នៅ​អាមេរិក កាសែត​ទាំង​ធំ​ទាំង​តូច បាន​ព្រួត​ដៃ​គ្នា​សរសេរ​ចុះ​ផ្សាយ​ នៅ​ថ្ងៃព្រហស្បតិ៍នេះ ដោយ​បាន​ឆ្លើយវាយ​បក​ទៅ​លោកប្រធានាធិបតី​ ដូណាល់ ត្រាំ ថា “កាសែត​ពុំ​មែន​ជា​សត្រូវ​របស់​ប្រជាជន​នោះទេ” និង​ថា អ្នក​ដែល​និយាយ​ដូច្នេះទៅវិញទេ ដែល​ជា​គ្រោះ​ថ្នាក់​សម្រាប់​ប្រទេស​ជាតិ។

​សារព័ត៌មាន Boston Globe បាន​សរសេរ​ពន្យល់ ហាក់​ដូច​ជា​​ចង់​ខ្សឹប​ដាក់​ត្រចៀក​លោក ដូណាល់ ត្រាំ ​ថា « ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ពុំ​មែន​ជា​ត្រូវ​របស់​ប្រជាជន​នោះឡើយ»។ កាសែត​នេះ បាន​យក​​ឃ្លាដូច្នេះ​​ដាក់​ជា​ចំណង​ជើង​នៃ​អត្ថបត​​បទវិចារណកថា ​របស់​ខ្លួន​តែម្តង។

កាសែត​ The New York Times វិញ បានចេញ​សំណេរ​​ថា ការ​ដែល​ហៅ​អ្ន​កកាសែត​ជា​សត្រូវ​របស់​ប្រជាជន គឺជា​រឿង​មួយ​ដ៏​គ្រោះថ្នាក់សម្រាប់​ជីវិត​នៃ​លទ្ធិប្រជាធិបតេយ្យ​។​​ The New York Times ក៏​បាន​ស្រង់​សម្តី​អតីត​ប្រធានាធិបតី​ Ronald Reagan ហាក់​ដូច​ជា​ចង់​ដាស់តឿន​​លោកត្រាំថា ការអនុវត្ត​សេរីភាព​ភាព​បញ្ចេញ​មតិរបស់​កាសែត គឺ​គ្រឹះ​ដ៏​សំខាន់​របស់​លទ្ធិ​ប្រជាធិបតេយ្យ។ កាសែត The New York Times ​ដ៏​ធំនេះ​ ​បាន​ចេញ​ផ្សាយ​ការ​ស្ទង់​មតិ​របស់​ពលរដ្ឋ​អាមេរិក ឲ្យ​ដឹង​ថា មាន​ពលរដ្ឋអាមេរិក​៩០ភាគរយៈ​​ ដែល​ជា​អ្នក​ស្រឡាញ់​បក្ស​ប្រជាធិបតេយ្យ យល់ថា សេរីភាព​រិះគន់​របស់​កាសែត​ គឺ​ជា​សារៈ​សំខាន់​ដែល​ធានា​សុវត្ថិភាព​របស់​សេរីភាព​នោះឯង។

រីឯកាសែត The Arizona Daily Star ទំនង​ជា​បាន​ដំឡើង​សម្តី​ធ្ងន់​បន្តិចដែរ​ ដោយ​សរសេរ​ឡើង ​ថាបើ​អ្ន​ក​កាសែត​មិនសរសេរ​​រិះគន់ ហើយ​ទៅ​ចូល​រួម​សន្និសីទ ចាំតែ​​អង្គុយ​ស្តាប់​របាយការណ៍​នៃ​កិច្ច​ប្រជុំ​ដ៏​សែន​ធុញ​ទ្រាន់​ របស់​រដ្ឋាភិបាល គឺ​មិន​បាច់​គួរ​ធ្វើ​អ្នក​កាសែត​ទេ។

លោក Ken Paulson អតីត​អ្នក​សរសេរ​បទ​វិចារណកថា ឲ្យ​កាសែត​ USA Today បាន​បញ្ចេញយោបល់ ដោយលោក​មិនគិត​ថា អ្នក​កាសែត​អាច​ទ្រាំ​អង្គុយ​មើល​បុរស​ដ៏​មាន​អំណាច​ម្នាក់​លើលោក រំលាយ​សិទ្ធិសេរីភាព​ដែល​បា​នត្រូវ​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​អាមេរិក បាន​​នោះទេ​។ ដូច្នេះ​អ្ន​កកាសែត​ត្រូវតែ​ធ្វើ​កិច្ចការ​សរសេរ​រិះគន់​របស់​ពួក​គេតទៅទៀត​។

ទាំងអស់​នេះ​ គឺ​ជា​ចម្លើយ​តប​ទៅ​នឹងសម្តី​ជារឿយៗ​របស់​​ប្រធានាធិបតី​ ត្រាំ នៃ​ប្រទេស​បិតា​ប្រជា​ធិបតេយ្យ​ដូ​ចអាមេរិក ដែល​តែង​តែ​ចាត់ទុក​​អ្នក​កាសែតថា​ជា​សត្រូវ និង​ដែល​ផ្សាយ​ព័ត៌មានក្លែង​ក្លាយ។​

គួរ​ជ្រាប​ដែរថា សារព័ត៌មាន Boston Globe ក៏​បាន​ធ្វើ​យុទ្ធនាការ​ប្រមូល​ការ​គាំទ្រ​ ដោយឲ្យ​អ្ន​កប្រើ​អ៊ិន​ធឺនែត​​សរសេរ​ថា គ្មាន​ត្រូវ​របស់​អ្នក​ណាទេ។ ​យុទ្ធនាការ​នេះ មាន​កាសែត​ជាង​២០០ស្ថាប័ន​ហើយ​ ​បាន​ចូលរួម​គាំទ្រ​៕​ ប្រភព៖ RFI