​ទារក​ម្នាក់​ត្រូវបាន​ជួយសង្គ្រោះ ចេញពី​មាត់​លូបង្ហូរទឹក​មួយ បន្ទាប់ពី​វា​ត្រូវបាន​លឺ​ស្រែកយំ ជាមួយ​ទងផ្ចិត​រុំ​ព័ទ្ធជុំវិញ​ករប​ស់វា​ដ៏​គួរ​ឲ្យ​អាសូរ ។ ទារក​នេះ​ត្រូវបាន​ជួយសង្គ្រោះ​ដោយ​ស្ត្រី​ម្នាក់​ឈ្មោះ​គ្រាន់តែ​ប្រាប់​ខ្លី​ថា Geeta ដែល​បាន​ទាញ​វា​ចេញ​តាមរយៈ​ជើង និង​បន្ទាប់មក ក៏បាន​យ​កវាម​កលាង​សម្អាត​ជាមួយ​ទឹកស្អាត ។​

​អ្នកស្រី Geeta ត្រូវបាន​ប្រាប់​អំពី​ស្ថានភាព​ដ៏​លំបាក​នេះ ដោយ​អ្នកលក់​ដើរ​ទឹកដោះ​ម្នាក់ ដែល​បានគិត​ដំបូង​ថា វា​គឺជា​សត្វ​ឆ្មា​កំពុង​ស្រែកយំ ។ ទារក​នេះ​ត្រូវបាន​ព្យាបាល​បញ្ហា​ដង្ហើម នៅ​មន្ទីរពេទ្យ Egmore ក្នុង​ទីប្រជុំជន Valasaravakkam ស្រុក Chennai រដ្ឋ Tamil Nadu ។​

​គ្រូពេទ្យ​បាន​គ្រប់គ្រង​ព្យាបាល​ទារក​នេះ ហើយ​ឥឡូវនេះ បាន​និយាយថា វា​បាន​សះស្បើយ​ពី​ហេតុការណ៍​ដ៏​លំបាក​នោះ និង​មាន​សុខភាព​ល្អ ។ Geeta អាយុ ៤៥ ឆ្នាំ ដែល​រស់នៅ​ជាមួយ​កូនស្រី​របស់​នាង បាន​និយាយថា នាង​ចង់​ដាក់ឈ្មោះ​ឲ្យ​ទារក​ប្រុស​នេះ​ថា Suthanthiram ដែល​មានន័យថា​សេរីភាព ព្រោះ​វា​ត្រូវបាន​រកឃើញ​នៅក្នុង​ថ្ងៃ​ឯករាជ្យ​ជាតិ​របស់​ឥណ្ឌា ។​

​មន្ត្រី​មន្ទីរពេទ្យ​ម្នាក់​បាន​និយាយថា ទារក​នេះ​នឹង​នៅតែ​ស្ថិតក្រោម​ការតាមដាន​សុខភាព មុនពេល​ត្រូវបាន​បញ្ជូន​ទៅកាន់​មណ្ឌលកុមារ​កំព្រា​ក្នុង​តំបន់ ។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ក្នុង​តំបន់​បាន​រាយការណ៍​ថា មន្ទីរពេទ្យ​បានទទួល​សំណើរ​រាប់សិប ដោយ​ស្នើសុំ​កូន​នេះ​មក​ចិញ្ចឹម បន្ទាប់ពី​វីដេអូ​នៃ​ការសង្គ្រោះ​វា​ត្រូវបាន​បង្ហោះ​នៅលើ​អ៊ិនធើរណេត ។​

​បច្ចុប្បន្ន ប៉ូលីស​កំពុងបើក​ការស៊ើបអង្កេត​ហេតុការណ៍​ដ៏​គួរ​ឲ្យ​អាសូរ​នេះ ប៉ុន្តែ ពុំទាន់​មានការ​ចាប់ខ្លួន​ណាមួយ​ត្រូវបាន​ធ្វើឡើង​នោះទេ ៕