កម្ពុជា-ថៃ គ្រោង នឹង​ដំណើរ​ការ​ដាក់​ឲ្យ​ចរាចរ​រូបិយវត្ថុ ប្រាក់​រៀល និង​ប្រាក់​បាត ឆ្លង​ព្រំដែន​រវាង​កម្ពុជា-ថៃ តាម​រយៈ​ប្រព័ន្ធ​អេឡិចត្រូនិក​ QR Code។ ធនាគារ​ជាតិ អះអាង​ថា ប្រជាជន​កម្ពុជា​ដែល​មាន​គណនី​ជា​ប្រាក់​រៀល​ទទួល​បាន​ផល​ចំណេញ​ជា​ច្រើន តាម​រយៈ​ការ​ចំណាយ​នានា នៅ​ទឹក​ដី​ថៃ​ដោយ​ងាយ​ស្រួល សុវត្ថិភាព និង​ចំណាយ​តិច​បំផុត បើ​ធៀប​​ទៅ​នឹង​ការ​ប្តូរ​និង​ការ​កាន់​សាច់​ប្រាក់​បាត​ទៅ​ចាយ​លើ​ទឹក​ដី​ថៃ។

គម្រោង​រួម​គ្នា​របស់​ភាគី កម្ពុជា-ថៃ ដាក់​ឱ្យ​ប្រើ​ប្រាស់​នូវ​ប្រព័ន្ធ QR Code​នេះ ជា​ជំហាន​ដំបូង​សម្រាប់​ទូទាត់​ជា​ទូទៅ ។ ក្នុង​នោះ​រួម​មាន ការ​ទូទាត់​របស់​ភ្ញៀវ​ទេសចរ​របស់​ប្រទេស​ទាំង​ពីរ និង​បន្ទាប់​មក​នឹង​បង្កើន​វិសាលភាព​ដល់​ការ​ផ្ទេរ​ប្រាក់​របស់​កម្មករ និង​ការ​ទូទាត់​ក្នុង​ពាណិជ្ជកម្ម​និង​វិនិយោគ។ គម្រោង​នេះ ត្រូវ​បាន​លើក​ឡើង​នៅ​ក្នុង​កិច្ច​ប្រជុំ​រវាង លោក​ស្រី ជា សិរី អគ្គនាយក​បច្ចេកទេស​នៃ​ធនាគារ​ជាតិ​នៃ​កម្ពុជា និង​ឧបការី​ទេសាភិបាល​នៃ​ធនាគារ​កណ្តាល​ថៃ កាល​ពី​ខែ​កក្កដា នៅ​ប្រទេស​ថៃ។

បើ​តាម​ធនាគារ​ជាតិ​នៃ​កម្ពុជា ការ​ប្រើ​ប្រាស់ QR Code នឹង​អនុញ្ញាត​ឱ្យ​ប្រជាជន​កម្ពុជា ដែល​មាន​គណនី​ជា​ប្រាក់​រៀល ទទួល​បាន​ផល​ចំណេញ​ជា​ច្រើន ដូច​ជា អាច​ធ្វើ​ការ​ទូទាត់​ចេញ​ពី​គណនី​ជា​ប្រាក់​រៀល​របស់​ខ្លួន​សម្រាប់​ចំណាយ​ទិញ​ទំនិញ ឬ​ទូទាត់​ចំណាយ​នានា​ដូច​ជា សេវា​ព្យាបាល​ជា​ដើម នៅ​លើ​ទឹក​ដី​ថៃ ដោយ​ងាយ​ស្រួល សុវត្ថិភាព និង​ចំណាយ​តិច​បំផុត បើ​ធៀប​ទៅ​នឹង​ការ​ប្តូរ​និង​ការ​កាន់​សាច់​ប្រាក់​បាត​ទៅ​ចាយ​លើ​ទឹក​ដី​ថៃ។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ ពលរដ្ឋ​ខ្មែរ នឹង​មិន​ចាំ​បាច់​ខ្វល់​ខ្វាយ​ពី​ការ​ប្តូរ​ប្រាក់ ដែល​ពេល​ខ្លះ​អាច​ទទួល​រង​នូវ​ការ​ខាត​បង់​ពី​ការ​ប្តូរ​ប្រាក់ ពេល​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ថៃ ហើយ​អាច​ធ្វើ​ការ​ចំណាយ​ដោយ​មិន​ចាំ​បាច់​ព្រួយ​បារម្ភ​ពី​ការ​បាត់​បង់​និង​ខ្វះ​ខាត​ប្រាក់​បាត​ថៃ នៅ​ពេល​ដែល​មាន​គណនី​ជា​ប្រាក់​រៀល​នៅ​កម្ពុជា។

ធនាគារ​ជាតិ​នៃ​កម្ពុជា ជឿ​ជាក់​ថា គម្រោង​ត​ភ្ជាប់​ប្រព័ន្ធ​ទូទាត់​តាម​រយៈ QR Code នឹង​ក្លាយ​ជា​កម្លាំង​ចលករ​មួយ​ទៀត ចំពោះ​ការ​លើក​ទឹក​ចិត្ត​ឱ្យ​ប្រជាជន​កម្ពុជា មាន​គណនី​ជា​ប្រាក់​រៀល ដោយ​ទទួល​បាន​នូវ​អត្ថប្រយោជន៍​ជា​ច្រើន​ទាំង​ក្នុង​ស្រុក និង​នៅ​ក្រៅ​ស្រុក ស្រប​តាម​គោល​នយោបាយ​ជំរុញ​ការ​ប្រើ​ប្រាស់​ប្រាក់​រៀល​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា និង​រាជរដ្ឋាភិបាល​កម្ពុជា។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ ការ​ប្រើ​ប្រាស់ QR Code ជាមួយ​នឹង​គណនី​ជា​ប្រាក់​រៀល នឹង​ជួយ​បង្កើន​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​ទូទាត់​ផ្លូវ​ការ ដែល​ធ្វើ​ឱ្យ​ការ​ចំណាយ​លើ​ប្រតិបត្តិ​ការ​មាន​តម្លៃ​ទាប ងាយ​ស្រួល​និង​មាន​សុវត្ថិភាព ជា​ពិសេស​ចំពោះ​ប្រតិបត្តិ​ការ​តូចៗ​របស់​ប្រជាជន​ក្រីក្រ​និង​ថ្នាក់​កណ្តាល។ នេះ​បើ​តាម​ធនាគារជាតិ​នៃ​កម្ពុជា៕ ប្រភព៖ RFI