​ដើម្បី​អភិវឌ្ឍ​ទេសចរណ៍​តំបន់ឆ្នេរ នៅ​ខេត្ត​កំពត ឱ្យ​មាន​និរន្តរភាព និង​ការទទួលខុសត្រូវ​ខ្ពស់ និង​ផ្លូវទឹក​ក៏​ជា​មធ្យោបាយ​ធ្វើដំណើរ និង​ទេសចរណ៍​ប្រកប​ដោយ​ភាព​ទាក់ទាញ រាជរដ្ឋាភិបាល​កម្ពុជា បាន​ប្រកាស​បើក​ការដ្ឋាន សាងសង់​កំពង់ផែ​ទេសចរណ៍​អន្តរជាតិ នៅ​ខេត្ត​កំពត នា​ថ្ងៃ​ទី​៨ ខែ​សីហា ឆ្នាំ​២០១៨ នៅឯ​កំពង់ផែ​អន្តរជាតិ ស្ថិតក្នុង​ភូមិ​កំពង់​ទ្រា​ក ឃុំ​ជុំ​គ្រៀល ស្រុក​ទឹកឈូ ខេត្ត​កំពត​។​



​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ បានបញ្ជាក់​ថា យើង​ត្រូវ​រួមគ្នា ជំរុញ​ការអភិវឌ្ឍ​ទេសចរណ៍ តំបន់ឆ្នេរ ពិសេស​ខេត្ត​កំពត ឱ្យ​មាន​និរន្តរភាព​និង​ការទទួល ខុស​ត្រូវ​ខ្ពស់ សម្រាប់​បម្រើ​ផ្នែក​វិស័យ​ទេសចរណ៍ កាន់តែ​មាន​សក្តានុពល ដែល​រាជរដ្ឋាភិបាល បាន​និង​កំពុង​យកចិត្តទុកដាក់​ជំរុញ ការអភិវឌ្ឍ នូវ​សម្បទា​ទេសចរណ៍​ផ្លូវទឹក​ទាំងនេះ ជាពិសេស​នៅ​កំពង់​ផែ​ខេត្ត​ព្រះសីហនុ និង​ខេត្ត​កំពត ព្រម​ទាំង​ខេត្ត​តំបន់ឆ្នេរ​ផ្សេងទៀត ដើម្បី​ជំរុញ​ចលនា និង​លំហូរ​ទេសចរណ៍​នៅ​តំបន់ឆ្នេរ និង​ច្រករបៀង​ទេសចរណ៍​ភាគខាងត្បូង​។​

​លោក​បន្តថា តំបន់ឆ្នេរ​នៅ​ឆ្នាំ​២០១៧ ទទួលបាន​ភ្ញៀវទេសចរ​ប្រមាណ ៣,២​លាន​នាក់ ក្នុងនោះ​ទេសចរ​អន្តរ​ជាតិ​ប្រមាណ ៧៤​ម៉ឺន​នាក់ កើនឡើង ២០​ភាគរយ ខណៈ​រយៈពេល​៦​ខែ ដើមឆ្នាំ​២០១៨​នេះ កម្ពុជា​ទទួលបាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ប្រមាណ ៣​លាន​នាក់ កើនឡើង ១៣​ភាគរយ ហើយ​ជា​ការរំពឹងទុក​ពេញ​មួយឆ្នាំ​២០១៨ កម្ពុជា​នឹង​ទទួលបាន​ទេសចរ ៦,២​លាន​នាក់​។​

​លោក ថោង ខុន ក៏​បាន​បញ្ជាក់ទៀតថា រាជរដ្ឋាភិបាល​កម្ពុជា បាន​ទទួល​ហិរញ្ញប្បទាន​សម្បទាន​ពី​ធនាគារ​អភិវឌ្ឍន៍អាស៊ី ដើម្បី​វិនិយោគ​លើ​ហេ​ដ្ឋា​រចនា សម្ព័ន្ធ​ទេសចរណ៍​ពាក់ព័ន្ធ​ក្នុង​តំបន់ឆ្នេរ​ចំនួន​៣ គឺ​ខេត្ត​កែប កំពត និង​ខេត្ត​កោះកុង ក្នុង​គោលបំណង​ធ្វើឱ្យ​ប្រសើរឡើង នូវ​ការតភ្ជាប់​ការធ្វើដំណើរ និង​ទេសចរណ៍ តាម​ច្រក របៀង​ទេសចរណ៍​ភាគខាងត្បូង ថៃ​-​កម្ពុជា​-​វៀតណាម ការបង្កើត​ផលិតផល​ទេសចរណ៍​ថ្មីៗ ការបង្កើត និង​ការពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​ទេសចរណ៍ សហគមន៍​ទេសចរណ៍ ការអភិវឌ្ឍ​ធនធានមនុស្ស​ផ្នែក​ទេសចរណ៍ ជាពិសេស​លើកកម្ពស់​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍ និង​ការពង្រឹង​គុណភាព​សេវាកម្ម​ទេសចរណ៍ ការលើកកម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ការជំរុញ​កិច្ចអភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គម នៅ​តំបន់ឆ្នេរ និង​ការបើក​ច្រក​ទេសចរណ៍​ផ្លូវ សមុទ្រ​ទៅកាន់​តំបន់ និង​ពិភពលោក​របស់​កម្ពុជា​ផងដែរ​។​

លោក​រដ្ឋមន្ត្រី​បាន​ថ្លែងថា គ្រប់​ភាគី​ពាក់ព័ន្ធ​ត្រូវ​រួមគ្នា​ជំរុញ​ការអភិវឌ្ឍ​ទេសចរណ៍​តំបន់ឆ្នេរ ពិសេស​នៅ​ខេត្ត​កំពត​នេះ​ឱ្យ​មាន​និរន្តរភាព និង​ការទទួលខុសត្រូវ​ខ្ពស់ តាម​ទស្សនទាន​សំខាន់​៣​គឺ បៃតង ស្អាត និង​ឆ្លាត (Green Clean and Smart) ដោយ​យកចិត្តទុកដាក់​អនុវត្ត​តាម​ផែនការ​យុទ្ធសាស្ត្រ ផែនការអភិវឌ្ឍន៍ ផែនការមេ និង​ទស្សនទាន​ផែនការ​អភិវឌ្ឍ​ល្អៗ​បន្ថែមទៀត ក្នុងនោះ​ត្រូវ​យកចិត្តទុកដាក់ អនុវត្ត​ផែនការអភិវឌ្ឍន៍​ទេសចរណ៍​កំពត​ថ្មី ២០១៦-២០២០ ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់ ដើម្បី​រួមចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម ការការពារ​មាតុភូមិ​កម្ពុជា និង​ធ្វើឱ្យ​ទឹកដី​កម្ពុជា ក្លាយជា​កន្លែង​ដ៏​ប្រសើរ​បំផុត សម្រាប់​ការរស់នៅ​របស់​ប្រជាជន និង​ការ​ទស្សនា​របស់​ភ្ញៀវទេសចរ​។​

​លោក​ជាវ តា​យ អភិបាល​ខេត្ត​កំពត បានឱ្យដឹងថា ក្នុង​រយៈពេល​៦​ខែ ឆ្នាំ​២០១៨​នេះ ខេត្ត​កំពត​ទទួលបាន​ភ្ញៀវទេសចរ​សរុប​ចំនួន ៨៥៧.៥២៩​នាក់ ក្នុងនោះ​ភ្ញៀវ​អន្តរជាតិ​ចំនួន​៩២.៧១៨​នាក់ ហើយ​ខេត្ត​កំពត​មាន​រមណីយដ្ឋាន​ទេសចរណ៍​ចំនួន​១៧​កន្លែង សហគមន៍​ទេសចរណ៍​ចំនួន​៤ គោលដៅ​ទាក់ទង នឹង​សេវា​ស្នាក់នៅ​ចំនួន ២២០​កន្លែង ស្មើនឹង ៣.១១២​បន្ទប់ និង​សេវា​ម្ហូបអាហារ​ចំនួន ១២៧​កន្លែង​។ ខេត្ត​កំពត​គឺជា​សមាជិក​ក្លឹប​ឆ្នេរសមុទ្រ​ល្អ​បំផុត​លើ​ពិភពលោក ហើយ​ក្រុង​កំពត​ក៏​ជា​ក្រុង​ដែល​ទទួលបាន ផ្ការំដួល​បី​ទង ក្នុង​ចលនា​ប្រឡងប្រណាំង​ទីក្រុង ស្អាត​នា​ដើមឆ្នាំ​២០១៨​កន្លងមកនេះ​។​

​លោក ទិត ចន្ថា រដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍ និង​ជា​នាយក​គម្រោង​កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​ខេត្ត​កំពត បានឱ្យដឹងថា គម្រោង​សាងសង់​កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​ខេត្ត​កំពត​នេះ ត្រូវ​ការចំណាយ​ថវិកា​ជាង​៨​លាន​ដុល្លារ ដែល​ជា​ហិរញ្ញប្បទាន​សម្បទាន​ពី​ធនាគារ​អភិវឌ្ឍន៍អាស៊ី​៕

  

Loading...