ស្ថានទូត​រុស្ស៊ី​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន បាន​បញ្ជាក់​ថា ការ​ដាក់​ទណ្ឌកម្ម​ថ្មីៗ​របស់​សហរដ្ឋ​អាមេរិក​លើ​ប្រទេស​រុស្ស៊ី​គឺ​ផ្អែក​លើ «ការ​ចោទ​ប្រកាន់​ដែល​មិន​ទំនង» ថា​រុស្ស៊ី​ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​ការ​បំពុល​អតីត​ចារបុរស​រុស្ស៊ី​ម្នាក់ និង​កូន​ស្រី​របស់​ចារបុរស​នោះ​នៅ​ក្នុង​ចក្រភព​អង់គ្លេស​កាល​ពី​ខែ​មិនា​កន្លង​ទៅ​នេះ។



ស្ថានទូត​រុស្ស៊ី​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ប្រកាស​មួយ​របស់​ខ្លួន​ថា៖ «រដ្ឋាភិបាល​រុស្ស៊ី​ស៊ាំ​ទៅ​ហើយ​ចំពោះ​រឿង​ដែល​មិន​មាន​ការ​ពិត ឬ​ក៏​ភស្តុតាង​ណា​មួយ​នោះ»។

ស្ថានទូត​រុស្ស៊ី​បាន​បន្ថែម​ទៀត​ថា សហរដ្ឋ​អាមេរិក​មិន​បាន​ឆ្លើយតប​ចំពោះ​សំណួរ​របស់​រុស្ស៊ី​អំពី​ភស្តុតាង​ចំពោះ​ករណី​នេះ ហើយ​រុស្ស៊ី​គឺ​គាំទ្រ​ឲ្យ​មាន​នូវ​ការ​ស៊ើប​អង្កេត​ដ៏​មាន​តម្លាភាព​មួយ​ទៅ​លើ​អ្វី​ដែល​បាន​កើត​ឡើង។

ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​បាន​ប្រកាស​អំពី​ការ​ដាក់​ទណ្ឌកម្ម​ថ្មីៗ​នេះ​កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ ដោយ​បាន​បញ្ជាក់​ថា រុស្ស៊ី​បាន​រំលោភ​លើ​ច្បាប់​អន្តរជាតិ​ដោយ​បាន​ប្រើ​សារធាតុ​ពុល​ដ៏​សាហាវ​បំផុត​ប្រឆាំង​នឹង​ជនជាតិ​ខ្លួន​ឯង។ វិធានការ​ទណ្ឌកម្ម​នេះ​នឹង​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ទី ២២ ខែ​សីហា​នេះ ហើយ​ជា​ទូទៅ​ទណ្ឌកម្ម​នេះ​គឺ​ពាក់ព័ន្ធ​នឹង​ការ​ចេញ​អាជ្ញាប័ណ្ណ​របស់​សហរដ្ឋ​អាមេរិក​សម្រាប់​ការ​នាំ​ចេញ​ទំនិញ​ទាក់ទិន​នឹង​សន្តិសុខ​ជាតិ​ទៅ​កាន់​ប្រទេស​រុស្ស៊ី ដូចជា​គ្រឿង​អេឡិចត្រូនិក​ជា​ដើម។

ចារបុរស​រុស្ស៊ី​ដែល​ត្រូវ​បាន​បំពុល​នោះ​ឈ្មោះ Sergei Skripal និង​កូន​ស្រី​របស់​បុរស​នោះ​ឈ្មោះ Yulia ត្រូវ​បាន​ប៉ូលិស​រក​ឃើញ​ដួល​សន្លប់​នៅ​ក្នុង​ទីក្រុង Salisbury ចក្រភព​អង់គ្លេស។ អ្នក​ទាំង​ពីរ​ត្រូវ​បាន​បំពុល​ដោយ​សារធាតុ Novichok ដែល​ជា​សារធាតុ​ពុល​ម្យ៉ាង​កាល​ពី​សម័យ​សហភាព​សូវៀត។ អ្នក​ទាំង​ពីរ​រួច​ពី​ការ​ស្លាប់ ប៉ុន្តែ​បាន​ចំណាយ​ពេល​អស់​ជា​ច្រើន​សប្ដាហ៍​ដើម្បី​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ៕ ប្រភព៖ VOA

Loading...