែ​សោះ»។

នៅ​ក្នុង​សុន្ទរកថា​តាម​កញ្ចក់​ទូរទស្សន៍​កាល​ពី​ល្ងាច​ថ្ងៃ​សៅរ៍ បន្ទាប់​ពី​ការវាយប្រហារ​បាន​កើតឡើង លោក Maduro បាន​និយាយ​ថា «គ្រប់យ៉ាង​ចង្អុល​ទៅ​កាន់​ផែនការ​របស់​អ្នក​និយម​ស្តាំ ដែល​កើត​ចេញ​ពី​ប្រទេស​កូឡុំប៊ី ដែល​ជា​ប្រទេស​ជិត​ខាង​នោះ»។ ប៉ុន្តែ​លោក​បាន​បន្ថែម​ថា ការ​ស៊ើបអង្កេត​បឋម​ «បង្ហាញ​ថា​អ្នក​ដែល​ឧបត្ថម្ភ​ផ្នែក​ថវិកា​មួយ​ចំនួន​ដល់​ផែនការ​នោះ​គឺ​នៅ​ក្នុង​រដ្ឋ Florida សហរដ្ឋអាមេរិក។ ខ្ញុំ​សង្ឃឹម​ថា លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ត្រៀម​រួចរាល់​ជាស្រេច​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ក្រុម​ភេរវកម្ម​ទាំង​នេះ»។

លោក Maduro ដែល​មិន​រងរបួស​អ្វី​ពី​ហេតុការណ៍​វាយប្រហារ​នោះ បាន​អះអាង​ថា ការ​វាយប្រហារ​ដោយ​ប្រើ​ដ្រូន​បំពាក់​ដោយ​គ្រឿង​ផ្ទុះ​នោះ ​«គឺ​ជា​អ្វី​ដែល​ចក្រពត្តិ​និយម​អាមេរិក​ចង់​ធ្វើ ចង់​ឃើញ​វ៉េណេស៊ុយអេឡា​ស្ថិត​ក្នុង​ជម្លោះ​និង​សង្គ្រាម​ស៊ីវិល»។

ដោយ​ថ្លែង​លើកឡើង​ពី​ការ​វាយប្រហារ​ម្តងទៀត លោក Maduro បាន​និយាយ​ថា «នេះ​គឺ​ជា​ការ​ប៉ុនប៉ង​ធ្វើ​ឃាត​ខ្ញុំ។ ថ្ងៃ​នេះ ពួកគេ​ប៉ុនប៉ង​សម្លាប់​ខ្ញុំ»៕ ប្រភព៖ VOA