​ភ្នំពេញ ​៖ សេចក្តីសម្រេច​កាលពី​ថ្ងៃ​ទី​៨ សីហា ២០១៨ ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានតែងតាំង ព្រះអង្គម្ចាស់ នរោត្តម ច​ក្រា​វុឌ្ឍ ជា​ព្រះ​ប្រធានស្ដីទី​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច ខណៈពេល​ដែល​ព្រះអង្គម្ចាស់ កំពុង​ព្យាបាល​ជំងឺ​។​

​សេចក្តីសម្រេច​ដដែល​ផ្តល់​សិទ្ធិ​ឲ្យ​ព្រះអង្គម្ចាស់ នរោត្តម ច​ក្រា​វុឌ្ឍ ដឹកនាំ ចាត់ចែង​រាល់​ការងារ​របស់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ទាំងអស់។​

ព្រះអង្គម្ចាស់ នរោត្តម ច​ក្រា​វុឌ្ឍ គឺជា​ព្រះរាជបុត្រ​ច្បង​របស់​សម្តេច​ក្រុមព្រះ​នរោត្តម រណឫទ្ធិ ជាមួយ​ម្ចាស់​ក្សត្រិយ​ម៉ា​រី រណឫទ្ធិ ដែល​ត្រូវបាន​សម្តេច​ក្រុមព្រះ សម្រេច​ឱ្យ​ធ្វើជា​ប្រធានស្តីទី នៃ​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច កាលពី​ថ្ងៃ​ទី​៨ ខែ​សីហា ឆ្នាំ​២០១៨​។​

ក្រៅ​ពី​ការតែងតាំង​ព្រះអង្គម្ចាស់ នរោត្តម ច​ក្រា​វុឌ្ឍ ជា​ប្រធាន​ស្តីទី សម្តេចក្រុមព្រះ​ក៏​តែងតាំង អគ្គលេខាធិការរង​ម្នាក់ ដែល​កាន់កាប់​ហិរញ្ញវត្ថុ​បក្ស គឺ​លោក ពេជ្រ សូ​ដេ​ថ្ថា ឱ្យធ្វើជា​អគ្គលេខាធិការ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ផង​ដែរ​។​

នេះ​បើ​តាម​ការបញ្ជាក់​លោក ញ៉េប ប៊ុនជិន អនុប្រធាន និង​ជា​អ្នកនាំពាក្យ​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច នៅ​ថ្ងៃ​ទី​១១ ខែ​សីហា​នេះ​ថា គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បានទទួល​សេចក្តីសម្រេច​នេះ​ហើយ ហើយ​ថ្នាក់ដឹកនាំ​ទាំងអស់ នឹង​ដង្ហែ​តាម​ព្រះរាជតម្រិះ របស់​សម្តេច​ប្រធាន​គណបក្ស​។​

​អ្នកនាំពាក្យ​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច លោក ញ៉េប ប៊ុនជិន បាន​ថ្លែងថា ព្រះអង្គម្ចាស់ នរោត្តម ច​ក្រា​វុឌ្ឍ គឺជា​បុត្រា​ច្បង​របស់​សម្តេច​ក្រុមព្រះ ជាមួយ​នឹង​អ្នក​ម្នាង មា​រី​។ លោក​ឲ្យដឹង​ទៀតថា ព្រះអង្គម្ចាស់ នរោត្តម ច​ក្រា​វុឌ្ឍ មាន​ព្រះជន្ម​ជាង​៤០​វស្សា ធ្លាប់​ដង្ហែ​តាម​អតីតព្រះមហាក្សត្រ និង​សម្តេច​ក្រុមព្រះ កាល​តស៊ូ​នៅ​តាម​ព្រំដែន​កម្ពុជា​ថៃ​កន្លងមក​៕