សំណុំ​រឿង លោក គឹម សុខ ជា​អ្នក​វិភាគ​នយោបាយ គ្រោង​បិទ​បញ្ចប់​នៅ​ថ្ងៃ​ទី​១៧​សីហា ដែល​ទាក់​ទង​នឹង​ការ​ចោទ​ប្រកាន់​គណបក្ស​ប្រជាជន នៅ​ពី​ក្រោយ​ការ​សម្លាប់​លោក កែម ឡី កាល​ពី​ថ្ងៃ​ទី​១០​កក្កដា​ឆ្នាំ​២០១៦។ ប៉ុន្តែ​ទោះ​ជា​បែប​នេះ​ក្ដី តុលាការ​ក្រុង​ភ្នំពេញ​បាន​ចាប់​ផ្ដើម​សួរ លោក គឹម សុខ លើ​សំណុំ​រឿង​បន្ទាប់​មួយ​ទៀត ខណៈ​មន្រ្តី​សង្គម​ស៊ីវិល​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ស្នើ​ឲ្យ​ដោះ​លែង លោក គឹម សុខ ត្រឹម​សំណុំ​រឿង​ទី​១។

សំណុំ​រឿង​ទី​២​ដែល​តុលាការ​ក្រុង​ភ្នំពេញ​ផ្ដើម​ធ្វើ​ការ​សួរ​នាំ​លើ​លោក គឹម សុខ គឺ​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​លើក​ឡើង​របស់​គាត់​ដែល​ថា រដ្ឋាភិបាល​បាន​បង្កើត​ប្រព័ន្ធ​មួយ​សម្លាប់​មនុស្ស ហើយ​រក​ឃាតករ​អ្នក​ប្រព្រឹត្ត​មិន​ឃើញ។ ក្រោយ​ការ​លើក​ឡើង​នេះ​លោក​មេធាវី គី តិច ដែល​ជា​មេធាវី​តំណាង​ឲ្យ​រដ្ឋាភិបាល​បាន​ដាក់​ពាក្យ​បណ្ដឹង ប្ដឹង​​លោក គឹម សុខ នៅ​ថ្ងៃ​ទី​១៦​កុម្ភៈ​ឆ្នាំ​២០១៧។

លោក​មេធាវី គី តិច បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​១៥​សីហា​នេះ​ថា លោក​ស្វាគមន៍​ចំពោះ​សំណុំ​រឿង​ទី​១​ដែល​នឹង​បិទ​បញ្ចប់​ឆាប់ៗ​នេះ។ ហើយ​ចំពោះ​សំណុំ​រឿង​ទី​១​នេះ​នឹង​មិន​ប្ដឹង​តវ៉ា​ទៀត​ដែរ។ ប៉ុន្តែ​លោក​កំពុង​តាម​សំណុំ​រឿង​ទី​២​ព្រោះ​កាល​ពី​អំឡុង​ពេល​នៃ​ការ​ដាក់​ពាក្យ​បណ្ដឹង លោក​ធ្លាប់ ទាម​ទារ​សំណង​ពី លោក គឹម សុខ ១០​លាន​រៀល និង​ស្នើ​ឲ្យ​តុលាការ​ផ្ដន្ទា​ទោស​ទៅ​តាម​ច្បាប់។ ចំណែក​ លោក គឹម សុខ វិញ​កាល​ពី​ថ្ងៃ​ទី​១៤​សីហា​ម្សិល​មិញ បាន​ថ្លែង​ដោយ​ខ្លី​ថា លោក​ក៏​មិន​ទាន់​ដឹង​អំពី​ការ​សម្រេច​របស់​តុលាការ​ថា​កាត់​សេចក្ដី​បែប​ណា​នៅ​ឡើយ។

លោក អំ សំអាត មន្ត្រី​ផ្នែក​ស៊ើប​អង្កេត​នៃ​អង្គការ​លីកាដូ​លើក​ឡើង​ថា សំណុំ​រឿង​លោក គឹម សុខ ទាំង​២​ករណី គឺ​ស្ថិត​នៅ​ក្នុង​រូបភាព​មួយ​ប្រហាក់​ប្រហែល​គ្នា។ ដូច្នេះ​តុលាការ​គួរ​ដោះ​លែង លោក គឹម​ សុខ ខណៈ​ការ​អនុវត្ត​ទោស​ជាប់​ពន្ធនាគារ​របស់​លោក គឹម សុខ ក្នុង​សំណុំ​រឿង​ទី​១​នឹង​ត្រូវ​គ្រប់​តាម​ការ​កំណត់​នៅ​ថ្ងៃ​ទី​១៧​សីហា​ខាង​មុខ​នេះ។ ប្រសិន​បើ​តុលាការ​បន្ត​ឃុំ​ខ្លួន លោក គឹម សុខ ស្ថាប័ន​មួយ​នេះ នឹង​ទទួល​រង​ការ​រិះគន់​ជា​ថ្មី​ទៀត​ពី​មតិ​ជាតិ និង​អន្តរជាតិ។ នេះ​បើ​តាម​លោក អំ សំអាត​។

គួរ​រំឭក​ថា ករណី​ទាំង​ពីរ​របស់ លោក គឹម​ សុខ ត្រូវ​បាន​តុលាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ចោទ​ប្រកាន់​រួម​គ្នា​រួច​ហើយ កាល​ពី​ខែ​សីហា​ឆ្នាំ​២០១៧ ពី​បទ​ញុះ​ញង់​ឲ្យ​ប្រព្រឹត្ត​បទ​ល្មើស​ជា​អាទិ៍​និង​បទ​បរិហាកេរ្តិ៍​ដោយ​ដាក់​ពន្ធនាគារ​១៨​ខែ ពិន័យ​៨​លាន​រៀល​និង​ត្រូវ​សង​ជំងឺ​ចិត្ត​ដល់​លោក ហ៊ុន សែន ៨០០​លាន​រៀល៕ ប្រភព៖ RFI