ខេត្ត​កោះ​កុង៖ រដ្ឋបាល​ខេត្ត​កោះ​កុង បាន​ឲ្យ​ដឹងថា កំណាត់​ផ្លូវ​ជាតិ​លេខ​៤៨ ពី​ស្រុក​ស្រែ​អំបិល ឆ្ពោះ​ទៅ​ខេត្ត​កោះ​កុង នៅ​រដូវ​វស្សា​ឆ្នាំ​នេះ បាន​រងការ​ខូចខាត​ជា​ច្រើន​កន្លែង បង្កការ​លំបាក​ដល់​យានយន្ត ដែល​បើក​បរ​ឆ្លង​កាត់។ អាជ្ញាធរ​បន្ត​ថា ចំណុច​ដែល​ខូច​ច្រើន​ជាង​គេ គឺ​មាន​នៅ​ស្រុក​ស្រែ​អំបិល និង​នៅ​ស្រុក​បុទុមសាគរ។



បញ្ហា​ផ្លូវ​ខូច​នេះ មន្ត្រី​រដ្ឋបាល​ខេត្ត​កោះ​កុង បញ្ជា​ក់ថា គម្រោង​ជួសជុល​កំណាត់​ផ្លូវ​ជាតិ​លេខ​៤៨​នេះ មន្ត្រី​ជំនាញ​បាន​រៀបចំ​បញ្ជូន​​គ្រឿង​​ចក្រ ទៅ​កាន់​កន្លែង​មាន​ផ្លូវ​ខូច​នោះ​រួច​ហើយ ដើម្បី​ជួសជុល ប៉ុន្តែ​មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ ធាតុ​អាកាស​មិន​អំណោយ​ផល ពោល​គឺ​មាន​ភ្លៀង​ធ្លាក់​ច្រើន មិន​អាច​ប្រតិបត្តិ​ការជួសជុល​បាន​រលូន​នៅ​ឡើយ​ទេ។

មន្ត្រី​ដ៏​ដែល​បន្ត​ថា ខេត្ត​កោះ​កុង​នឹង​ទទួល​ធ្វើ​ជាម្ចាស់​ផ្ទះ​រៀបចំ​ពិធី​បុណ្យ​សមុទ្រ នាពាក់​កណ្តាល​ខែ​ធ្នូ​ចុង​ឆ្នាំ​២០១៨​នេះ។ ដូច្នេះ​ការ​ងារ​ជួសជុល​ផ្លូវ ដែល​ខូច​គឺជា​អាទិភាព​បំផុត​មួយ ក្នុង​ចំណោម​ការ​រៀបចំ​ហេដ្ឋា​រចនា​សម្ពន្ធ័​ផ្សេងៗ ក្នុង​ខេត្ត​កោះ​កុង បំរើ​អោយ​ពិធី​បុណ្យ​សមុទ្រ។

មន្ត្រី​រដ្ឋបាល​ខេត្ត​កោះ​កុង បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​ពេល​ទឹក​ភ្លៀងស្បើយ ឬ​ថមថយ​បន្តិច​នោះ ការជួសជុល​កំណាត់​ផ្លូវ​ជាតិ​លេខ​៤៨ ដែល​ខូច​នោះ នឹង​ដំណើរ​ការ​ភ្លាមៗ​ដែរ៕