ភ្នំពេញ —កាល​ពីថ្ងៃ​ពុធ​ ​ជន​រងគ្រោះ​បី​នាក់​ដែល​ជា​អ្នកតំណាង​ឲ្យ​ជន​រង​គ្រោះ​ជា​ច្រើន​ទៀត​ដែល​បាន​ឆ្លង​មេរោគ​អេដស៍​ក្នុង​ឃុំ​រកា​ ​ខេត្ត​បាត់​ដំបង បាន​មក​បង្ហាញ​ខ្លួន​នៅ​តុលាការកំពូល​ ​ដែល​បាន​គ្រោង​បើក​សវនាការ​លើ​បណ្ដឹង​សារទុក្ខ​របស់​ជន​ជាប់​ចោទ​មួយ​រូប​ ​ដែល​ត្រូវ​បាន​កាត់ទោស​ពី​បទបង្ក​ការ​ចម្លង​មេរោគ​អេដស៍​ក្នុង​ឃុំ​រកា​ដដែល​នោះ។​ ​តែ​ដោយ​ជន​ជាប់​ចោទ​ ​មិន​មាន​មេធាវី​ ​ដើម្បី​ការ​ពារ​ខ្លួន​នោះ​ ​តុលាការ​កំពូល​ ​បាន​ប្រកាស​លើក​ពេល​បើក​សវនាការ​នា​ពេល​ក្រោយ​ទៀត​ ​ដោយ​មិន​បាន​បញ្ជាក់​ពី​កាល​បរិច្ឆេទ។​



​ការ​បើក​សវនាការ​កាលពី​ថ្ងៃ​ពុធ​ ​កើត​មាន​ឡើង​ ​បួន​ឆ្នាំ​ ក្រោយ​ពី​មាន​គ្រូពេទ្យ​ម្នាក់​ឈ្មោះ​ ​យ៉ែម ជ្រិនត្រូវ​គេ​សង្ស័យ​ថា​ ​ជា​ដើម​ហេតុ​នាំ​ឲ្យ​មាន​ការឆ្លង​រាលដាល​មេរោគ​អេដស៍​ ​តាមរយៈ​ការ​ប្រើប្រាស់​ម្ជុល​សឺរ៉ាំង​រួម​ដើម្បីចាក់​ថ្នាំ​ដល់​អ្នកជំងឺ​ជាច្រើន​នាក់​ ​ដែល​ស្វែង​រក​ការ​ព្យាបាល​ជំងឺ​ពី​គ្រូពេទ្យ​ភូមិ​រូប​នេះ។​ ​

រហូត​មក​ពេលនេះ​ មាន​ជន​រង​គ្រោះ​ចំនួន​២៦៦​នាក់​ ​កំពុង​ទទួល​ការ​ព្យាបាល​ ​ដោយ​ការ​ប្រើ​ប្រាស់​ថ្នាំ​ពន្យារ​ជីវិត​ ​ឬ​បន្ថយ​កម្រិត​នៃ​មេរោគ​ ​ខណៈ​ដែល​មាន​ជន​រងគ្រោះ​បី​នាក់​ ​បាន​ស្លាប់​ជា​បន្តបន្ទាប់​គិត​ចាប់​ពី​ឆ្នាំ​២០១៧​មក។​ ​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​តំណាង​ជនរងគ្រោះ។

ក្រុម​តំណាង​ជន​រងគ្រោះ​ដែល​ធ្វើ​ដំណើរ​មក​ចូលរួម​សវនាការ​កាល​ពី​ថ្ងៃ​ពុធ​នេះ​ ​ថ្លែង​ថា​ ​ជន​រងគ្រោះ​មួយ​ចំនួនកំពុង​ប្រឈម​ផលវិបាក​ខាង​សេដ្ឋកិច្ច​ និង​សង្គម​ ​នៅ​ពេល​ដែល​សុខភាព​របស់​ពួកគេបាន​ធ្លាក់​ចុះ​ ហើយ​ការ​រើស​អើង​នៅ​បន្ត​កើត​មាន​ក្នុង​សហគមន៍​របស់​ពួកគេ​នៅឡើយ​។​

លោក​ ​លឿម ឡោម​ ​វ័យ​ ​៥៤​ ឆ្នាំ​ ​តំណាង​ម្នាក់​របស់ជន​រងគ្រោះជាង​២០០​នាក់​នោះ បាន​បង្ហាញ​ការ​មិន​សប្បាយ​ចិត្ត​ ចំពោះ​ការ​លើក​ពេល​សវនាការ​នេះ។

លោក​មាន​ប្រសាសន៍​នៅ​ក្រៅ​តុលាការ​កំពូល​ថា៖​

«ខ្ញុំ​អារម្មណ៍​ខក​ចិត្ត​ ព្រោះអី​ឆ្ងាយ​ ខ្ញុំ​មក​ពី​ចម្ងាយ​មក​ ខ្ញុំ​អត់​មាន​លុយ​ មាន​កាក់​ផង​ ដូច​គាត់​និយាយ​ម្នាក់​មិញ​ហ្នឹង​ យក​ប្រាក់​ចងការ​គេ​មក​ មក​ចឹង​ អត់​បាន​កាត់​ទោស​ យ៉ែម​ ជ្រិន​ហ្នឹង ខ្ញុំ​មក​វគ្គ​ក្រោយ​ទៀត​ ខ្ញុំ​អត់​មាន​លុយ​ មាន​កាក់​មក​ទេ»។

​បើ​យោង​ទៅ​តាម​សាលក្រម​ប្រកាស​ដោយ​ចៅក្រម​នៃ​សាលា​ដំបូង​ខេត្ត​បាត់​ដំបង​កាល​ពី​ឆ្នាំ​ ២០១៥​ លោក​ យ៉ែម​ ជ្រិន​ ត្រូវ​បាន​ផ្ដន្ទា​ទោស​ ​«ដាក់​ពន្ធនាគារ​កំណត់​២៥​ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​ចំនួន​ ៥.០០០​.០០០ ​(ប្រាំ​លាន)​ រៀល​ ចូល​ថវិកា​រដ្ឋ ​ពី​បទ​បើក​កន្លែង​ពិគ្រោះ​ព្យាបាល​ជំងឺ​ ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​ក្រសួង​សុខាភិបាល​ បទ​ប្រព្រឹត្ត​ក្នុង​ចេតនា​ចម្លង​មេរោគ​អេដស៍​ទៅ​អ្នក​ដទៃ​ និង​បទ​ទារុណ​កម្ម​ ​ដែល​មាន​ស្ថាន​ទម្ងន់​ទោស»។

មុន​មួយ​ឆ្នាំ​នៃ​ការ​ផ្ដន្ទាទោស​នោះ ​ប្រជា​ពល​រដ្ឋ​នៅ​ភូមិ​រកា​ មាន​ការ​ភ័យ​តក់​ស្លុត​ ​និង​ជ្រួល​ច្របល់​ ​ចំពោះ​ការ​ផ្ទុះ​ឡើង​នៃ​ការ​ឆ្លង​មេរោគ​អេដស៍​នេះ។​

ការ​ភ័យ​តក់​ស្លុត​នា​ពេល​នោះ បាន​ប្រែក្លាយ​ជា​ក្ដី​បារម្ភ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​របស់​ជនរងគ្រោះ​ដែល​បាន​ស្លាប់​ជា​បណ្ដើរៗ​ ​ដោយ​សារ​ជន​រងគ្រោះ​ខ្លះ​មាន​វ័យ​ជរា​ ​ហើយ​មាន​ផ្ទុក​មេរោគ​នេះ។​ ​

លោក​លឿម ឡោម​ មាន​ប្រសាសន៍​ថា​ ​ពលរដ្ឋ​រងគ្រោះ​ ​ប្រឈម​នឹង​ផលវិបាក​នៃ​ការ​ប្រកប​របរ​ទទួលទាន​ ​ខណៈ​ត្រូវ​ការ​ប្រើប្រាស់​ថ្នាំ​ជាប្រចាំ។

«បាទ​មាន​ដល់​រដ្ឋាភិបាល​ជួយ​ដល់​អ្នករងគ្រោះ​នៅ​ឃុំ​រកា​ ស្រុក​សង្កែ​ ខេត្ត​បាត់​ដំបង​ ព្រោះ​អី​អ្នក​រង​គ្រោះ​ហ្នឹង​ គាត់​មិន​អាច​ទៅ​រក​ស៊ី​ឯណា​ឆ្ងាយ​ទេ។ គាត់​ជួនកាល​ណា​ គាត់​ធ្វើ​ការ​ខ្លាំង​ហួស​កម្លាំង​ស្បើយ​ គឺ​គាត់​ឈឺ​ច្រើន​ ដូច​ខ្ញុំ​អញ្ចឹង»។​

បច្ចុប្បន្ន​នេះ​ លោក​ ​យ៉ែម ជ្រិន​ ​កំពុង​ស្ថិត​នៅ​ក្នុង​ពន្ធនាគារ​ខេត្ត​បាត់​ដំបង។​ ​នៅ​មុន​ការ​ទោស​លោក​យ៉ែម ជ្រិន​ ​ឲ្យ​ជាប់​ពន្ធនាគារ​នោះ​ ​លោក​ត្រូវ​គេ​ដឹង​ថា​ ​បាន​ធ្វើ​ជា​គ្រូ​ពេទ្យ​នៅ​ក្នុង​ភូមិ​ ដោយ​បាន​ផ្ដល់​សេវា​ព្យាបាល​ជំងឺ​អ្នក​ភូមិ​រកា​ ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ។​

លោក សំ ឡម​ ​វ័យ​៨៤​ឆ្នាំ ដែល​កំពុង​រស់នៅ​ជាមួយ​មេរោគ​អេដស៍​ដែរ​នោះ​ ​មាន​ប្រសាសន៍​នៅ​ក្រៅ​សាល​សវនាការ​ក្នុង​តុលាការ​កំពូល​ថា​ លោក​មិន​ចង់​ឃើញ​ តុលាការ​បន្ធូរបន្ថយ​ទោស​ដល់​លោក​ ​យ៉ែម ជ្រិន​ ​នោះ​ទេ​ ព្រោះ​គ្រូ​ពេទ្យ​ប្រចាំ​ភូមិ​រកា​នេះ​ ​បាន​បង្ក​ការ​លំបាក​ដល់​ ពលរដ្ឋ​ពេញ​មួយ​ឃុំ​រកា។​ ​

លោក​ថ្លែង​ក្នុង​ន័យ​ដើម​ថា៖ «​បន្ធូរបន្ថយ​យ៉ាង​ម៉េច​កើត​ ព្រោះ​មិន​មែន​ឆ្លង​តែ​ម្នាក់​នេះ​ តែ​នេះ​មួយ​ឃុំ​រកា»។

លោក​បាន​បន្ត​ថា៖ «មនុស្ស​ឥឡូវ​រស់នៅ​ ដូច​ក្នុង​ចម្ការ​មីន យូរៗ​ផ្ទុះ​មួយ»។​

លោក​ ​សំ ឡម​ ​ចង់​បញ្ជាក់​ថា​ អ្នក​ភូមិ​រកា​ ត្រូវ​បាន​រក​ឃើញ​ថា​មាន​ផ្ទុក​មេរោគ​អេដស៍​ ម្នាក់​ម្តង​ៗ​ បន្ទាប់​ពី​ពួកគេ​បាន​ផ្ទុក​មេរោគ​នេះ​ ជា​ច្រើន​ឆ្នាំ។

ស្ត្រី​រងគ្រោះ​ មួយ​រូប​ ​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ និង​ដែល​បាន​មក​បង្ហាញមុខ​នៅ​តុលាការ​កំពូល​នា​ព្រឹក​ថ្ងៃ​ពុធ​នេះ​ដែរ​ បាន​ពណ៌នា​ថា​ ជនរងគ្រោះ​នា​ពេល​បច្ចុប្បន្ន​នេះ​ បាន​បាត់​បង់​ការ​គាំទ្រ​ ដោយ​មិន​មាន​ក្រុម​ថែទាំ​សុខភាព​ចុះ​ទៅ​ជួប​ពួក​គេ​ដូច​មុន​ឡើយ។​

​អ្នក​ស្រី​ថា​ ជនរងគ្រោះ​ខ្លះ​បាន​ទទួល​ថ្នាំ​ផឹក​បន្ថយ​មេរោគ​គ្រប់​គ្រាន់​ ឯ​ខ្លះ​ទៀត​ កំពុង​ឈឺ ដេក​លើកន្ទេល។

អ្នក​ស្រី​បាន​ស្ដី​បន្ទោស​លើ​លោក​ យ៉ែម ជ្រិន ​ថា​ បាន​ធ្វើ​ឲ្យ​គ្រួសារ​អ្នកស្រី​ មាន​ការ​បែកបាក់​ ដោយ​ហេតុ​ថា អ្នកស្រី​ត្រូវ​បាន​ពិនិត្យ​ឃើញ​ថា​ មាន​ផ្ទុក​មេរោគ​ តែ​បែរ​ជា​ប្តី​អ្នកស្រី​ មិន​បាន​ឆ្លង​មេរោគ​នេះ​ទៅវិញ។​

អ្នកស្រី​និយាយ​ថា៖​ «​ប៉ះពាល់​ដល់​អារម្មណ៍​ខ្លាំង​មែន​ទែន​ រហូតដល់​ប្តី​បែកចិត្ត​ និយាយ​តាម​ត្រង់»។

ក្រុម​តំណាង​ជនរងគ្រោះ​ ទាំង​បី​ និយាយ​ថា ពួកគេ​នៅ​មិន​ទាន់​ទទួល​បាន​យុត្តិធម៌​ពេញ​លេញ​នៅឡើយ​ នៅ​ពេល​ដែល​ជន​ជាប់​ចោទ​បន្ត​ប្ដឹង​សារទុក្ខ​ ហើយ​សំណង​ខាង​រដ្ឋប្បវេណី​ ក៏​មិន​ទាន់​ត្រូវ​បាន​ផ្ដល់​ជូន​ដល់​ជនរងគ្រោះ។​ ​

លោក ​លឿម ឡោម​ បញ្ជាក់​ថា​សំណង ​អាច​មាន​ពី​ចន្លោះ​៣០០០​ដុល្លារ​ទៅ​៤០០០​ដុល្លារ​អាមេរិក​ក្នុង​ម្នាក់។​

លោក​ ​អាន ចំរើន​ ​អ្នក​សម្រប​សម្រួល​ អង្គការ​ពុទ្ធ​សាសនា​ដើម្បី​អភិវឌ្ឍ ក្នុង​ឃុំ​រកា​ ខេត្ត​បាត់​ដំបង​ដែល​បាន​ផ្ដល់​សេវា​ខាង​សង្គម ដល់​ជនរងគ្រោះ​ក្នុង​ឃុំ​រកា​ ប្រាប់​VOA ​ថា​ បើ​គិត​ចាប់​តាំង​ពី​ការ​ផ្ទុះ​នៃ​ការ​ចម្លង​មេរោគ​អេដស៍​នេះ​ មាន​អ្នករងគ្រោះ​៣០​នាក់​បាន​ស្លាប់​ ហើយ​សព្វថ្ងៃ​នេះ មាន​អ្នក​រងគ្រោះ​ចំនួន​២៦៦​នាក់​ ​ក្នុង​នោះ​មាន​ទាំង​កូន​ក្មេង​កំពុង​ទទួលការ​ព្យាបាល​ដោយ​ការ​ទទួល​ថ្នាំ​បន្ថយ​មេរោគ។

លោក​បញ្ជាក់​ថា​ ​បច្ចុប្បន្ន​ ក្រុម​អ្នករងគ្រោះ​ទាំងនោះ​ កំពុង​ប្រឈម​ការ​ខ្វះ​ស្បៀង​ និង​អាហារ​សម្រាប់​ទ្រទ្រង់​សុខភាព។​

«ការពិបាក​របស់​គាត់ នៅតែ​មាន។ ធម្មតា​អ្នកជំងឺ​ ពាក្យ​ថា​ឈឺ​ហើយ​ ត្រូវ​ពិបាក​ហើយ​ ហើយ​អ៊ីចឹង​ ពួកគាត់​ទី​មួយ​ គាត់​ត្រូវការ​ហូបចុក​ ហើយ​សម្រាក​ឲ្យបាន​គ្រប់​គ្រាន់។ អញ្ចឹង​គាត់​តែ​ឈឺ គាត់​លែង​រក​អី​បាន​ហើយ»។

លោក​ ​អាន ចំរើន​ ​និយាយ​បន្ត​ថា​ រហូត​មក​ដល់​ពេល​នេះ​ មិន​មាន​គ្រូពេទ្យ​ ដូច​លោក​ យ៉ែម ជ្រិន​ត្រូវ​បាន​គេ​អនុញ្ញាត​ឲ្យ​ប្រកប​របរ​ព្យាបាល​អ្នកជំងឺ​ទៀត​នោះ​ឡើយ។

លោក​បន្ថែម​ថា​ អង្គការ​របស់​លោក ​បាន​បន្ត​ជួយ​ឧបត្ថម្ភ​គ្រឿង​បរិភោគ​ដល់​ជនរងគ្រោះ​ តាម​លទ្ធភាព​ដែល​មាន​ ហើយ​ក៏​កំពុង​តាមដាន​ដៃគូ​ដែល​សង្ស័យ​ថា​ ងាយ​រងគ្រោះ​ពី​ការឆ្លង​មេរោគ​អេដស៍​ ក្រោយ​ការ​ផ្ទុះ​នៃ​ការ​ឆ្លង​នេះ​ កាល​ពី​ឆ្នាំ​២០១៤។

លោក​ ​យ៉ែម ជ្រិន​ ​ត្រូវគេ​សង្ស័យ​ថាបាន​ទទួល​ការ​បណ្ដុះបណ្ដាល​ផ្នែក​វេជ្ជសាស្ត្រ​បន្តិចបន្តួច​ប៉ុណ្ណោះ​នៅ​ឯ​ជំរំ​ភៀសខ្លួន​មួយ​ជាប់​ប្រទេស​ថៃ។ ​លោក​បាន​ផ្ដើម​ធ្វើ​ជា​គ្រូពេទ្យ​ប្រចាំ​ភូមិ​រកា​ ហើយ​ត្រូវ​ពលរដ្ឋ​មួយ​ចំនួន​ក្នុង​ឃុំ​រកា​ចោទ​ថា​ បាន​ប្រើ​ប្រាស់​ម្ជុល​សឺរ៉ាំង​ចាក់​ថ្នាំ​ដែល​គ្មាន​អនាម័យ។

លោក​ ​ប៊ី បេងស៊​ ​អនុ​ប្រធាន​មន្ទីរពេទ្យ​បង្អែក​ឃុំ​រកា​ ​មាន​ប្រសាសន៍​ថា​ ក្រោយ​ការ​ផ្ទុះ​ការ​ឆ្លង​មេរោគ​អេដស៍​ដ៏​គួរ​ឲ្យ​សោកស្ដាយ​នេះ​ មន្ត្រី​សុខាភិបាល​ខេត្ត​ បាន​ហាមឃាត់​មិន​ឲ្យ​បុគ្គល​ណា​ ដែល​មិន​ទទួល​បាន​ការ​បណ្ដុះបណ្ដាល​ខាង​សុខាភិបាល​ត្រឹមត្រូវ ផ្តល់​សេវា​ ព្យាបាល​ជំងឺ​អ្នក​ភូមិ​នោះ​ឡើយ​។​ ​

លោក​លើក​ឡើង​ថា ចាប់​តាំង​ពី​មាន​ហេតុការណ៍​ឆ្លង​យ៉ាង​ភ្ញាក់ផ្អើល​នោះ​មក​ ពលរដ្ឋ​មាន​ការ​ធ្លាក់​ទឹកចិត្ត​ និង​ខឹង​សម្បារ​នឹង​លោក​ យ៉ែម ជ្រិន។​

​«អ្វី​វា​មក​ទល់​ពេល​នេះ​ យើង​វា​ហាក់​បី​នៅ​ នៅ​តែ​មាន​អារម្មណ៍​មួយ​ថា​ មិន​គួរ​មាន​រឿង​អ៊ីចឹង​កើត​ឡើង។ មិន​គួរ​ណា​លោក​គ្រូ​ យ៉ែម ជ្រិន ​ហ្នឹង ​គាត់​ធ្វើការ​ធ្វេសប្រហែស​ ធ្វេសប្រហែស​ដែល​គាត់​បាន​ប្រើប្រាស់​ខុស​បច្ចេកទេស​ ធ្វើ​ឲ្យ​ឆ្លង​មេរោគ​អេដស៍​ ដល់​ប្រជាជន​ដែល​គ្នា​ស្លូត​ត្រង់​ អត់​ដឹង​រឿង​អី​ទាំងអស់​។ អ៊ីចឹង​ វា​មាន​ការ​ធ្លាក់​ទឹកចិត្ត​ មាន​អារម្មណ៍​ខូចចិត្ត​អីចឹង​ ខឹង​សម្បារ​ ចង់​នាំ​គ្នា​ទៅ​វាយ​ ដុត​ផ្ទះ​គាត់​ អ៊ីចឹង»។

មន្ត្រី​សុខាភិបាល​ឃុំ​រកា​រូប​នេះ​ អះអាង​ថា​ នៅ​ឆ្នាំ​២០១៨​នេះ​ មាន​មនុស្ស​៥នាក់​ ត្រូវ​បាន​រក​ឃើញ​ថា​មាន​ផ្ទុក​មេរោគ​អេដស៍​ ដែល​ក្នុង​នោះ​មាន​២​ទៅ​៣​នាក់​ ធ្លាប់​ទទួល​សេវា​ព្យាបាល​ពី​លោក ​យ៉ែម ជ្រិន ​ផង​ដែរ។​

ករណី​ផ្ទុះ​ការ​ចម្លង​មេរោគ​អេដស៍​ទាំង​ភូមិ​នេះ​ ​បាន​កើត​ឡើង​ផង​ដែរ​នៅ​ក្នុង​ស្រុក​មុខកំពូល​ខេត្ត​កណ្ដាល​កាល​ពី​ដើម​ឆ្នាំ​២០១៦។​ ​នៅ​ពេល​នោះ​ ​មាន​ប្រជាពលរដ្ឋ​៤​នាក់​ ត្រូវ​រក​ឃើញ​ថា​ មាន​ផ្ទុក​មេរោគ​អេដស៍​ ​បន្ទាប់​ពី​ការ​ពិនិត្យ​ឈាម​របស់​ពលរដ្ឋ​ចំនួន២៧៩​នាក់៕ ប្រភព៖ VOA

Loading...