​ខេត្ត​កំពង់ស្ពឺ ៖ ឧត្តមសេនីយ៍​យោធា​ពាក់​ផ្កាយ​៣​ម្នាក់ ត្រូវបាន​មន្ត្រី​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត​កំពង់ស្ពឺ និង​ប្រជាពលរដ្ឋ​នៅក្បែរ​កន្លែង​កើតហេតុ រិះគន់​គ្រប់ៗ​គ្នា​ថា និយាយស្តី​គ្មាន​សុជីវធម៌​សោះ​។ ពួក​គេ​រិះគន់ថា មន្ត្រី​មាន​ឋាន្តនរស័ក្តិ​ពាក់​ផ្កាយ​ដល់ទៅ​៣ នៅ​លើ​ស្មា​ទៅហើយ ប៉ុន្តែ​បែរជា​មក​ស្រែក​ជេរ​ប្រមាថ​មន្ត្រី​ជំនាញ និង​ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត​កំពង់ស្ពឺ យ៉ាង​ចាស់ដៃ ខណៈ​មន្ត្រី​ជំនាញ​បាន​ចុះទៅ​ពិនិត្យ​ក្រុម​ឈ្មួញ​រកស៊ី​ជីក​កាយ​យក​អាចម៍ដី​លក់ មិន​បាន​សុំច្បាប់​អនុញ្ញាត ហើយ​ត្រូវបាន លោក​ផ្កាយ​៣ ឈ្មោះ ណូន រ៉​ន ដែលជា​អ្នក​កាង​នៅ​ពីក្រោយ​ខ្នង​មិន​គោរព​ច្បាប់ ដោយ​បាន​យក​ច្បាប់​ព្រៃ និង​អំណាច​របស់​ខ្លួន មក​គំរាម​មន្ត្រី​ជំនាញ​ទៅវិញ​។​



តាម​ការអះអាង របស់ លោក ផាន់ ឧត្តម អាយុ ២៦​ឆ្នាំ ជា​មន្ត្រី​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត​កំពង់ស្ពឺ រស់នៅ​ក្នុងភូមិ​ពាណិជ្ជកម្ម សង្កាត់រ​កា​ធំ ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ បាន​ផ្តល់​សម្ភាសន៍​ឲ្យ​ក្រុម​អ្នកកាសែ​ត​ប្រចាំ​ខេត្ត​កំពង់ស្ពឺ ដឹងថា កាលពី​ព្រឹក​ថ្ងៃទី​៧ ខែ​សីហា ឆ្នាំ​២០១៨​កន្លងទៅ គណៈបញ្ជាការ​ឯកភាព​ស្រុក​សំរោង បាន​ដឹកនាំ​កម្លាំងចម្រុះ​ចុះ​ពិនិត្យមើល​ដំណាំ​ស្រែ​ស្រូវ របស់​ប្រជាពលរដ្ឋ​នៅក្នុង​ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ​។ បន្ទាប់​ពី​ចុះ​ពិនិត្យ​រួច​ហើយ កម្លាំងចម្រុះ​ក៏​ប្រទះ​ឃើញ​មាន​ក្រុម​ឈ្មួញ​មួយក្រុម ដែល​រកស៊ី​ជី​កកាយ​អាចម៍ដី​លក់ ដោយ​សង្ស័យ​ថា មិន​មាន​សុំច្បាប់​អនុញ្ញាត ក៏​ទូរស័ព្ទ​ទៅ​ខាង​មន្ត្រី​ជំនាញ​រ៉ែ និង​ថាមពល ឲ្យ​ចុះ ទៅពិនិត្យ និង​សួរនាំ​រឿង​ជី​កកាយ​មាន​ច្បាប់​ត្រឹមត្រូវ​ឬ​យ៉ាងណា​?​។​

​លោក​បន្ត​ទៀត​ថា បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ខាងលើ​រួច​ហើយ រូប​លោក​រួម​ជាមួយ​មន្ត្រី​ចំនួន​២​នាក់​ទៀត រួម​ដំណើរ​រថយន្ត​មួយគ្រឿង បាន​ចុះ​ទៅ​សួរនាំ​តៃកុង​រថយន្ត​ដឹក​ដី​នោះ ដោយ​និយាយថា គ្រឿងចក្រ ដែល​កំពុង​ជី​កកាយ​យក​អាចម៍ដី​នោះ មាន​ថៅកែ ឈ្មោះ លឹម ហេង ដែល​រស់នៅ​ម្តុំ​ផ្សារ​ព្រៃ​ផ្តៅ ហើយ​ការជីក​កាយ​យក​អាចម៍ដី​នេះ ធ្វើឡើង​នៅក្នុង​ភូមិ​លំពែង​ព្រះរាម ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ​។​

​មន្ត្រី​ដដែល​បន្តថា បន្ទាប់មក ពួកគាត់​បាន​ទូរស័ព្ទ​ទៅ​លោក លឹម ហេង ដើម្បី​សួរនាំ និង​ណែនាំ​ឲ្យ​សុំ​ច្បាប់​ទម្លាប់​ត្រឹមត្រូវ​តាម​ច្បាប់​រដ្ឋ​កំណត់ ហើយ​លោក លឹម ហេង បាន​ណាត់​ក្រុម​ការងារ​ទៅ​ជួប​នៅ​មុខ​បន្ទាយ​ទាហាន​ទន្លេ​រ​កន្ទិល ក៏​ស្រាប់តែ​លេច​មុខ លោក​ផ្កាយ​៣​ម្នាក់ អតីត​បម្រើ​ការងារ​នៅ​បន្ទាយ​ទន្លេ​រ​កន្ទិល​នេះ បច្ចុប្បន្ន​ទៅ​បម្រើ​ការងារ​នៅ​អគ្គ​ហើយ មក​អះអាង​កាង​ស្រែក​ឡូឡា ជេរប្រមាថ​ធ្ងន់ៗ​ដល់ មន្ត្រី​រ៉ែ និង​ថាមពល​ខេត្ត​កំពង់ស្ពឺ​។ មិនតែប៉ុណ្ណោះ លោក​ផ្កាយ​៣​រូបនេះ ក៏​បាន​ជេរប្រមាថ​ទាំង​លោក​ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល នូវ​ពាក្យ​អសុរោះ​ថែមទៀត​។​

ចំពោះ​ទង្វើ របស់​លោក​ផ្កាយ​៣​ខាងលើនេះ បាន​ធ្វើឲ្យ​ប្រជាពលរដ្ឋ​អ្នកធ្វើដំណើរ ឆ្លងកាត់ បាន​នាំ​គ្នា​រិះគន់​ថា មាន​បុណ្យស័ក្ត័ធំ​រហូត​ដល់​ពាក់​ផ្កាយ​៣ លើ​ស្មារ​ទៅហើយនោះ គ្រាន់​តែ​មន្ត្រី​ជំនាញ មក​សួរនាំ​រឿង​ជី​កកាយ​ដី​មាន​ច្បាប់ទម្លាប់​ដែរ​ឬ​អត់ ហេតុ​អ្វី​អាង​អំណាច​របស់​ខ្លួន​មក​ជេរប្រមាថ មាក់ងាយ​មន្ត្រី​តូចតាច​ជាង​ខ្លួន​បែបនេះ​ទៅ​វិញ​។​

​បើ​តាម​ការអះអាង​របស់​មន្ត្រីដ​ដែល លោក​ផ្កាយ​៣​រូបនោះ ឡើង​បុណ្យ​តាម​ខ្សែស្រឡាយ​ប៉ុណ្ណោះ ហើយ​តែងតែ​អួត​ក្តែងៗ​ថា មិន​ខ្លាច​អ្នកណា​នោះទេ (​អ្នក​ណា​មិន​ស្គាល់​អញ នៅ​លំពែងព្រះរាម​នេះ​)​។​

ប្រភព​ថា ការលើកឡើង របស់​លោក​ផ្កាយ​៣​នេះ ហាក់បីដូច​ជា​មិន​គោរព​សិទ្ធិ​អ្នក​ដទៃ​ឡើយ ធ្វើ​អ្វី​អាង​អំណាច​បុណ្យស័ក្តិ​របស់ខ្លួន តើ​មន្ត្រី​មាន​ចរិក​បែប​នេះ តើ​គួរ​ឲ្យ​ប្រជាពលរដ្ឋ និង​មន្ត្រី​ថ្នាក់​ក្រោយ​គោរព​ដែរឬទេ​?​។​

​ដោយឡែក ប្រជាពលរដ្ឋ​ម្នាក់ មាន​មុខរបរ​ជា​អ្នក​ប្រមូល​សំរាម បាន​និយាយ​ឲ្យដឹងថា កន្លងមក លោក​ផ្កាយ​៣​រូបនោះ ធ្លាប់​សុំ​ស្រា​បៀរ លោក​ចំនួន​១០​កេស យក​ទៅ​ជប់លៀង​ក្នុង​កម្មវិធី​មួយ ប៉ុន្តែ​លោក​គ្មាន​លទ្ធភាព​ឲ្យ ស្រាប់តែ​លោក​ផ្កាយ​៣ ខឹង​កៀងគរ​ប្រមូល​ប្រជាពលរដ្ឋ​ផ្តិតមេដៃ​ថា កន្លែង​ចាក់សំរាម របស់លោក​ប៉ះពាល់​បរិស្ថាន​ទៅវិញ ធ្វើឲ្យ​លោក​ខកខាន​ខាត​ដំណើរកា​រ​អាជីវកម្ម​ប្រមូល​សំរាម​មួយ​រយៈពេល​ទៅ​។​

​ដោយសារ​ទង្វើ​ទាំងនេះហើយ បាន​ជា​ប្រជាពលរដ្ឋ​លើកឡើងថា លោក​ផ្កាយ​៣​រូបនេះ អាង​អំណាច ធ្វើ​អ្វី​មិន​គិត​។ ដូចនេះ បាន​សំណូមពរ​ដល់​ថ្នាក់លើ ពិសេស​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា មេត្តា​ជួយ​ពិនិត្យ​មើល​ទង្វើ របស់​លោក​ផ្កាយ​៣​ខាងលើ ដោយ​អនុគ្រោះ​ផង​។​

យ៉ាងនេះក្តី មិនទាន់​មាន​ប្រភព​ទាក់ទង លោក ណូន រ៉​ន ដែល​មន្ត្រី​មន្ទីរ​រ៉ែ និថ​ថាមពល​ខេត្ត​កំពង់ស្ពឺ អះអាងថា ពាក់​ផ្កាយ​៣​ខាងលើ ដើម្បី​បំភ្លឺ​ជុំវិញ ការចោទប្រកាន់​បានទេ នៅ​ថ្ងៃ​សុក្រ ទី​១០ ខែ​សីហា ឆ្នាំ​២០១៨​នេះ​៕

Loading...