អតីត​គណបក្ស​សង្រ្គោះ​ជាតិ កាល​ពី​ថ្ងៃ​ទី​​ ៨ ​ខែ​សីហា បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ថ្មី​ចុង​ក្រោយ​ ស្តី​ពី «ប្រតិកម្ម​បន្ត​របស់​សហគមន៍​អន្តរជាតិ ចំពោះ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា»។ តាម​រយៈ​សេចក្តី​ថ្លែងការណ៍​នេះ អតីត​គណបក្ស​សង្រ្គោះ​ជាតិ បាន​អំពាវនាវ​ឲ្យ​ប្រទេស​ដែល​ជា​ម្ចាស់​ហត្ថលេខី​នៃ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស កោះ​ប្រជុំ​ជា​បន្ទាន់ ដើម្បី​ដោះ​ស្រាយ​បញ្ហា​រំលោភ​បំពាន​នានា ដែល​កំពុង​កើត​មាន​នៅ​កម្ពុជា។ ប៉ុន្តែ​លោក ផៃ ស៊ីផាន បាន​ចាត់​ទុក​ការ​អំពាវនាវ​នេះ​ថា ជា​ការណ៍​ឥត​ប្រយោជន៍។



តាម​រយៈ​សេចក្តី​ថ្លែងការណ៍​ចុះ​ថ្ងៃ​ទី ៨ សីហា អតីត​គណបក្ស​សង្រ្គោះ​ជាតិ បាន​លើក​ឡើង​ថា បណ្តា​ប្រទេស​ដែល​បាន​ប្រកាស​ច្រាន​ចោល​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា ភាគ​ច្រើន ​គឺ​ជា​ប្រទេស​ហត្ថលេខី​នៃ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ ១៩៩១ ។ ប្រទេស​ទាំង​នោះ​មាន​ជា​អាទិ៍ ប្រទេស​អង់គ្លេស អាលឺ្លម៉ង់ ណូវេសេឡង់ អូស្រ្តាលី កាណាដា បារាំង សហភាព​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក ជាដើម។

បើ​តាម​សេចក្តី​ថ្លែងការណ៍ កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ ១៩៩១ ដែល​ជា​សន្ធិសញ្ញា​អន្តរជាតិ បាន​កំណត់​ថា ប្រទេស​កម្ពុជា​មាន​កាតព្វកិច្ច​អនុវត្ត​តាម​ប្រព័ន្ធ​លទ្ធិ​ប្រជាធិបតេយ្យ​សេរី ដោយ​ឈរ​លើ​មូលដ្ឋាន​ពហុបក្ស​និយម ដែល​ការ​បោះ​ឆ្នោត​ត្រូវ​ធ្វើ​ឡើង​ក្នុង​ភាព​ត្រឹម​ត្រូវ និង​តាម​កាល​កំណត់ ហើយ​ត្រូវ​គោរព​តាម​លក្ខខណ្ឌ​និង​នីតិវិធី​នៃ​ការ​បោះ​ឆ្នោត តាម​រយៈ​ការ​ផ្តល់​ឱកាស​ពេញ​លេញ និង​យុត្តិធម៌ ដើម្បី​រៀប​ចំ​និង​ចូល​រួម​ក្នុង​ដំណើរ​ការ​នៃ​ការ​បោះ​ឆ្នោត​នោះ។ បើ​តាម​អតីត​បក្ស​ប្រឆាំង ដោយ​សារ​មាន​ការ​រំលោភ​បំពាន​យ៉ាង​ជាក់​ច្បាស់​លើ​រដ្ឋធម្មនុញ្ញ​កម្ពុជា​និង​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស បណ្តា​ប្រទេស​ហត្ថលេខី​នៃ​កិច្ច​ព្រម​ព្រៀង​នេះ ត្រូវ​លើក​យក​មក​ប្រើ​ឡើង​វិញ នូវ​មាត្រា ៥ នៃ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។ មាត្រា​៥​នៃ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស តម្រូវ​ឲ្យ​សហប្រធាន​នៃ​សន្និសីទ​នេះ បើក​ការ​ប្រជុំ​ពិភាក្សា​​ជា​បន្ទាន់ ដើម្បី​អនុម័ត​នូវ​វិធានការ​សម​ស្រប​ទាំង​ឡាយ ក្នុង​គោល​ដៅ​ធានា​ដល់​ការ​គោរព​នូវ​ការ​ប្តេជ្ញា​ចិត្ត​របស់​អន្តរជាតិ និង​ដើម្បី​ដោះ​ស្រាយ​បញ្ហា​រំលោភ​បំពាន​ដែល​ត្រូវ​បាន​កត់​សម្គាល់​ទាំង​នេះ ដោយ​សន្តិវិធី។ ការ​កោះ​ប្រជុំ ដែល​មាន​ការ​ចូល​រួម​ពី​អតីត​គណបក្ស​សង្រ្គោះ​ជាតិ​ផង​ដែរ។ នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍។ បើ​តាម​សេចក្តី​ថ្លែង​ការណ៍​ដដែល អតីត​គណបក្ស​សង្រ្គោះ​ជាតិ​បាន​ព្រមាន​ថា ការ​ផ្លាស់​ប្ដូរ​ប្រទេស​កម្ពុជា តាម​រយៈ​ការ​បោះ​ឆ្នោត​ខុស​ច្បាប់ នឹង​នាំ​ឲ្យ​មាន​ការ​ដាក់​ទណ្ឌកម្ម​ធ្ងន់​ធ្ងរ ពី​សហគមន៍​អន្តរជាតិ ហើយ​ដែល​ទណ្ឌកម្ម​ទាំង​នេះ នឹង​មាន​ផល​ប៉ះ​ពាល់​ជា​ខ្លាំង​ដល់​ពលរដ្ឋ​ខ្មែរ។

ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា​បាន​ចាត់​ទុក​ការ​អំពាវនាវ​នេះ​ថា ជា​ការ​ឥត​ប្រយោជន៍ ហើយការ​បោះ​ឆ្នោត​នៅ​កម្ពុជា ក៏​មិន​ចាំ​បាច់​ត្រូវ​ការ​ការ​ទទួល​ស្គាល់​ពី​បណ្តា​ប្រទេស​ណា​មួយ​នោះ​ទេ។ បើ​តាម​លោក ផៃ ស៊ីផាន បើ​ទោះ​បី​ជា​ប្រទេស​ខ្លះ​មិន​ទទួល​ស្គាល់​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា តែ​ក៏​មាន​ការ​ទទួល​ស្គាល់​និង​អបអរ​សាទរ​ពី​បណ្តា​ប្រទេស​ផ្សេង​ទៀត តួ​យ៉ាង ដូច​ជា​ប្រទេស​ចិន និង​ចុង​ក្រោយ​នេះ គឺ​ប្រទេស​ថៃ និង​ប្រទេស​ហ្វីលីពីន ជា​ដើម។ បើ​គ្មាន​ការ​ប្រែ​ប្រួល​ទេ រដ្ឋាភិបាល​ថ្មី​របស់​គណបក្ស​ប្រជាជន​កម្ពុជា នឹង​ត្រូវ​បង្កើត​ឡើង​នៅ​ថ្ងៃ​ទី ៦ កញ្ញា ហើយ​គណៈរដ្ឋមន្រ្តី​ថ្មី​នឹង​កោះ​ប្រជុំ នៅ​ថ្ងៃ​ទី ៧ កញ្ញា៕ ប្រភព៖ RFI