​សៀមរាប ៖ នៅ​រសៀល​ថ្ងៃ​ទី​៩​ខែ​សីហា ឆ្នាំ​២០១៨ ប្រទេស​កម្ពុជា បាន​ធ្វើ​កម្មវិធី​អបអរសាទរ ប្រគល់​ទទួល​ពានរង្វាន់​ប្រាសាទ​អង្គរ​វត្ត ឈ្នះ​ជ័យលាភី​លេខ​១ ជា​សំណង់​ប្រវត្តិសាស្ត្រ​ដ៏​អស្ចារ្យ បំផុត​លើ​ពិភពលោក​ឆ្នាំ​២០១៨ ។​



​ដោយ​ទទួលបាន​ការចាប់អារម្មណ៍​ដ៏​លើសលប់​ពី​អ្នកធ្វើដំណើរ និង​ទេសចរ​អន្តរជាតិ​រាប់លាន​នាក់ នៅលើ​គេហទំព័រ​របស់​ទីភ្នាក់ងារ​ប្រឹក្សា​យោបល់​លើ​ការធ្វើដំណើរ (TripAdvisor) ប្រាសាទអង្គរវត្ត​របស់​កម្ពុជា បាន​ទទួល​ចំណាត់ថ្នាក់​លេខ​១ ជា​សំណង់​ប្រវត្តិសាស្ត្រ​ដ៏​អស្ចារ្យ​បំផុត លើ​ពិភពលោក​សម្រាប់​ឆ្នាំ​២០១៨ ក្នុងចំណោម​សំណង់​បុរាណ​ទាំង​២៥ ដែល​នេះ​ជា​ការបញ្ជាក់​ថា ពិភពលោក​នៅ​តែ​សាទរ ចំពោះ​សំណង់​អច្ឆរិយ​របស់​ខ្មែរ​។​

​ពិធី​ប្រគល់​-​ទទួលពាន​រង្វាន់​នេះ ត្រូវបាន​ធ្វើឡើង​នៅ​មុខ​ប្រាសាទអង្គរវត្ត នា​រសៀល​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០១៨ ក្រោម​អធិបតីភាព​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោក ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប លោក សុខ សង្វា​រ អគ្គនាយករង​អាជ្ញាធរ​ជាតិ​អប្សរា លោកស្រី សា​រ៉ា ម៉ា​ធ្យូស៍ ប្រធាន TripAdvisor និង​មាន​ការចូលរួម​ពី​មន្ត្រីរាជការ មគ្គុទ្ទេសក៍​ទេសចរណ៍ ប្រជាពលរដ្ឋ រួម​ទាំង​ភ្ញៀវទេសចរ​ជាច្រើន​នាក់​។​

​សូម​រំឭកថា ប្រាសាទអង្គរវត្ត​កម្ពុជា ត្រូវបាន​ភ្ញៀវទេសចរ​រាប់លាន​នាក់​ជុំវិញ​ពិភពលោក បោះឆ្នោត​ជូន ជាទី​សំណង់​ប្រវត្តិសាស្ត្រ​ដ៏​អស្ចារ្យ​បំផុត ដោយ​ការបោះឆ្នោត​បាន​ប្រើប្រាស់​ពេល ១២​ខែ គិត​មក​ទល់​ថ្ងៃ​ទី​២២ ខែ​ឧសភា ឆ្នាំ​២០១៨​។​

​នេះ​ជា​ឆ្នាំ​ទី​៥ ហើយ ដែល​ប្រាសាទ​អង្គរវត្ត ត្រូវ​បាន​ជាប់​ចំណាត់ថ្នាក់​លេខ​១ តាមរយៈ​វេបសាយ​ល្បីល្បាញ មាន​ជាអាទិ៍​៖

១- កាលពី​ឆ្នាំ​២០១៤ ប្រាសាទអង្គរវត្ត បាន​ជាប់​លេខ​១ នៅលើ​វេបសាយ ArchaeoMadness ជា​តំបន់​បុរាណ​វិទ្យា និង​ប្រវត្តិសាស្ត្រ​ដែល​ទាក់ទាញ​បំផុត​លើ​ពិភពលោក​។​

២- នៅ​ដើមឆ្នាំ​២០១៥ ប្រាសាទអង្គរវត្ត ទទួលបាន​ចំណាត់ថ្នាក់​លេខ​១ ម្ដងទៀត ពី​វេបសាយ TripAdvisor ជា​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​ល្បីល្បាញ​លើ​ពិភពលោក​។​

៣- នៅ​ឆ្នាំ​២០១៦ ប្រាសាទអង្គរវត្ត បន្ត​ជាប់​លេខ​១ បន្ថែមទៀត នៅលើ​វេបសាយ Lonely Planet ជា​រមណីយដ្ឋាន​ទេសចរណ៍​វប្បធម៌​ដ៏​ល្បីល្បាញ​លើ​ពិភពលោក​។​

៤- នៅ​ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨​នេះ TripAdvisor បាន​បន្ត​ផ្ដល់​ចំណាត់ថ្នាក់​លេខ​១ ដល់​ប្រាសាទ​អង្គរវត្ត ក្នុងឋានៈ​ជា​សំណង់​ប្រវត្តិសាស្ត្រ​ដ៏​អស្ចារ្យ​បំផុត​លើ​ពិភពលោក​។​

​គិត​មកដល់​បច្ចុប្បន្ន​កម្ពុជា ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​ប្រកបដោយ​គតិបណ្ឌិត​របស់ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ធ្វើឲ្យ​ប្រទេស​ជាតិ​យើង​ពោរពេញ​ដោយ​សុខសន្តិភាព និង សុខ​សុវត្ថិភាព​សាធារណៈ ដែល​ធ្វើឲ្យ​វិស័យ​ទេសចរណ៍​នៅ​ខេត្ត​សៀមរា​ប បាន​នឹង​កំពុង​បន្ត​បោះ​ជំ​ហ៊ាន​ទៅ​មុខ ស្រប​នឹង​វិស័យ​ផ្សេងៗ​ទៀត ហើយ​មិនថាតែ​នៅ​ខេត្ត​សៀមរាប​នោះទេ នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​ក៏​ដូចគ្នា គឺ​បាន​នឹង កំពុង​អភិវឌ្ឍ​ឈាន​ឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ព្រោះថា វិស័យ​ទេសចរណ៍​មិន​អាច​អភិវឌ្ឍ​បានទេ ប្រសិនបើ​ប្រទេស​ជាតិ​មួយ​គ្មាន​សន្តិភាព​នោះ ហើយ​ជា​ការពិត កម្ពុជា​ពិតជា​មាន​ឧត្តមភាព​ប្រកួតប្រជែង​ខ្ពស់​ខាង​វិស័យ​ទេសចរណ៍ ក្រោម​ម្លប់​នៃ​សន្តិភាព ស្ថិរភាព​នយោបាយ និង​សុខ​សុវត្ថិភាព ដែល​ជា​គ្រឹះ​ដ៏​រឹងមាំ​នៃ​ការអភិវឌ្ឍន៍​។​

​ប្រាសាទ​អង្គរវត្ត​ជាប់​ជា​សំណង់​ប្រវត្តិសាស្ត្រដ៏​អស្ចារ្យ​បំផុត​លើ​ពិភពលោក​សម្រាប់​ឆ្នាំ​២០១៨​នេះ គឺ​ដោយសារ​មាន​ការចូលរួម​ចំណែក ដ៏​សកម្ម​ពី​យើង​ទាំងអស់គ្នា​ផងដែរ​។​

​លោក​អភិបាលខេត្ត ឃឹម ប៊ុន​សុង បានឱ្យដឹងថា កន្លងមក​កម្ពុជា​ក៏​ធ្លាប់​បាន​ទទួលពាន​រង្វាន់​លំដាប់ថ្នាក់​ពិភពលោក ពី​ស្ថាប័ន​វាយតម្លៃ​អន្តរជាតិ​ផ្សេងៗ​ទៀត នៅ​ឆ្នាំ​២០១៤ អង្គរវត្ត​ជាប់​ចំណាត់ថ្នាក់​លេខ​១ ជា​តំបន់​បុរាណ​វិទ្យា និង​ប្រវត្តិសាស្ត្រ​ដ៏​ទាក់ទាញ​បំផុត​លើ​ពិភពលោក នៅលើ​គេហទំព័រ ArcheaoMadness​។ នៅ​ឆ្នាំ​២០១៦ អង្គរវត្ត​បាន​ជាប់​ចំណាត់ថ្នាក់​លេខ​១ ជា​រមណីយដ្ឋាន​ទេសចរណ៍​វប្បធម៌​ដ៏​ល្បីល្បាញ​លើ​ពិភពលោក នៅលើ​គេហទំព័រ Lonely Planet​។ នៅ​ឆ្នាំ​២០១៨​នេះ រាជធានី​អង្គរ​ក៏​ទទួលបាន​ជ័យលាភី​ជា​រាជធានី​ទេសចរណ៍ និង​វប្បធម៌​ពិភពលោក​ផង​ដែរ​។​

​លោក​រដ្ឋមន្ត្រី ថោង ខុន បានឱ្យដឹងថា ការរីកចម្រើន​នៃ​វិស័យ​ទេសចរណ៍​កម្ពុជា ពិតជា​មិន​អាច​កាត់ផ្តាច់​ចេញ ពី​ការបង្កើន​ភាព​ទាក់ទាញ​របស់​កម្ពុជា ជា​គោលដៅ​ទេសចរណ៍​ដ៏​ទាក់ទាញ​ប្រកបដោយ​គុណភាព ទាំង​កម្រិត​តំបន់ និង​ពិភពលោក ព្រម​ជាមួយ​ការដឹកនាំ​ប្រកប​ដោយ​ភាព​វៃ​ឆ្លាត​។ កម្ពុជា​បាន​ទទួល​ជ័យលាភី​ជា​គោលដៅ​ទេសចរណ៍ ដែល​មាន​ភាពស្និទ្ធស្នាល​បំផុត​សម្រាប់​ភ្ញៀវទេសចរ​បរទេស តាមរយៈ​ការសិក្សា​ស្រាវជ្រាវ​របស់​គេហទំព័​រ Expat Insider​។​

​លោក​រដ្ឋមន្ត្រី​បាន​ថ្លែងថា ក្រសួងទេសចរណ៍​ប្តេជ្ញាចិត្ត បន្ត​ដឹកនាំ​វិស័យ​ទេសចរណ៍​កម្ពុជា​ឱ្យ​កាន់តែ​រីកចម្រើន ប្រកបដោយ​និរន្តរភាព ការទទួលខុសត្រូវ និង​បរិយា​ប័ន្ន​យ៉ាង​ទូលំទូលាយ ហើយ​លោក​បាន​អំពាវនាវ​ដល់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ មេត្តា​ចូលរួម​ជាមួយ​ក្រសួង​ទេសចរណ៍ ក្នុង​ការជំរុញ​ការងារ​ផ្សព្វផ្សាយ​គោលដៅ​ទេសចរណ៍​កម្ពុជា ឱ្យ​កាន់តែ​ខ្លាំងក្លា​បន្ថែម​ទៀត​នៅ​លើ​ឆាក​អន្តរជាតិ ពិសេស​សហការ​ជាមួយ TripAdvisor​។​

​លោក សុខ សង្វា​រ បាន​លើកឡើង​ថា តាមរយៈ​ការផ្ដល់​ចំណាត់ថ្នាក់​លេខ​១ ជា​សំណង់​ប្រវត្តិសាស្ត្រ​ដ៏​អស្ចារ្យ​បំផុត​លើ​ពិភពលោក​នេះ តំបន់​រមណីយដ្ឋាន​អង្គរ​ទាំង​មូល នឹង​ទទួលបាន​កំណើន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ជាច្រើន​បន្ថែមទៀត ហើយ​កម្ពុជា​ក៏​កាន់តែ​ផ្សព្វផ្សាយ ទៅកាន់​ពិភពលោក​កាន់តែ​ទូលំទូលាយ​ទៀត​ផង​ដែរ​។​

លោកស្រី សា​រ៉ា ម៉ា​ធ្យូស៍ បាន​លើកឡើង​ថា ការផ្ដល់​ចំណាត់ថ្នាក់​លេខ​១ ដល់​ប្រាសាទអង្គរវត្ត​របស់​ប្រទេស​កម្ពុជា ជាទី​សំណង់​ប្រវត្តិសាស្ដ្រ​ដ៏​អស្ចារ្យ​បំផុត ក្នុង​ឆ្នាំ​២០១៨ ធ្វើឡើង​តាមរយៈ​ការ​ស្រង់​មតិ​រយៈពេល​១២​ខែ លើ​ចំណាប់អារម្មណ៍ និង​ទស្សនៈ​របស់​អ្នក​ទេសចរណ៍​រាប់លាន​នាក់​ជុំវិញ​ពិភពលោក កាលពី​ថ្ងៃ​ទី​២២ ខែ​ឧសភា ឆ្នាំ​២០១៨​។​

​បន្ទាប់​ពី​បញ្ចប់​ពិធី​ប្រគល់​-​ទទួលពាន​រង្វាន់​ពី​ប្រធាន​គេហទំព័រ​អន្តរជាតិ​ដ៏​ល្បី​មួយ​នេះហើយ គណៈអធិបតី ប្រតិភូ TripAdvisor រួម​ជាមួយ​ភ្ញៀវ​ទេរ​សចរ ក៏​បាន​នាំគ្នា​ជិះ​កង់​រ៉ឺម៉ក ដង្ហែ​បន្តទៅ​ចូលរួម​កម្សាន្ត​សប្បាយ នៅក្នុង​ពិធី​ជប់លៀង​នៅ Pub Street នា​ពេល​រាត្រី​៕ ​