ថ្នាក់​ដឹកនាំ​ភូមា បាន​ស្នើសុំ​បង់ក្លាដែស ឲ្យ​បញ្ឈប់​ការ​ផ្តល់​ជំនួយមនុស្សធម៌​ដល់ជនជាតិរ៉ូហ៊ីងយ៉ា នៅតាមបណ្តោយ​ព្រំដែន។ ដំណឹង​នេះ ធ្លាយ​ចេញពី ​មន្ត្រីការទូតរបស់​​បង់ក្លាដែស ​ ​​ ដែល​បាន​ប្រាប់​អ្នក​កាសែត​នៅ​ចុង​សប្តាហ៍កន្លងទៅនេះ ក្រោយ​ពី​បានជួប​​ប្រជុំជាមួយ​មន្ត្រី​ទូត​ជាន់​ខ្ពស់​របស់​ភូមា​ នៅ​ទីក្រុង​ណៃពិដោរ ។



មន្ត្រី​ការទូត​ជាន់​ខ្ពស់​របស់​​បង់ក្លាដែស បាន​ឲ្យដឹង​ថា​ ថ្នាក់​ដឹកនាំ​ភូមា បាន​ស្នើ​កុំ​ឲ្យ​​បង់ក្លាដែស បន្ត​ផ្តល់​ជំនួយ​មនុស្ស​ធម៌ ដល់​ជនជាតិរ៉ូហ៊ីងយ៉ា ប្រមាណ​ជា​ ៦ ពាន់​នាក់ ដែល​ជ្រក​ខ្លួន​ ក្នុង​ជំរំ​ព្រំដែន”តំបន់​ស” ​នៃប្រទេស​ទាំងពីរ​តទៅទៀត។ ថ្នាក់​ដឹកនាំ​ភូមា ចង់​ឲ្យ​មាន​ការ​ផ្តល់​ជំនួយ​មនុស្សធម៌ ចេញពី​ភូមា​ប្រទេស​របស់​ខ្លួន​វិញ។​

ក៏ប៉ុន្តែ តំណាង​ក្រុម​ជន​ភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា ដែល​កំពុង​រស់​នៅ​ក្នុង​ជំរំ​នោះ បាន​ប្រាប់​អ្នក​កាសែត​បារាំងAFP ​ថា “ប្រសិន​បើ​​បង់ក្លាដែសឈប់​ជួយជនជាតិ​​រ៉ូហ៊ីងយ៉ា ពួកគេ​​នឹង​ជួប​បញ្ហា​ធំជា​មិន​ខាន​។ ពីព្រោះ ​ពួក​គេមិនជឿជាក់​លើអាជ្ញាធរ​ភូមាឡើយ​ ហើយ​ក៏​​មិន​ប្រាកដ​ទេថានឹង​អាច​ទទួល​ជំនួញ​ពី​ភូមា​បា​ន​ពិតមែន​ឬយ៉ាងណា។​”

នៅពេល​នេះ គេ​នៅ​មិន​​ទាន់​មាន​ប្រតិកម្ម​ជា​ជំហរ​ផ្លូវ​ការ​របស់​រដ្ឋ​អំណាច​​​បង់ក្លាដែសនៅឡើយទេ។ សូម​ជ្រាបថា រដ្ឋ​អំណាច​​ភូមា ​ បា​នធ្វើ​ទុក្ខ​បុកម្នេញពលរដ្ឋរ៉ូហ៊ីងយ៉ាង​​ខ្លាំង។ សព្វថ្ងៃនេះ រ៉ូហ៊ីងយ៉ា មិន​តិច​ជាង​៣០ម៉ឺន​នាក់ទេ ដែល​បាន​រត់ភៀស​ខ្លួន​ ចូលទៅ​​នៅ​ជំរំងក្នុ​ង​​ទឹក​ដី​​​បង់ក្លាដែស។​

គួរ​​រម្លឹកជូន​ដែរ​​ថា កាលខែ​សីហា ឆ្នាំ២០១៧ អាជ្ញាធរ​ភូមា បាន​បើក​​យុទ្ធនាការ​វាយប្រហារ​ទ្រង់ទ្រាយ​ធំ​ ទៅ​​លើ​ពលរដ្ឋ​រ៉ូហ៊ីងយ៉ា ​នៅ​រដ្ឋ​រ៉ាក់ឃីន​ ហើយ​​បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​រ៉ូហ៊ីងយ៉ា​ ​ជាង ៧០០ ០០០នាក់​ ត្រូវ​បង្ខំចិត្ត​ភៀសខ្លួន រត់​ចោល​ទី​ជម្រក​។ របាយ​ការណ៍​ស្តីពី​សិទ្ធិមនុស្ស​ថ្មីៗនេះ បាន​បញ្ជាក់​ថា​ យុទ្ធនាការ​នេះ​ ​មិនមែន​ជា​ប្រតិបត្តិការ​ធ្វើ​ឡើង​ដោយ​ចៃដន្យ​ទេ តែ​ជា​គម្រោង​ផែនការ​ដែល​រដ្ឋអំណាច​ភូមា​បាន​រៀបចំ​អស់​រយៈពេល​ជា​ច្រើន​សប្តាហ៍​រហូត​ដល់​ច្រើន​ខែទៀត​ផង​។

ចំណែក អង្គការ​សិទ្ធិមនុស្ស Amnesty International ក៏​បា​នអំពាវវនាវ​ឲ្យ​ ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ​លើក​យក​សំណុំរឿង​មួយ​នេះ​ ទៅ​ពិចារណា ហើយ​ត្រូវ​អូស ក ​មេបញ្ជាការ​កងទ័ពដ៏​គ្រាក់ៗ​របស់​​ភូមា ទៅ​ជំនុំ​ជម្រះក្តី ​នៅ​តុលាការព្រហ្មទណ្ឌ​អន្តរជាតិ ​ក្រុង​ឡាអេ។ ក៏ប៉ុន្តែ ​រដ្ឋាភិបាល​ភូមា បាន​​បដិសេធ​មិន​សហការ​ជាមួយ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ហើយ​បាន​​រិះគន់​និង​ចោទ​ប្រកាន់​ប្រឆាំង​ស្ថាប័នតុលាការ​​អន្តរជាតិនេះ​ថា ​គ្មាន​តម្លាភាព៕ ប្រភព៖ RFI

Loading...