​ភ្នំពេញ ​៖ ក្រសួង​អប់រំ​យុវជន​និង​កីឡា បានប្រកាស​ឲ្យ​បេក្ខជន​ប្រឡង​សញ្ញាបត្រ​ទុតិយភូមិ​ត្រូវ​ទៅពិនិត្យ​ដោយផ្ទាល់ លេខ​តុ លេខ​បន្ទប់ នៅតាម​មណ្ឌល​ប្រឡង​រៀងៗ ខ្លួន​។​

​ក្រសួង​អប់រំ ពុំមាន​ការផ្សព្វផ្សាយ បញ្ជី​ឈ្មោះ​បេក្ខជន លេខ​តុ លេខ​បន្ទប់ នៅលើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ របស់​ក្រសួង​ឡើយ​។​



​សូម​បេក្ខជន​ប្រឡង​សញ្ញាបត្រ​ទុតិយភូមិ​ត្រូវ​ទៅពិនិត្យ​ដោយផ្ទាល់ លេខ​តុ លេខ​បន្ទប់ នៅតាម​មណ្ឌល​ប្រឡង​រៀងៗ​ខ្លួន​ដោយផ្ទាល់ ដើម្បី​អាច​ដឹង​ទីតាំង​មណ្ឌល​ប្រឡង បន្ទប់​ប្រឡង ជៀសវាង​ការភ័ន្តច្រឡំ និង​យឺតយ៉ាវ​ផ្សេងៗ​នា​ថ្ងៃ​ប្រឡង ។​

​ទិដ្ឋភាព​ទូទៅ​នៃ​ការបិទបញ្ជី​ឈ្មោះ​បេក្ខជន​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ចំណេះ​ទូទៅ និង​បំពេញវិជ្ជា​សម័យ​ប្រឡង​៖ ២០ សីហា ២០១៨​។​

​បញ្ជី​ឈ្មោះ លេខ​តុ លេខ​បន្ទប់​បេក្ខជន តារាង​ប្រព្រឹត្តទៅ​នៃ​វិញ្ញាសា បទ​ប្បញ្ញត្តិ​ប្រឡង និង​ប្លង់​បន្ទប់ ត្រូវបាន​បិទ​នៅតាម​គ្រប់​មណ្ឌល​ប្រឡង​ទូទាំង​២៥​រាជធានី​-​ខេត្ត នា​ព្រឹក​ថ្ងៃអាទិត្យ​ទី​១៩​សីហា​នេះ​។

​សូមជម្រាបថា សម្រាប់​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៨​នេះ សិស្ស​ដែល​បានដាក់​ពាក្យ​ប្រឡង​មាន​ចំនួន ១១៧០៦១​នាក់ ចែកចេញជា​ពីរ​ក្រុម គឺ​ថ្នាក់​វិទ្យាសាស្ត្រ​ចំនួន ៥១,៧​ភាគរយ និង​ថ្នាក់​វិទ្យា​សាស្ត្រ​សង្គម​ចំនួន ៤៨,៣​ភាគរយ​។ មណ្ឌល​ប្រឡង​ចំនួន​១៩៥ មណ្ឌល ក្នុងនោះ​មណ្ឌល​ប្រឡង​ថ្នាក់​វិទ្យាសាស្ត្រ​មាន​ចំនួន ៩៩ មណ្ឌល និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​មាន​ចំនួន​៩៦ មណ្ឌល ព្រមទាំង ៤ ៧១៦​បន្ទប់​។​

​សូម​ថ្លែងអំណរគុណ ដែល​បាន​ជួយ​រៀបចំ​ថែរក្សា និង​មើល​ការខុសត្រូវ​នៅ​កន្លែងផ្ញើកង់ និង​ម៉ូតូ​ជូន​បេក្ខជន​ដោយ​ឥតគិតថ្លៃ ក្នុង​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ចំណេះ​ទូទៅ និង​បំពេញវិជ្ជា សម័យ​ប្រឡង ៖ ២០ សីហា ២០១៨ ។​

​តារាង​ប្រព្រឹត្តទៅ នៃ​វិញ្ញាសា​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ចំណេះ​ទូទៅ និង​បំពេញវិជ្ជា សម័យ​ប្រឡង ៖ ២០ សីហា ២០១៨ គឺ​សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​។​

​ក្រសួង​បានចេញ​ប្រកាស ស្តីពី ការកែសម្រួល​មណ្ឌល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង ៖ ២០ សីហា ២០១៨ គឺ​មណ្ឌល​សាល​គរុកោសល្យ​ខេត្តកំពត ថ្នាក់​វិទ្យាសាស្ត្រ​ចំនួន​២០ ស្ថិត​ក្នុ​ក្រុង​កំពត​ត្រូវបាន​អនុញ្ញាត​ឲ្យ​ប្តូរ​ទីតាំង ទៅ​មណ្ឌល​វិទ្យាល័យ​ឯកជន​វឌ្ឍន​វិជ្ជា ក្រុង​កំពត ខេត្តកំពត​៕