រដ្ឋធានី វ៉ាស៊ីនតោន និង​រដ្ឋ Virginia ដែល​ជា​រដ្ឋ​នៅ​ក្បែរ​ខាង​នោះ​ កំពុង​តែ​យក​ថ្ងៃ​អាទិត្យ រៀបចំ​ការ​ធ្វើ​បាតុកម្ម​ដើម្បី​រំឭក​ដល់​ខួប​មួយ​ឆ្នាំ​នៃ​ការ​ប្រមូលផ្តុំ​ពួក​ស្បែក​ស​ជាតិ​និយម​ក្នុង​ទីក្រុង Charlottesville រដ្ឋ​ Virginia ដែល​បាន​បង្ក​ឲ្យ​មាន​អំពើ​ហិង្សា​និង​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​កាល​ពី​ឆ្នាំ​មុន។



ពួក​ស្បែក​ស​ជាតិ​និយម​និង​ពួក​អ្នក​តវ៉ា​ប្រឆាំង​នឹង​ពួក​ស្បែក​ជាតិ​និយម​ទាំង​នោះ​គ្រោង​នឹង​ប្រមូលផ្តុំ​គ្នា​នៅ​ក្នុង​ឧទ្យាន​មួយ​ដែល​នៅ​ផ្លូវ​ម្ខាង​ទៀត​នៃ​សេតវិមាន ខណៈ​មាន​កងកម្លាំង​សន្តិសុខ​យាមកាម​តឹងរ៉ឹង​ដើម្បី​ការពារ​កុំ​ឲ្យ​មាន​អំពើ​ហិង្សា។ លោក Jason Kessler ដែល​ជា​អ្នក​រៀបចំ​ការ​ប្រមូលផ្តុំគ្នា​កាល​ពី​ឆ្នាំ​មុន​នៅ​ក្នុង​ទីក្រុង Charlottesville បាន​ប្តេជ្ញា​ថា នឹង​រៀបចំ​ការ​ប្រមូលផ្តុំ ​«សិទ្ធិ​ពលរដ្ឋ​ស្បែក​ស‍» នៅ​ថ្ងៃ​អាទិត្យ បន្ទាប់​ពី​អាជ្ញាធរ​ទីក្រុង Charlottesville បាន​បដិសេធ​មិន​ផ្តល់​ប័ណ្ណ​អនុញ្ញាត​ដល់​លោក។

ស្របពេល​ជាមួយ​គ្នា​នោះ​ដែរ នៅ​ក្នុង​ទីក្រុង Charlottesville ដែល​មាន​ចម្ងាយ​១៦០​គីឡូម៉ែត្រ​ប៉ែក​និរតី​នៃ​រដ្ឋធានី វ៉ាស៊ីនតោន គេ​រំពឹង​ថា មនុស្ស​រាប់​ពាន់​នាក់​នឹង​ប្រមូល​ផ្តុំ​គ្នា​ដើម្បី​សង្កេត​មើល​លើ​អ្វី​ដែល​បាន​កើតឡើង​កាល​ពី​ឆ្នាំ​មុន និង​ជួយ​លើកកម្ពស់​កុំ​ឲ្យ​មាន​ការ​ប្រកាន់​ពណ៌​សម្បុរ។

លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ កាល​ពី​ថ្ងៃ សៅរ៍ បាន​អំពាវនាវ​ឲ្យ​មាន​ការ​បង្រួបបង្រួម​គ្នា។

លោក​ ត្រាំ បាន​បង្ហោះ​សារ​លើ​បណ្តាញ​សង្គម Twitter ​ពី​រមណីយដ្ឋាន​វាយ​កូនហ្គោល​របស់​លោក​ក្នុង​រដ្ឋ New Jersey ថា «យើង​ត្រូវ​បាន​រួបរួម​គ្នា​ជា​ប្រទេស​មួយ។ ខ្ញុំ​ថ្កោលទោស​រាល់​ទម្រង់​នៃ​ការ​រើសអើង​និង​សកម្មភាព​ហិង្សា​នានា‍។ សូម​ឲ្យ​ពលរដ្ឋ​អាមេរិកាំង​ទាំងអស់​រស់នៅ​ដោយ​សន្តិភាព»៕ ប្រភព៖ VOA

Loading...