​ស្ទឹងត្រែង រតនគិរី​ ៖ នៅ​ថ្ងៃ​ទី​១៣​ខែ​សីហា​ឆ្នាំ​២០១៨ វេលា​ម៉ោង ២​និង​៣០​នាទី​រសៀល លោក ស៊ឹម លីន បាន​ដឹកនាំ​កម្លាំងចម្រុះ សហការ​នឹង​រដ្ឋបាល​ព្រៃឈើ​ក្រសួង និង​រដ្ឋបាល​ព្រៃឈើ​ខេត្ត​រតនគិរី ចុះ​ចាប់​កន្លែង​ស្តុក​ឈើ​មួយ ស្ថិតនៅ​ភូមិ​ប៉ក់​ធំ ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូរយ៉ាដាវ ដោយ​មាន​ការសម្របសម្រួល​ពី​ព្រះរាជអាជ្ញា​ខេត្ត​រតនគិរី ។ វត្ថុតាង​ដែល​ប្រមូលបាន​មាន​ឈើ​ប្រហែល​៦​ម៉ែត្រគូប ហើយ​ទៅ​រក្សាទុក​នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​បរ​កែវ ដើម្បី​ធ្វើការ​វាស់វែង​នៅពេល​ក្រោយ​។​



​ចំណែក​នៅ​ថ្ងៃ​ទី​១៣ ខែ​សីហា ឆ្នាំ ២០១៨ កំលាំង​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ព្រែក​មាស នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សៀម​ប៉ាង បាន​ចុះ​សហការ ជាមួយ​ជំនាញ​ផ្នែក​រដ្ឋបាល​ព្រៃឈើ ក្រោម​ការដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោក ហុង គឹម​សាន ព្រះរាជអាជ្ញារង នៃ​អយ្យកា​អម​សាលាដំបូង​ខេត្ត​ស្ទឹង ត្រែង បាន​ចុះ​ឆែកឆេរ​ផ្ទះ​មួយ​កន្លែង​នៅ​ភូមិ​ខិះ​ស្វាយ ឃុំ​ព្រែក​មាស ដែល​មាន​រក្សាទុក​ឈើប្រណិត​ប្រភេទ​ឈើ (​ធ្នុង​) ខុស​ច្បាប់​ជាច្រើន​ម៉ែត្រគូប ទើប​បញ្ជា​ឲ្យ​ជំនាញ​រឹបអូស​ដឹក​យក​រក្សាទុក វាស់វែង​រហូត​ថ្ងៃទី​១៣ សីហា ទើប​រួចរាល់ ដែល​មាន​ចំនួន​១៣១៩​ដុំ ស្នើ​១០,៧០១​ម៉ែត្រគូប ហើយ​វត្ថុតាង​បាន​រក្សាទុក​នៅ​ផ្នែក​រដ្ឋបាល​ព្រែ​ឈើ​ព្រែក​មាស ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕ ​