​ភ្នំពេញ​៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បានចេញ​សេចក្តីប្រកាស​លទ្ធផល​បោះ​ឆ្នោត​បណ្តោះអាសន្ន ជូន​សាធារណជន​ឲ្យ​ជ្រាបថា បន្ទាប់​ពី​ផ្ទៀងផ្ទាត់ តាម​លទ្ធផល​បណ្តោះអាសន្ន​ឃើញថា អត្រា​ប្រជាពលរដ្ឋ​ដែល​បាន​ទៅ​ចូលរួម បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ អាណត្តិ​ទី​៦ ៨៣,០២​ភាគរយ​។​

​លទ្ធផល​បណ្តោះអាសន្ន នៃ​ការបោះឆ្នោត​ជាតិ​ជ្រើសតាំង​តំណាងរាស្ត្រ អាណត្តិ​ទី​៦ ត្រូវបាន​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ប្រកាស​ហើយ នៅ​ព្រឹក​ថ្ងៃទី​១១ ខែ​សីហា ឆ្នាំ​២០១៨​នេះ ក្នុងនោះ​គណបក្ស​ប្រជាជន​កម្ពុជា មាន​សំឡេង​នាំមុខ​លើសលប់ នៅ​គ្រប់​បណ្តា​មណ្ឌល​រាជធានី ខេត្ត រហូតដល់​៤.៨៨៩.១១៣​សំឡេង គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ទទួលបាន​៣៧៤.៥១០​សំឡេង គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ទទួលបាន ៣០៩.៣៦៤​សំឡេង និង​គណបក្ស​ឆន្ទៈ​ខ្មែរ ទទួលបាន​២១២.៨៦៩​សំឡេង ។ ចំំ​ណែក​គណបក្សនយោបាយ​មួយចំនួនទៀត ទទួលបាន​សំឡេង​តិចតួច​។​

​លទ្ធផល​បណ្តោះអាសន្ន នៃ​ការបោះឆ្នោត​ជាតិ​ជ្រើសតាំង​តំណាងរាស្ត្រ ដែល​ផ្សព្វផ្សាយ​នៅ​ព្រឹក​នេះ បានឱ្យដឹងថា ចំនួន​អ្នកចូលរួម​បោះឆ្នោត កាលពី​ថ្ងៃអាទិត្យ ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ មាន​ចំនួន​រហូត​ដល់ ៦.៩៥៦.៩០០​នាក់ ដែល​ស្មើនឹង ៨៣,០២​ភាគរយ នៃ​ចំនួន​ប្រជាពលរដ្ឋ ដែល​មានឈ្មោះ​នៅក្នុង​បញ្ជី​ទាំងអស់​ចំនួន​៨.៣៨០.២១៧​នាក់​។​

​យោង​តាម​សេចក្ដីសម្រេច ស្ដីពី​ការប្រកាស​លទ្ធផល​បណ្ដោះ​អាសន្ន នៃ​ចំនួន​អ្នក​បាន​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ថ្ងៃអាទិត្យ ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ គឺ​គ្រប់​គណបក្ស​នយោបាយ ដែល​បាន​ឈរឈ្មោះ​បោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ តាម​មណ្ឌល​រាជធានី ខេត្ត អាច​ប្តឹង​តវ៉ា​អំពី​លទ្ធផល​មួយផ្នែក ឬ​លទ្ធផល​ទាំងអស់​នៃ​ការបោះឆ្នោត ទៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ឬ​ទៅ​ក្រុមប្រឹក្សាធម្មនុញ្ញ រយៈពេល​៧២​ម៉ោង យ៉ាងយូរ បន្ទាប់​ពី​ការប្រកាស​លទ្ធផល​បណ្តោះ​អាសន្ន​នៅ​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​១១ ខែ​សីហា ឆ្នាំ​២០១៨​នេះ​៕ ​

​ខាងក្រោម​នេះ​ជា​លទ្ធផល​បណ្តោះអាសន្ន​ទាំងស្រុង ដែល​បង្ហាញ​ដោយ គ​.​ជ​.​ប​៖​