ប្រទេស​កម្ពុជា​គ្រោង​នឹង​ធ្វើ​ជំរឿន​ប្រជាជន​ទូទៅ ​នៅ​ដើម​ខែ​មីនា​ឆ្នាំ​២០១៩ ​ខាង​មុខ ​ដោយ​ទិន្នន័យ​ប្រជាជន​ច្បាស់លាស់​នៃ​ការ​ធ្វើ​ជំរឿន​នេះ ​មាន​អត្ថ​ប្រយោជន៍​យ៉ាង​ខ្លាំង ​នៅ​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ ​និង​សង្គម ​ព្រមទាំង​ការ​ធ្វើ​គោល​នយោបាយ​ជាតិ​ផង​ដែរ​។ ​ការ​ធ្វើ​ជំរឿន​នេះ ​គឺ​ជា​លើក​ទី​៣ ​ហើយ ​បន្ទាប់​ពី​ប្រទេស​កម្ពុជា ​បាន​រួច​ផុត​ពី​របប​ប្រល័យ​ពូជសាសន៍​។

ជំរឿន​ប្រជាជន​កម្ពុជា​លើក​ទី​៣​នេះ ​នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី​៣​ខែ​មីនា ​ឆ្នាំ​២០១៩ ​ដោយ ​ប្រើប្រាស់​មន្ត្រី​ជំរឿន​ប្រមាណ​ជា ​៥​ម៉ឺន​នាក់ ​នៅ​ទូទាំង​ប្រទេស ​ក្នុង​នោះ​មន្ត្រី​ត្រួត​ពិនិត្យ​មាន​ប្រមាណ​ជា​១​ម៉ឺន​នាក់​។ ​លោក ​ឆាយ ថន ​រដ្ឋមន្ត្រី​ក្រសួង​ផែនកា​រ​ បាន​ថ្លែង​ប្រាប់​អ្នក​កាសែត​ បន្ទាប់​ពី​កិច្ច​ប្រជុំ​នៅ​ថ្ងៃ​នេះ​ថា ​ការងារ​ជំរឿន​នេះ ​ត្រូវ​ប្រើ​ពេលវេលា ​ជិត​មួយ​ឆ្នាំ ​ហើយ​បើតាម​ការ​ប៉ាន់​ប្រមាណ​ទុក​ រហូត​ដល់​ខែ​មីនា ​ឆ្នាំ​២០១៩​ខាងមុខ ​ប្រជាជន​កម្ពុជា ​អាច​នឹង​កើន​ដល់​ក្នុង​រង្វង់ ​១៦​លាន​នាក់ ​ខណៈ​កំណើន​ប្រជាជន​ក្នុង​មួយ​ឆ្នាំ​ក្នុង​រង្វង់​១.៦​ភាគរយ​។

នៅ​ក្នុង​ឱកាស​នៃ​កិច្ច​ប្រជុំ​លើក​ទី​២ ​របស់​គណៈកម្មាធិការ​ជាតិ​ជំរឿន ​ទូទៅ​ប្រជាជន​កម្ពុជា ​ឆ្នាំ​២០១៩ ​នៅ​ក្រសួង​មហាផ្ទៃ ​នោះ​ដែរ​ លោក​ឧបនាយក​រដ្ឋមន្ត្រី ​ស ខេង ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ​ក៏​បាន​លើកឡើង​ដែរ​ថា ​ជំរឿន​ប្រជាជន​ទូទៅ​នៅ​កម្ពុជា​ឆ្នាំ​២០១៩​ខាងមុខ​នេះ ​នឹងត្រូវ​ប្រើប្រាស់​ថវិកា​ជាតិ​ទាំង​ស្រុង ​ដោយ​គ្មាន​ដៃ​គូ​អភិវឌ្ឍន៍​ណា​មួយ ​ជួយ​គាំទ្រ​ឡើយ​។ ​ថវិកា​ដែល​នឹង​ត្រូវ​ចំណាយ​ទូទៅ​នៅ​ក្នុង​ការងារ​ដ៏​ធំ​នេះ ​មាន​ប្រហែល​ជិត​១០​លាន​ដុល្លារ ​ក្នុង​នោះ​អង្គការ​មូលនិធិ​សហ​ប្រជាជាតិ​សម្រាប់​ប្រជាជន​(​UNFPA​) ​ជួយ​លើ​ជំនួយ​បច្ចេកទេស ​នៅ​ក្នុង​កំរិត​មួយ​តាម​លទ្ធភាព​។ ​នេះ​បើតាម​ការ​បញ្ជាក់​របស់ ​លោក​ ​ស ខេង​។

ទោះជា​មាន​ការ​ខ្វះខាត​ថវិកា​បន្តិច​ប​ន្ទួ​ច​យ៉ាងណា​ក៏ដោយ ​លោក​រដ្ឋមន្ត្រី​ផែនការ ​ឆាយ ថន អះអាង​ថា​ជំរឿន​នេះ ​នឹង​នៅ​តែ​​ដំណើរ​ការ​ទៅមុខ​បាន​ល្អ​ដដែល​។

សូម​បញ្ជាក់ថា​​ ជំរឿន​ប្រជាជន ​នៅ​ប្រទេស​កម្ពុជា​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​រយៈពេល​១០​ឆ្នាំ​ម្តង​ ដោយ​ជំរឿន​លើក​ទី​៣​នេះ ​ត្រូវ​បាន​កំណត់​ធ្វើ​នៅ​ឆ្នាំ​២០១៨​នេះ ​ក៏​ប៉ុន្តែ​ត្រូវ​លើក​ទៅ​ឆ្នាំក្រោយ ​ដោយ​ប្រទេស​និង​មន្ត្រី​ជាប់​រវល់​នឹង​ការងារ​បោះឆ្នោត​ជាតិ ​នីតិកាល​ទី​៦​។

សូម​រំលឹក​ដែរ​​ថា ​កាល​ពី​ថ្ងៃ​ទី​១១​ខែ​កក្កដា ​ឆ្នាំ​២០១៨ ​កន្លង​ទៅ​ ក្នុង​ឱកាស​នៃ​ទិវា​ប្រជាជន​ពិភពលោក​ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​បាន​បញ្ជាក់​តាម​សារ​របស់លោក​ថា ​ចំនួន​ប្រជាជន​កម្ពុជា​នឹង​មាន​ការ​កើន​ឡើង​ដល់​ជាង​១៧​លាន​នាក់ ​នៅ​ឆ្នាំ​២០២៣ ​និង​ជាង​១៨​លាន​នាក់ ​នៅ​ឆ្នាំ​២០៣០​៕ ប្រភព៖ RFI