​សៀមរាប ​៖ មាន​ការផ្សព្វផ្សាយ​នូវ​រូបភាព​វីដេអូ​មួយ ក្នុងផេក​ហ្វេស​ប៊ុក អំពី​ហេតុការណ៍​ទាស់សម្តី​គ្នា​មួយ បាន​កើតឡើង រវាង​ភ្នាក់ងារ​ទេសចរណ៍ ជាមួយ​ក្រុម​អាជ្ញាធរ​ជាតិ​អប្សរា បន្ទាប់ពី​មាន​អ្នក​ទេសចរណ៍​ជនជាតិ​វៀតណាម​មួយក្រុម ប្រុង​នឹង​ធ្វើ​ពិធី​សាសនា តាម​បែប​សាសនា​របស់​វៀតណាម នៅក្នុង​បរិ​វាណ​ប្រាសាទអង្គរវត្ត ប៉ុន្តែ​ត្រូវបាន​អាជ្ញាធរ​ជាតិ​អប្សរា ហាមឃាត់​។​

​ក្នុង​ហេតុការណ៍​នេះ មាន​បុរស​ម្នាក់​ដែល​ស្លៀក​ពាក់អាវ​ភ្នាក់ងារ​ទេសចរណ៍ (​ហ្គាយ៍​) ដែល​និយាយ​ភាសា​ខ្មែរ​មិន​ច្បាស់ ដែល​ដឹកនាំ​ក្រុម​អ្នក​ទេសចរណ៍​ជនជាតិ​វៀតណាម​មួយ​ក្រុម​នេះ បាន​ឈ្លោះប្រកែក​ជាមួយ ក្រុម​អាជ្ញាធរ​ជាតិ​អប្សរា អស់​ជាច្រើន​នាទី​ផងដែរ ហើយ​ទំនង​គាត់​ហាក់ដូចជា​ខឹង​ណាស់ ទាំង​ដឹងថា​អ្វី​ដែល​គាត់​ធ្វើ គឺ​ជា​ទង្វើ​ដែល​ត្រូវ​បាន​ហាម​ជាដាច់ខាត ពេល​ចូល​ទស្សនា​ប្រាសាទបុរាណ​របស់​ខ្មែរ ។ ក្នុង​ជម្លោះ​យ៉ាង​តឹងសរសៃក​នោះ បុរស​ម្នាក់​ដែល​ស្លៀក​ពាក់អាវ​ភ្នាក់ងារ​ទេសចរណ៍ បាន​និយាយថា ភ្ញៀវទេសចរ​វៀតណាម គេ​មក​យក​លុយ​មក​ឲ្យ​ខ្មែរ ចុះ​ហេតុអ្វី​គ្រាន់តែ​ធ្វើ​ពិធី​បួងសួង​សុំ​សេចក្តីសុខ​សប្បាយ​នៅ​ប្រាសាទអង្គរវត្ត​មិនបាន ហើយ​គេ​មកនេះ​គេ​លុយ​មក​ឲ្យ​ខ្មែរ ហើយ​បើ​មិនឲ្យ​ធ្វើ​ប្រាប់​ទៅ​ភ្ញៀវ​វៀតណាម​វិញ​ទៅ គេ​នឹង​ទៅ​វិញ​ហើយ​។ ចំណែក​ការ​ត​ពាក្យសម្តី​គ្នា​វិញ ក្រុម​អាជ្ញាធរ​ជាតិ​អប្សរា បាន​ត​វិញ​ទៅ​បុរស​នោះ​វិញ​ថា ប្រាសាទអង្គរវត្ត​មិនមែន​ជា​កន្លែង​បូជា​សាសនា​សម្រាប់​ជាតិ​សាសន៍​ដ៏​ទៃ​នោះ គឺ​សម្រាប់​តែ​ជនជាតិ​របស់​ខ្លួន​តែ​ប៉ុណ្ណោះ ទើប​អាច​ធ្វើបាន ។ ភ្ញៀវទេសចរ អាច​មក​មើល​និង​ទស្សនា​បាន​ដោយ​សេរី និង​គោរព​ទៅតាម​ច្បាប់ និង​បទបញ្ជា ជាពិសេស​ភ្ញៀវទេសចរ​វៀតណាម ពេល​មក​ទស្សនា​ម្តងៗ តែងតែ​មក​អុកឡុក និង​ទាមទារ​ធ្វើ​ពិធី​សាសនា ក្នុង​បរិវេណ​ប្រាសាទអង្គរវត្ត​របស់​ខ្មែរ ដែល​ច្បាប់​ត្រូវ​ហាមឃាត់​។

​ក្នុងនោះ មហាជន​ជាច្រើន​បាន​គាំទ្រ​ការទប់ស្កាត់​របស់ អាជ្ញាធរ​អប្សរា ដែល​ធ្វើការ​បាន​ល្អ សូម​សរសើរ​ដែល​បាន​មើល​ការខុសត្រូវ​ដោយ​យកចិត្តទុកដាក់ នេះ​ជា​គំរូ​ដ៏​ល្អ​មួយ ច្បាប់​គឺ​ច្បាប់ សូម​ឲ្យ​ភ្ញៀវ​ដែរ​មក​ត្រូវ​គោរព​ច្បាប់​នៃ​ប្រទេស​យើង​ផង​។ ទោះយ៉ាងណា ក្រោយពី​មាន​ការប៉ះពាល់​ពាក្យសម្តី​គ្នា​មួយ​ប្រាវ ក្រុម​ភ្នាក់ងារទេសចរណ៍​បាន​នាំ​ភ្ញៀវទេសចរ​វៀតណាម ចេញពី​បរិវេណ​ប្រាសាទអង្គរវត្ត​៕