ភ្នំពេញ —នៅ​ថ្ងៃសុក្រ​នេះ​ ​ព្រះ​មហា​ក្សត្រ​ ​ព្រះ​បាទ​នរោត្តម សីហមុនី​ បានត្រាស់​បង្គាប់​ចាត់​តាំង​លោក​ ហ៊ុន សែន​ ជា​នាយក​រដ្ឋមន្រ្តី​ក្នុង​អាណត្តិ​ទី៦​ ដើម្បី​រៀបចំ​សមាសភាព​រាជ​រដ្ឋាភិបាល​ និង​ស្នើ​សុំ​សេចក្តី​ទុកចិត្ត​ពី​រដ្ឋ​សភា​ថ្មី​ ​ក្រោយ​គណបក្ស​កាន់​អំណាច​ឈ្នះ​ការ​បោះឆ្នោត​ភ្លូក​ទឹក​ភ្លូក​ដី​ ​ដោយ​គ្មាន​វត្តមាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ។​



ទន្ទឹម​គ្នា​នោះ​ ​ឧត្តម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ក៏​បាន​ចេញ​កំណត់​សម្គាល់​សង្ខេប​មួយ​ ស្តីពី​កង្វល់​អំពី​បរិយាកាស​សិទ្ធិ​មនុស្ស​ជុំវិញ​ការ​បោះឆ្នោត​ ​ដោយ​អំពាវនាវ​ឲ្យ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​កម្ពុជា​ឡើង​វិញ​ ​និង​ដោះលែង​អ្នក​ទោស​នយោបាយ​នានា​ឲ្យមាន​សេរីភាព​ផង​ដែរ។​

ព្រះ​រាជក្រឹត្យ​ ដែល​ត្រាស់​បង្គាប់​ចាត់​តាំង​លោក​ ហ៊ុន សែន​ ជា​នាយករដ្ឋ​មន្រ្តី​ ​ឡាយ​ព្រះ​ហត្ថលេខា​ដោយ​ព្រះ​មហា​ក្សត្រ​ ​បាន​ទ្រង់​យល់​លើ​សំណើ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ​ស្តីពី​ការ​ស្នើ​សុំ​ចាត់​តាំង​នាយក​រដ្ឋ​មន្រ្តី​ ​និង​ទ្រង់​យល់​សេចក្តី​ក្រាម​បង្គំ​ទូល​ថ្វាយ​របស់​លោក​ ​ហេង សំរិន​ ​ព្រឹទ្ធ​សមាជិក​រដ្ឋ​សភា​នីតិកាល​ទី​៦។​

ព្រះ​រាជ​ក្រឹត្យ​ដែល​ឡាយ​ព្រះ​ហត្ថលេខា​ ​នៅ​ថ្ងៃទី​១៧​ ​ខែ​សីហា​ ​ឆ្នាំ​២០១៨​នេះ​ ​បញ្ជាក់​ក្នុង​ន័យ​ដើម​ថា៖​

«ត្រាស់​បង្គាប់​មាត្រា​១ ​ចាត់​តាំង​សម្តេច​អគ្គមហា​សេនាបតី​តេជោ​ ​ហ៊ុន សែន​ ជា​នាយក​រដ្ឋមន្រ្តី​នៃ​ព្រះរាជា​ណាចក្រកម្ពុជា។​ ​មាត្រា២​ ​នាយក​រដ្ឋមន្រ្តី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​មាន​ភារកិច្ច​រៀបចំ​សមាសភាព​រាជរដ្ឋាភិបាល​កម្ពុជា​ ​ដើម្បី​សុំ​សេចក្តី​ទុកចិត្ត​ពី​រដ្ឋសភា។​ មាត្រា៣​ ​ព្រះរាជក្រឹត្យ​នេះ​ចូល​ជា​ធរមាន ​ចាប់ពី​ថ្ងៃ​ឡាយ​ព្រះ​ហស្ថ​លេខា​តទៅ»។​

ក្រោយ​ព្រះរាជ​ក្រឹត្យ​ព្រះ​មហាក្សត្រ​ត្រូវ​បាន​ផ្សព្វផ្សាយ​ លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន​ ​នា​ថ្ងៃ​សុក្រ​ដដែល​នេះ​ ​ក៏​បាន​សរសេរ​លិខិត​មួយ​ច្បាប់​ ​អរ​ព្រះ​គុណ​ព្រះ​មហាក្សត្រ​ ​ដែល​ព្រះរាជ​ទាន​ ​ចាត់​តាំង​លោក​ជា​នាយក​រដ្ឋមន្រ្តី​កម្ពុជា។​

លោក ហ៊ុន សែន​ សរសេរ​បញ្ជាក់​ក្នុង​លិខិត​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​លើ​គេហ​ទំព័រ​អង្គភាព​ព័ត៌មាន​ Freshnews ​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល តាម​ន័យ​ដើម​ថា៖​

«តប​នឹង​ព្រះ​រាជក្រឹត្យ​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​ព្រះ​ករុណា​ជា​អម្ចាស់​ជីវិត​លើ​ត្បូង​ ​ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ​នឹង​រៀបចំ​សមាសភាព​រាជ​រដ្ឋាភិបាល​ ​បញ្ជូន​ទៅ​ព្រឹទ្ធ​សមាជិក​នៃ​រដ្ឋសភា​ ​នីតិកាល​ទី៦​ ​ដើម្បី​សុំ​ការ​ផ្តល់​សេចក្តី​ទុកចិត្ត​ពី​សមាជិក​ ​សមាជិកា​នៃ​រដ្ឋសភា​ ​ដែល​នឹង​ប្រជុំ​នៅ​ថ្ងៃ​ទី៦​ ​ខែកញ្ញា​ ​ឆ្នាំ២០១៨​ ខាង​មុខ​នេះ»។​

នៅ​មុន​ពេល​ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ (គ.ជ.ប.) ​ប្រកាស​លទ្ធផល​នៃ​ការ​បោះឆ្នោត​ជា​ផ្លូវការ ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន​ ​ដែល​កាន់​អំណាច​ជាង​៣០​ឆ្នាំ​ ​បាន​ប្រកាស​ពី​ការ​កំណត់​យក​ថ្ងៃ​ទី៥​ ​ខែកញ្ញា ជា​ថ្ងៃ​ប្រជុំ​រដ្ឋសភា​លើក​ដំបូង​នៃ​អាណត្តិ​ទី៦​ ​និង​បាន​កំណត់​យក​ថ្ងៃ​ទី៦​ ​ខែកញ្ញា​ ​ឆ្នាំ២០១៨​ ​ជាថ្ងៃ​បង្កើត​រដ្ឋាភិបាល​ថ្មី។ លោក​ក៏​បាន​អះអាង​ថា ​រាជ​រដ្ឋាភិបាល​ថ្មី​ ​និង​ក្បាល​ម៉ាស៊ីន​រដ្ឋសភា​ ​ព្រម​ទាំង​កម្មវិធី​នយោបាយ​របស់​រាជ​រដ្ឋាភិបាល​អាណត្តិ​ថ្មី​បាន​ធ្វើ​រួច​រាល់​អស់​ហើយ។

កាលពី​ថ្ងៃ​ទី១៥ ​ខែសីហា​នេះ​ ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​បាន​ប្រកាស​លទ្ធផល​បោះឆ្នោត​ផ្លូវការ​ថា​ ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​ឈ្នះ​បាន​អាសនៈ​ទាំង​១២៥ ​ក្នុង​រដ្ឋ​សភា។​

ជ័យ​ជម្នះ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ក្នុង​ការ​បោះឆ្នោត​កាលពី​ថ្ងៃទី២៩​ ​ខែកក្កដា ឆ្នាំ២០១៨​នេះ​ ​ធ្វើ​ឲ្យ​លោក​ ​ហ៊ុន សែន​ ​អាច​បន្ត​កាន់​អំណាច​ចំនួន​៥ឆ្នាំ​បន្ថែម​ទៀត។

ការ​បោះ​ឆ្នោត ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​ដាច់​ ​និង​ទទួល​បាន​អាសនៈ​រដ្ឋសភា​ទាំង​អស់​នេះ ​ធ្វើ​ឡើង​ដោយ​មិន​មាន​វត្តមាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ​ដែល​ជា​គណបក្ស​ប្រឆាំង​មាន​អ្នកគាំទ្រ​ជាង​៤០​ភាគរយ​នៅ​ទូទាំង​ប្រទេស​ ​កាលពី​ការ​បោះឆ្នោត​ឆ្នាំ​២០១៧ ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​កាល​ពី​ខែ​វិច្ឆិកា ​ឆ្នាំ​កន្លង​ទៅ។

ក្រោយ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ការ​ចាប់​ខ្លួន​ប្រធាន​គណបក្ស​នេះ​គឺ​លោក​ ​កឹម សុខា​ ​ការ​ព្យួរ​សិទ្ធិ​នយោបាយ​របស់​មន្រ្តី​គណបក្ស​ប្រឆាំង​ចំនួន​១១៨​នាក់​ ​ព្រមទាំង​ការ​បង្ក្រាប​លើ​អង្គការ​សង្គម​ស៊ីវិល​ ​និង​សារ​ព័ត៌មាន​ឯករាជ្យ​ ​គេ​ឃើញសហគមន៍​អន្តរជាតិ​មួយ​ចំនួន​ដែល​កាន់​របប​លទ្ធិ​ប្រជាធិបតេយ្យ​ បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​រិះគន់​រដ្ឋាភិបាល​កម្ពុជា​ និង​ប្រកាស​ការ​មិន​ទទួល​ស្គាល់​លទ្ធផល​នៃ​ការ​បោះឆ្នោត​នេះ​ជា​បន្តបន្ទាប់។​

ក្នុង​សប្តាហ៍​នេះ​ ​សហរដ្ឋ​អាមេរិក​ដែល​បាន​ដក​ជំនួយ​អភិវឌ្ឍន៍​ពី​កម្ពុជា​ជា​បន្តបន្ទាប់​ ព្រមទាំង​បាន​ដាក់​ទណ្ឌកម្ម​លើ​មន្រ្តី​ជាន់​ខ្ពស់​រដ្ឋាភិបាល​របស់​លោក ​ហ៊ុន សែន មួយ​ចំនួន​ផង​នោះ​ ​ក៏​បាន​ប្រកាស​ថា​ ​នឹង​ពង្រីក​បន្ថែម​នូវ​ការ​ដាក់​កំហិត​ទិដ្ឋាការ​ដែល​ខ្លួន​បាន​ដាក់​កាល​ពី​ចុង​ឆ្នាំ​មុន​ ​លើ​បុគ្គល​ទាំង​ឡាយ​ណា​ដែល​ពាក់ព័ន្ធ​នឹង​«ការ​បំផ្លិច​បំផ្លាញ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា»។​

នៅ​ថ្ងៃទី​១៧ ​ខែ​សីហា​ ​នេះ​ ​អ្នកនាំពាក្យ​ឧត្តម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ គឺ​អ្នកស្រី​ រ៉ាវីណា​ ​សេមសាដានី​ បាន​ចេញ​កំណត់​សង្ខេប​មួយ​ស្តីពី​ប្រទេស​កម្ពុជា​ ​ដោយ​អ្នកស្រី​បាន​បង្ហាញ​កង្វល់​អំពី​បរិយាកាស​សិទ្ធិ​មនុស្ស​ទាក់ទង​នឹង​ការ​បោះឆ្នោត​ ​ដោយ​មិន​មាន​ការចូលរួម​ពី​គណបក្ស​សង្គ្រោះ​ជាតិ។

អ្នកស្រី​ក៏​បាន​បន្ថែម​ថា​ ​ប្រជា​ពលរដ្ឋ​កម្ពុជា​ដ៏​ច្រើន​ ​មិន​បាន​ជ្រើស​រើស​តំណាង​របស់​ខ្លួន​ ​ដែល​ជា​ហេតុ​បណ្តាល​ឲ្យ​មាន​កង្វល់​ចំពោះ​សិទ្ធិ​របស់​ប្រជា​ពលរដ្ឋ​ក្នុង​ការ​ចូលរួម​ក្នុង​ជីវភាព​នយោបាយ។​

អ្នកស្រី​បន្ថែម​ថា​ ​មាន​សេចក្តី​រាយ​ការណ៍​ថា​ ប្រជា​ពលរដ្ឋ​ត្រូវ​គេ​គំរាម​កំហែង​ ​ឬ​ទិញ​សំឡេង​បោះឆ្នោត​ ​ហើយ​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​បាន​ប្រឈម​នឹង​ការ​យាយី​រំខាន​នៅ​ក្នុង​ការ​បោះឆ្នោត។​ ​ចំណែក​គេហទំព័រ​ដ៏​ពេញ​និយម​ចំនួន​ដប់ប្រាំ​ពីរ​ត្រូវ​បាន​បិទ​ នៅ​អំឡុង​ថ្ងៃ​បោះឆ្នោត។ មាន​ការ​រឹត​បន្តឹង​បន្ថែម​ទៀត​ទៅ​លើ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​របស់​អ្នក​បោះឆ្នោត ​និង​គូប្រជែង​នយោបាយ​ ​តាម​រយៈ​ការ​គំរាម​កំហែង​ ​ការ​ពិន័យ​ជាប្រាក់​ ​និង​ការ​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ជាដើម។​

អ្នកស្រី​ក៏​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បញ្ឈប់​នូវ​ការ​ចាត់​វិធានការ​បែប​នោះ​ ​និង​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បង្កើត​បរិយាកាស​មួយ​ជជែក​ពិភាក្សា​នយោបាយ​ដោយ​បើក​ចំហ ​និង​អនុញ្ញាត​ឲ្យ​សំឡេង​ទាំង​អស់​នៅ​កម្ពុជា​ត្រូវ​បាន​គេ​ស្តាប់​ដឹង​ឮ។

អ្នកស្រី​ ​រ៉ាវីណា សេមសាដានី​ ​បានបញ្ជាក់​ក្នុង​កំណត់​សង្ខេប​ស្តី​ពី​ប្រទេស​កម្ពុជា​នោះ ​ក្នុងន័យ​ដើម​ថា៖​ ​

«យើង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ដោះលែង​អ្នក​នយោបាយ​គណបក្ស​ប្រឆាំង ​អ្នកសារ​ព័ត៌មាន ​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ ​និង​ប្រជា​ពលរដ្ឋ​សាមញ្ញ​ដែល​ត្រូវ​បាន​គេ​ឃុំ​ខ្លួន​ដោយសារ​តែ​ការ​អនុវត្ត​សិទិ្ធ​មនុស្ស​ ជាពិសេស​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ។ យើង​សូម​អំពាវនាវ​ផង​ដែរ​ដល់​រដ្ឋាភិបាល​ឲ្យ​លុប​ចោល​បម្រាម​ទៅ​លើ​គូប្រជែង​ មិន​ឲ្យ​ចូលរួម​ក្នុង​សកម្មភាព​នយោបាយ​ ​ការពារ​ ​និង​ពង្រីក​លំហ​សម្រាប់​សកម្មភាព​សង្គម​ស៊ីវិល»។

យ៉ាងណា​ក៏​ដោយ​ ​លោក ហ៊ុន សែន​ ​និង​មន្ត្រី​គណបក្ស​កាន់​អំណាច​របស់​លោក​ធ្លាប់​បាន​បញ្ជាក់​កន្លង​មក​ថា​ ​ជ័យ​ជម្នះ​ភ្លូកទឹក​ភ្លូកដី​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​ការ​បោះ​ឆ្នោត​ថ្ងៃទី២៩​ កក្កដា គឺ​បញ្ជាក់​ពី​ការ​គាំទ្រ​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​ ​និង​ភាព​ចាស់ទុំ​នៃ​លទ្ធិ​ប្រជា​ធិបតេយ្យ​ក្នុង​ប្រទេស​កម្ពុជា៕ ប្រភព៖ VOA