ភ្នំពេញ​ ៖​ អាជ្ញាធរ​ក្រសួងមហាផ្ទៃ បាន​ធ្វើ​ការឃាត់ខ្លួន​មនុស្ស​១០​នាក់ បញ្ជូន​ទៅកាន់​តុលាការ ដោយ​ជាប់​សង្ស័យ​ពាក់ព័ន្ធ នឹង​ផលិតផល​ក្លែងក្លាយ​ដូចជា សាច់​ប៉ាតេ ធ្វើ​ម្រេច​ក្លែងក្លាយ ទឹកបរិសុទ្ធ និង​ស្រា​បៀ ជាដើម​។​



​ផលិតផល​ក្លែងក្លាយ​ទាំងនោះ គឺ​មាន​ចំនួន​៨៨ តោន​ដូចជា សម្ភារៈ​សម្រាប់ ផលិត​សាច់​ប៉ាតេ មិន​អនុលោម​តាមច្បាប់ ករណី​បើក​សិប្បកម្ម​ផលិត​ម្រេច និង​កាហ្វេ​មិន​អនុលោម​តាមច្បាប់ និង​ករណី នាំចូល​ផលិត វេច​ខ្ចប់​ខុស​ច្បាប់​លើ​ផលិតផល​ម៉ាក Saint Amand​ទឹកបរិសុទ្ធ Evian ស្រា​បៀរ​ម៉ាក់ Corona និង​ផលិត​មួយចំនួនទៀត ដែល​ផលិតផល​ទាំងនេះ នឹង​ធ្វើឲ្យប៉ះពាល់​ដល់​សុខភាព​អ្នក​បរិភោគ​យ៉ាងខ្លាំង​។​

​ថ្លែង​នៅក្នុង​សន្និសីត​សារព័ត៌មាន​នៅ​រសៀល​ថ្ងៃទី​៦ ខែ​សីហា ឆ្នាំ​២០១៨​នេះ​នៅ​ទី​ស្តី ការ​ក្រសួងមហាផ្ទៃ លោក មា​ជ សុផាន់​ណា អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ ដែល​បង្ក​គ្រោះថ្នាក់​មាន​ហានិភ័យ​ខ្ពស់ ដល់​សុខភាព និង​សុវត្ថិភាព​សង្គម​( គ​.​ប​.​ផ​.​ក​.) បាន​ថ្លែងថា ក្រុមការងារ បាន​ឃាត់ខ្លួន​មនុស្ស​យ៉ាង​តិច​ចំនួន​១០​នាក់ និង​រឹបអូស​ផលិតផល​ក្លែងក្លាយ និង​ខុសច្បាប់​ជិត​មួយ​រយ​តោន ដាច់ដោយឡែក​ពីគ្នា ជា​បន្តបន្ទាប់ នៅ​រាជធានី​ភ្នំពេញ​កាលពី​កន្លងទៅនេះ​។​

ជនសង្ស័យ​ទាំងនោះ បាន​បញ្ជូន​ទៅកាន់​តុលាការ​ហើយ ហើយ​វត្ថុតាង ដែល​អាជ្ញាធរ​រឹបអូស​បាន​នេះ ក៏​នឹង​ត្រូវ​កម្ទេចចោល​ផងដែរ​។​
​លោក មា​ជ សុផាន់​ណា មិន​បាន​បញ្ជាក់ថា វត្ថុតាង ដែល​អាជ្ញាធរ​រឹបអូស​បាន​នេះ នឹង​ត្រូវ​កម្ទេចចោល​ថ្ងៃ​ណា​នោះ​ទេ ខណៈ​វត្ថុតាង​ទាំងនេះ កំពុង​រក្សាទុក​នៅ​ក្រសួង​មហាផ្ទៃ​នៅ​ឡើយ​។​

​លោក មា​ជ សុផាន់​ណា បាន​ថ្លែង​ព្រមាន​ដល់​ឈ្មួញ​ទុច្ចរិត​ទាំងអស់ ដែល​រកស៊ី​ខុសច្បាប់ និង​ផលិតផល​ក្លែងក្លាយ​នឹងមិន​រួចខ្លួន​ពី​សំណាញ​ច្បាប់​ទេ ប្រសិនបើ​ក្រុមការងារ​និង​អាជ្ញាធរ ស្រាវជ្រាវ​រក​ឃើញ​ទីតាំង​ផលិត​នោះ​។​

​សូម​រំលឹក​ថា​កាលពី​កន្លង​ទៅ​ថ្មីៗ អាជ្ញាធរ​បាន​ធ្វើ​ការបំផ្លាញ​ចោល​នូវ​ផលិតផល ក្លែងក្លាយ​រាប់រយ​តោន នៅ​ទីលាន​ដុត​សំរាម​បឹង​ជើងឯក​រាជធានី​ភ្នំពេញ និង​មួយ​កន្លែង​ទៀត​នៅ​ខេត្ត​កំពង់ស្ពឺ​ក្រោយពី​រឹបអូស​បាន​ពី​ឈ្មួញ​ទុច្ចរិត​ជា​បន្តបន្ទាប់​។ ផលិតផល​ក្លែង ក្លាយ​និង​ខូច​គុណភាព​ទាំងនោះ​មានដូចជា​ថ្នាំពេទ្យ គ្រឿងសំអាង ភេសជ្ជៈ និង​គ្រឿង​បរិភោគ​ជាច្រើន​ទៀត​៕ ​