ហេតុការណ៍​ក្មេង​១២​នាក់ និងគ្រូបង្វិក​បាល់​ទាត់​ម្នាក់​ជាប់​កុន​ក្នុង​រូង​ភ្នំអស់​ជា​ច្រើន​ថ្ងៃ ទម្រាំសង្គ្រោះ​រួច បាន​ធ្វើ​ឱ្យ​កក្រើក​អារម្មណ៍​ពិភពលោក។ ចុះ​តើ​ថ្ងៃ​ស្អែកពួក​គេអាច​នឹង​ធ្វើ​ឱ្យ​អាជ្ញាធរ​ថៃ​ ចាប់​គិត​គូរ​អំពី​បញ្ហា​ក្មេង​គ្មាន​សញ្ជាតិ គ្មាន​ប្រទេស​ដែរឬទេ ?! បើ​តាម​ស្ថិតិ គេ​រាប់​ឃើញ​មានមនុស្ស​​ប្រមាណ​ជិត​កន្លះ​លាន​នាក់​រស់​នៅ​ក្នុង​ប្រទេស​ថៃ ក្នុង​នាម​ជា​ជន​គ្មាន​សញ្ជាតិ ក្នុង​នោះ​មាន​ម្នាក់ គ្រូ​បង្វិក​និ​ងកុមារ​បី​នាក់ ដែលជាប់​កុន​ក្នុង​រូង​ភ្នំ​កាលពី​ខែ​មុន។ ប៉ុន្តែ​ម្សិលមិញ​នេះ ពួក​គេ​ទាំង​បួន បាន​ក្លាយ​ជា​ជន​ជាតិ​ថៃ​ យ៉ាង​ពេញលេញ។​ នេះ​បើ​តាម​ការ​ផ្សព្វផ្សាយ​របស់​កាសែត The Guardian។



ចៅ​ហ្វាយ​ស្រុក បាន​ប្រគល់​អត្តសញ្ញាណបណ្ណប្រជាជនទៅ​ឱ្យ​​គ្រូបង្វាត់​បាល់ទាត់អាយុ​២៥​ឆ្នាំ ​និង​កុមារា​ទាំង​បី​ ដោយ​អះអាង​ថា ការ​ផ្តល់​សញ្ជាតិ​នេះ​គ្មាន​ពាក់ព័ន្ធ​នឹង​ហេតុការណ៍​ជាប់​កុន​ក្នុង​រូង​ភ្នំ​របស់​ពួក​គេ​ទេ ! អ្វីៗ​ត្រូវ​បាន​រៀប​ចំ​ទៅ​តាម​ដំណើរ​បែប​បទសុំ ​តាម​ផ្លូវ​ច្បាប់​ តាំង​ពី​មុន​កើត​ហេតុ​ម្ល៉េះ។

ប៉ុន្តែ​អាជ្ញាធរ​មូលដ្ឋាន ដែល​ជា​ទី​កំណើត​របស់​គ្រូបង្វឹក​បាល់​និង​កុមារ​ទាំង​បី​វិញ បាន​អួត​អាង​ក្នុង​ទំព័រ​ហ្វេសប៊ូក​ថា នេះ​ជា​ជោគជ័យ​របស់​ក្រុម​កីឡាបាល់ទាត់ “ជ្រូកព្រៃ” ! ពួក​គេ​បាន​សញ្ជាតិហើយ!

កុមារា ​ អាឌុល ម៉ុងកុល និង​ពនឆៃ និង​គ្រូបង្វឹក​បាល់ទាត់​ ឯកាប៉ូល ចាន់តាវង់ កើត​នៅ​ប្រទេស​ថៃ ប៉ុន្តែជា​ជន​គ្មាន​​ប្រទេស និង​គ្មាន​សញ្ជាតិ ដូច​បណ្តា​ជន​ជាង​៤សែន​នាក់​ផ្សេង​ទៀត ដែល​ឧត្តមស្នងការអង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​​ជនភៀសខ្លួន រាប់​ឃើញ​នៅ​ប្រទេស​ថៃ។ គ្រូប​ង្វឹក​បាល់​វ័យ​ក្មេង​នេះ ជា​ជនជាតិ​ភាគ​តិច​ តៃលុយ របស់​ភូមា ដែលគេ​ឃើញ​​មាន​រស់​នៅ​ច្រើន​តាម​បណ្តោយ​ព្រំដែន​ថៃ ដើម្បី​រត់​គេច​ពី​ការ​វាយប្រហារ​របស់​​យោធា​ភូមា។ ពួកគេ​​ភាគ​ច្រើនរស់​​ក្នុង​ជំរំ ចន្លោះ​ព្រំដែន​ភូមា​-ថៃ តាំង​ពី​ជា​ច្រើន​ឆ្នាំ។

ជា​ទូទៅ​ ជនគ្មាន​សញ្ជាតិ គ្មាន​ប្រទេស​ទាំងនេះ បាន​ទទួល​ការសិក្សា​ និងអាច​រួម​​រស់​​​ក្នុង​សង្គម​ ទៅ​​បួស​រៀនក្នុង​វត្ត​ដូចបណ្តា​ពលរដ្ឋក្រីក្រ​ថៃ​ទូទៅ។ ប៉ុន្តែពួកគេ​គ្មាន​សិទ្ធិរៀប​ការ​ដោយ​ស្រប​ច្បាប់ គ្មាន​សិទ្ធិ​ទៅ​ធ្វើការ គ្មាន​គណនី​នៅធនាគារ គ្មាន​សិទ្ធិ​ទិញ​ផ្ទះ​ គ្មាន​សិទ្ធិធ្វើ​ដំណើរ​ទៅប្រទេស​ផ្សេង ឬ​ក្លាយ​ជា​កីឡាករ​អាជីព​បាន​។ នេះ​ជា​ករណី​ជាក់ស្តែង​របស់​ ឯកាប៉ូល ចាន់តាវង់ និង​កុមារ​ទាំង​បី ដែល​ខក​ខាន​ដំណើរ​មិន​អាច​ទៅ​ចូល​រួម​ប្រកួត​បាល់ទាត់​នៅ Manchester United ​ តាម​ការ​អញ្ជើញ​របស់​ក្លឹប​អង់គ្លេស​បាន ព្រោះ​​គ្មាន​លិខិត​ឆ្លង​ដែន។

អាជ្ញាធរ​ថៃ​បាន​សន្យា​ថា​នឹង​ធ្វើ​ជំរឿន​ជន​គ្មាន​ប្រទេស​ឱ្យ​អស់​ចប់សព្វគ្រប់​នៅ​ឆ្នាំ​២០២៤។ គ្រាន់​តែ​ថា​នេះ​ជា​ពាក្យ​ប្តេជ្ញា​ តែ​គ្មាន​អ្វី​ជា​ការ​ជាក់លាក់​សោះ​មក​ទល់​ពេល​នេះ។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​អង្គការ​ការពារ​សិទ្ធិមនុស្ស​Amnesty International សង្ឃឹម​ថា​ប្រវត្តិ​របស់​គ្រូបង្វិក​និងកុមារ​ជាប់​កុនក្នុង​រូង​ភ្នំទាំង​បី អាច​ដាស់​ស្មារតី​រដ្ឋាភិបាល​​ឱ្យ​យល់​ពី​វិសាលភាព​នៃ​ជន​អត់​ប្រទេស នៅទឹកដី​ថៃ៕ ប្រភព៖ RFI

Loading...