គណបក្ស​ខ្មែរ​ក្រោក​បានចាប់ផ្តើម​បើក​យុទ្ធនាការ​ប្រមូល​ស្នាម​មេដៃ​ពី​ប្រជាពលរដ្ឋ​ហើយ​កាល​ថ្ងៃ​សៅរ៍ ម្សិលមិញ​នេះ ដើម្បី​យកទៅ​ប្តឹង​ទាមទារ​យក​កោះត្រល់​ពី​ប្រទេស​វៀតណាម​មកវិញ។ យុទ្ធនាការ​ប្រមូល​ស្នាម​មេដៃ​នេះ បានចាប់ផ្តើម​ធ្វើឡើង​នៅ​ស្នាក់ការ​កណ្ដាល​គណបក្ស​ខ្មែរ​ក្រោក​នៅ​ខណ្ឌទួលគោក រាជធានី​ភ្នំពេញ។ បើតាម​គណបក្ស​ខ្មែរ​ក្រោក យុទ្ធនាការ​ការ​នេះ​ត្រូវបាន​ធ្វើឡើង​ក្រោយពី​អាជ្ញាធរ​បានអនុញ្ញាត​ច្បាប់។

គណបក្ស​ខ្មែរ​ក្រោក​បាន​ដំណើរការ​យុទ្ធនាការ «ស្នាម​មេដៃ​មួយ​ដើម្បី​កោះត្រល់» របស់ខ្លួន​ហើយ ក្រោយពី​អាជ្ញាធរ​រាជធានី​ភ្នំពេញ​បានអនុញ្ញាត​ច្បាប់។ ប៉ុន្តែ​ការអនុញ្ញាត​នេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ​តម្រូវ​ឲ្យ​គណបក្ស​ខ្មែរ​ក្រោក​ប្រមូល​ស្នាម​មេដៃ តែ​នៅ​ទីស្នាក់ការ​កណ្តាល​របស់​ខ្លួន​ប៉ុណ្ណោះ ពោល គឺ​មិន​អនុញ្ញាត​ឲ្យ​ធ្វើ​នៅ​ទីកន្លែង​សាធារណៈ និង​មិន​ឲ្យ​មានការ​ប្រើប្រាស់​ឧបករណ៍​បំពង​សំឡេង​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​នៅតាម​ទីសាធារណៈ​ឡើយ។ នេះ​បើតាម​លិខិត​របស់​សាលា​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី១៧ ខែសីហា។

គណបក្ស​ខ្មែរ​ក្រោក​បាន​ឯកភាព​ទៅនឹង​លក្ខខណ្ឌ​របស់​សាលា​រាជធានី​ភ្នំពេញ​នេះ ហើយ​បាន​អំពាវនាវ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ដែលមាន​ទឹកចិត្ត​ស្រឡាញ់​ទឹកដី ទៅ​ចូល​រូ​ម​ផ្តិតមេដៃ ដើម្បី​យកទៅ​ប្តឹង​ទាមទារ​យក​កោះត្រល់​មក​វិញ។ លោក សុខ សុវណ្ណ វ​ឌ្ឍ​នាសារ​ពង្ស ប្រធាន​គណបក្ស​ខ្មែរ​ក្រោក​បាន​អះអាង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ថ្ងៃអាទិត្យ​នេះ​ថា គិត​មកដល់ពេលនេះ គណបក្ស​ខ្មែរ​ក្រោក​បានទទួល​ស្នាម​ដៃ​ពី​ប្រជាពលរដ្ឋ​ខ្មែរ​ជាង២ពាន់​ស្នាម​មេដៃ​ហើយ បន្ទាប់ពី​បានចាប់ផ្តើម​កាលពី​ថ្ងៃ​សៅរ៍ ទី១៨សីហា។

សូមបញ្ជាក់ថា ក្រោយ​ការបោះឆ្នោតជាតិ​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ គណបក្ស​ខ្មែរ​ក្រោក​ដែល​ទើបតែ​បង្កើតឡើង​នៅ​អាណត្តិ​នេះ បាន​ផ្តើម​ផ្តួច​គំនិត​ទាមទារ​យក​កោះត្រល់​ពី​ប្រទេស​វៀតណាម​មកវិញ។ តាម​ការគ្រោងទុក គណបក្ស​ថ្មី​នេះ ត្រូវការ​ស្នាម​មេដៃ​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន៥ម៉ឺន​ស្នាម​មេដៃ ដើម្បី​ធ្វើ​កិច្ចការ​នេះ។ បើតាម​គណបក្ស​ខ្មែរ​ក្រោក នៅពេលដែល​ខ្លួន​ទទួលបាន​ស្នាម​មេដៃ​គ្រប់​ចំនួន៥ម៉ឺន​ហើយ​នោះ គណបក្ស​នឹង​ដង្ហែ​ស្នាម​មេដៃ​ទាំងនេះ​ទៅ​ក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បី​ឲ្យ​ស្ថាប័ន​កំពូល​មួយ​នេះ​មោឃភាព​សន្ធិសញ្ញា​បំពេញបន្ថែម​ឆ្នាំ២០០។ សន្ធិសញ្ញា​បំពេញបន្ថែម​ឆ្នាំ២០០៥នេះ ត្រូវបាន​ចោទប្រកាន់ថា ធ្វើ​ឲ្យ​សន្ធិសញ្ញា​ឆ្នាំ៨០ ៨២ ៨៥ រស់​ឡើងវិញ ដែល​ធ្វើ​ឲ្យ​កោះត្រល់​ត្រូវ​បាត់បង់​ចាប់ពីពេលនោះ​មក។

យ៉ាងណាក៏ដោយ ដំណើរការ​ប្រមូល​ស្នាម​មេដៃ​នេះ​មិនមែនជា​រឿង​ងាយស្រួល​ពេក​ទេ​សម្រាប់​គណបក្ស​ខ្មែរ​ក្រោក។ ប៉ុន្តែ​លោក​សុខ​សុវណ្ណ វ​ឌ្ឍ​នាសារ​ពង្ស ហាក់​មានការ​ជឿជាក់ ដោយសារតែ​លោក​មើលឃើញថា ការផ្តើម​បើក​ដំណើរការ​ដំបូង គឺមាន​ពលរដ្ឋ​ច្រើន​គួរសម​ដែរ​បានមក​ផ្តិត​ស្នាម​មេដៃ។ លោក​ប្រធាន​គណបក្ស​ខ្មែរ​រូបនេះ បាន​គូសបញ្ជាក់ថា យុទ្ធនាការ​ប្រមូល​ស្នាម​ដៃ​នេះ​នឹងធ្វើ​ឡើង​គ្មាន​កាលកំណត់​ទេ ពោលគឺ​នឹង​បន្តធ្វើ​រហូតដល់​ទទួល​បាន​ស្នាម​ដៃ​គ្រប់​ចំនួន​កំណត់៥ម៉ឺន​ស្នាម​មេដៃ៕ ប្រភព៖ RFI