ភ្នំពេញ —ក្រុម​ប្រជា​នេសាទ​រស់នៅ​តាម​បឹង​ទន្លេសាប​ និង​ខេត្ត​ជាប់​ប្រទេស​ឡាវ បាន​ចូល​រួម​ជា​មួយ​គណៈ​កម្មការ​ទន្លេមេគង្គ​ ដើម្បី​សាទរចំពោះ​គំនិត​ផ្តួច​ផ្តើម​របស់​រដ្ឋាភិបាល​ឡាវ ដែល​នឹង​ធ្វើការ​ពិនិត្យ​ឡើងវិញ​រាល់​គម្រោង​អភិវឌ្ឍន៍​ទំនប់វារី​អគ្គិសនី​នានា​ ក្រោយ​ការ​បាក់​ទំនប់​មួយ​ដ៏គួរ​ឲ្យ​បារម្ភនៅ​ប្រទេស​នេះ។​



កាលពីថ្ងៃ​ទី២៣​ខែ​កក្កដា​ ​ទំនប់​វារីអគ្គិសនី​ ​Xe-Pian Xe-Namnoy​ ​របស់​ប្រទេស​លាវ ​ឬ​ហៅ​ម្យ៉ាង​ទៀត​ថាឡាវ ​បាន​បាក់​ ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សហគមន៍​នៅ​ភាគ​ខាង​ត្បូង​ ​និង​នៅ​តាម​តំបន់​ខ្សែ​ទឹក​ខាង​ក្រោម​នៃ​ប្រទេស​កម្ពុជា។​

លោក​ឡុង សូចែត្រ​ តំណាង​សហគមន៍​បឹង​ទន្លេសាប​ ​បានប្រាប់​ VOA ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ ហេតុ​ការណ៍​ដែល​បាន​កើតឡើង​នៅ​ប្រទេស​ឡាវគឺ​ជារឿង​មួយ​គួរ​ឲ្យ​បារម្ភ​សម្រាប់​ប្រជា​ពលរដ្ឋ​ខ្មែរ។ ​

លោក​មាន​ក្តីរីក​រាយ​ដែល​បាន​ដឹង​ថា​ ​ប្រទេស​ឡាវផ្តើម​ពិនិត្យ​ឡើង​វិញ​នៃ​គម្រោង​វិនិយោគ​ទំនប់​វារីអគ្គិសនី​ ហើយ​ថា វានឹង​ជា​ការ​ប្រសើរ​បំផុត​ ​ប្រសិន​បើ​ប្រទេស​ឡាវបញ្ឈប់​រាល់​ផែន​ការ​សាង​សង់​ទំនប់វារីអគ្គិសនី​ ដែល​លោក​យល់​ថា​ បាន​បង្ក​ផល​ប៉ះពាល់​ដល់​ផលនេសាទ។​

«អបអរ​សាទរ​ខ្លាំង​ណាស់ ព្រោះ​កន្លង​មក​ យើង​ក៏ធ្លាប់​ចូលរួម​ផ្តល់​យោបល់​ដែរ​ ពីទាក់​ទង​នឹង​ការ​អភិវឌ្ឍ​ទំនប់​ហ្នឹង​ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ម៉េចៗ​ ដល់​ប្រជា​ពលរដ្ឋ​ណ៎ា! ​ហើយ​បើ​សិន​ជា​ឡាវ​បាន​គិត​គូរ​ ហើយ​បើ​បានបញ្ឈប់​ការ​សាង​សង់​ទំនប់​ទៀត​ ប្រជា​ពលរដ្ឋ​នៅ​តាម​ដង​ទន្លេ​ នៅ​ប្រទេស​កម្ពុជា​យើង​នឹង​ក៏​អបអរ​សាទរ​ ចូលរួម​អរ​ដែរ​ ហើយ​បើ​បាន​ឈប់​មែន អ្ហូ៎​ងាប់​ហើយ​ សប្បាយ​ចិត្ត​យ៉ាង​ណា​ទេ! ព្រោះ​យើង​បារម្ភ​ណាស់​ អារឿង​បញ្ហា​ហ្នឹង»។​

សេចក្តី​ប្រកាស​របស់គណៈ​កម្មការ​ទន្លេមេគង្គ ​(Mekong River Commission) ហៅ​កាត់​ ថា ​MRC ​ដែលមាន​ទីស្នាក់ការ​កណ្តាល​នៅ​ទីក្រុង​វៀងចន្ទ​ប្រទេស​ឡាវដែល​បាន​ចែកចាយ​ដល់​បណ្តាញ​ព័ត៌មាន​ កាល​ពីថ្ងៃទី​១៥ ខែ​សីហា​ ឆ្នាំ​២០១៨​នេះ​ បាន​បញ្ជាក់​ពី​ការ​សម្រេច​ចិត្ត​របស់​រដ្ឋាភិបាល​ទីក្រុង​វៀងចន្ទ​ ដែល​នឹង​ពិនិត្យ​រាល់​ទំនប់​ដែល​កំពុង​មានស្រាប់​ និង​កំពុង​ស្ថិត​ក្នុង​ការ​សាងសង់​ ហើយ​ក៏​បាន​ផ្អាក​ការ​ពិចារណា​លើ​គម្រោង​វិនិយោគ​ទំនប់វារី​អគ្គិសនី​ថ្មីៗបន្ថែម ទៀត។​

គណៈ​កម្មការ​ទន្លេ​មេគង្គ​បាន​ស្វាគមន៍​យ៉ាង​ខ្លាំង​ចំពោះ​ការ​ដក​ថយ​របស់​ឡាវ ដើម្បី​ពិនិត្យ​ឡើង​វិញ​នូវ​ទំនប់​ដែល​មាន​ស្រាប់​ និង​កំពុង​ស្ថិត​ក្រោម​ការ​សាងសង់។​

នាយក​ប្រតិបត្តិ​របស់​គណៈ​កម្មការ​ទន្លេ​មេគង្គ ​លោក​ Pham Tuan Phan ត្រូវ​បាន​ស្រង់​សម្តី​តាម​ន័យ​ដើម​ក្នុង​សេចក្តី​ប្រកាស​នោះ​ថា៖​

«ក្នុង​នាម​ជា​អង្គការ​អន្តរ​រដ្ឋាភិបាល​ក្នុង​តំបន់​មួយ យើង​ស្វាគមន៍​ជាទី​បំផុត​ចំពោះ​ការ​សម្រេច​ចិត្ត​ និង​គំនិត​ផ្តួចផ្តើម​របស់​នាយក​រដ្ឋ​មន្ត្រីឡាវ ដើម្បី​ពិនិត្យ​រាល់​ទំនប់​ទាំង​អស់​ និង​ការ​ត្រួត​ពិនិត្យ​ឡើង​វិញ​នូវរាល់​គម្រោង​វិនិយោគ​ទំនប់​វារីអគ្គិសនី​ថ្មីៗ​ទៀត»។​

លោក​ត្រូវ​បាន​ស្រង់​សម្តីបន្ថែម​ក្នុង​ន័យ​ដើម​ថា៖ ​

«យើង​កំពុងស្វែង​រក​មធ្យោ​បាយ​ជាច្រើន​ ដើម្បី​ឲ្យ​ការ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ឡាវទទួល​បាន​ផលវិជ្ជមាន​នៅក្នុង​ការ​ពិនិត្យ​ឡើង​វិញ​ និង​ធ្វើ​បច្ចុប្បន្នភាព​ផែន​ការ​ និង​យុទ្ធសាស្ត្រ​ទំនប់​វារី​អគ្គិសនី​របស់​ខ្លួន​ ជាមួយ​ផែន​ការ​ និង​យុទ្ធ​សាស្ត្រ​ការ​អភវិឌ្ឍ​អាង​ទន្លេ​មេគង្គ​របស់​គណៈ​កម្មការ​ទន្លេ​មេគង្គ​ និង​របាយ​ការណ៍​ស្តីពី​អាង​ទន្លេ​មេគង្គ​ដែល​កំពុង​រៀបចំ​សម្រាប់​តំបន់​ទន្លេ​មេគង្គមួយ​ដែល​មាន​ចីរភាព»។​

លោក​មាស ចន្ទី​ ប្រជា​នេសាទ​ នៅក្នុង​ឃុំ​ថ្មកែវ​ ស្រុក​សៀមប៉ាង​ ខេត្ត​ស្ទឹងត្រែង​ និយាយ​ថា​ ការ​បាក់​ទំនប់​នៅ​ប្រទេស​ឡាវ កាលពី​ខែ​កក្កដា​កន្លង​ទៅ​ បាន​បង្ក​ផល​វិបាក​ដល់​ភូមិ​ឃុំ​របស់​លោក​ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ជា​៤០​គីឡូម៉ែត្រ​ពីព្រំ​ប្រទល់​ខ្មែរលាវ។​

លោក​អះអាង​ថា ​ដំណាំ​ស្រូវ​ប្រមាណ​៣០​ហិកតា​ត្រូវ​បាន​បំផ្លាញ​ដោយ​សារ​ការ​បាក់​ទំនប់​នោះ។ ​លោក​និយាយ​បន្តថា​ រដ្ឋាភិបាល​ឡាវគួរតែ​បញ្ឈប់​ការ​សាង​សង់​ទំនប់​បន្ថែម​ទៀត​ ដើម្បី​បញ្ជៀស​នូវ​មហន្តរាយ​ទៅថ្ងៃ​អនាគត។​

«ខាង​យើង​គឺមាន​ការ​បារម្ភច្រើន​ ហើយ​ក៏មិន​ចង់​ឲ្យ​គេ​បន្ត​ដែរ​ ព្រោះអី​អាច​មាន​ផល​ប៉ះពាល់​អីចឹង។ ​យើង​មិន​ដឹង​គេច​ទាន់​មិន​ទាន់​ ព្រោះអី​វា​ជិត​ដែរ​ នៅ​ហ្នឹង»។​

លោក​បន្ថែមថា​ អ្វី​ដែល​ប្រជា​នេសាទ​រស់​នៅ​គៀក​នឹង​ទំនប់​វារី​អគ្គីសនី​ឡាវចង់​បាន​នោះ​ គឺ​ត្រី ​មិនមែន​ភ្លើង​ទេ។ លោក​និយាយ​ថា៖​ ​

«ភ្លើង​ហ្នឹង​អត់​សូវ​សំខាន់​សម្រាប់​ សម្រាប់​គ្រួសារ​ដែល​នៅ​ជិត​ទំនប់​ ​ព្រោះអី​វា​មាន​ផល​ប៉ះ​ពាល់​ច្រើន​មិន​អាច​ និយាយ​ទៅ​អា​រឿង​ភ្លើង​ហ្នឹង​ វាមិន​អាច​ចង់​និយាយ​ថា​ វា​អត់​ស្មើ​នឹង​ផល​វិបាក​របស់​ប្រជា​ពលរដ្ឋ​នៅម្តុំ​ភូមិខ្ញុំ​អី​ចឹង»។​

ក្រោយ​ហេតុ​ការណ៍​បាក់​ទំនប់​វារីអគ្គិសនី​ដ៏​មហន្តរាយ​មួយ​បាន​កើត​ឡើង​កាល​ពី​ចុង​ខែ​កក្កដា​នោះ​ រដ្ឋាភិបាល​ប្រទេស​ឡាវក៏បាន​ប្រកាស​ផ្អាក​ការ​សម្រេច​យល់​ព្រម​លើ​គម្រោង​សាង​សង់​ទំនប់​វារីអគ្គិសនី​ថ្មីៗ​ ស្រប​ពេល​ដែល​ខ្លួន​កំពុង​ពិនិត្យ​លើ​គម្រោង​វារី​អគ្គិសនី​ចំនួន​ជាង​៥០​គម្រោង​ នា​ពេល​បច្ចុប្បន្ន​នេះ។​

នៅដើម​ខែ​សីហា​នេះ​ អង្គការ​ដែល​ធ្វើ​ការ​ងារ​ការ​ពារ​ទន្លេ​ឈ្មោះ​ Save the Mekong​ ​ក៏​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ផ្អាក​គម្រោង​សាង​សង់​ទំនប់​នា​នា​លើ​ដង​ទន្លេ​មេគង្គ​ដែរ​ ក្រោយ​ការ​បាក់​ទំនប់​វារី​អគ្គិសនី​នោះ។​

ការ​បាក់​ទំនប់​វារី​អគ្គិសនី ​Xe-Pian Xe-Namnoy​ បាន​បណ្ដាល​ឲ្យ​មនុស្ស​ប្រហែល​៦​ពាន់​នាក់​ជម្លៀស​ចេញ​ពី​ផ្ទះ​សម្បែង​នៅ​ក្នុង​ប្រទេស​ឡាវ​ មនុស្ស​ជាង ៣០​នាក់​ស្លាប់​បាត់បង់​ជីវិត​ ហើយ​មនុស្ស​ជាង​១០០​នាក់​ទៀត​បាត់​ខ្លួន។​

មនុស្ស​ប្រហែល​៥​ពាន់​នាក់​ផ្សេង​ទៀត​នៅ​ស្រុក​សៀម​ប៉ាង​ ខេត្ត​ស្ទឹងត្រែង ​ប្រទេស​កម្ពុជា​ នៅ​ជិត​ព្រំដែន​ឡាវ ​ក៏​ត្រូវ​បាន​ជម្លៀស​ចេញ​ពី​ផ្ទះ​សម្បែង​ផង​ដែរ។​

ផ្តើម​ចេញ​ពី​សោកនាដ​កម្ម​ ដែល​បានកើត​ឡើងនៅ​ក្នុង​ស្រុក ​Sanamxai ​នៃ​ខេត្ត Attapeu ​ប្រទេស​ឡាវ ​កាល​ពី​ពេល​ថ្មីៗ​នេះ​លោក​មាស​ ចន្ទី​ អ្នក​នេសាទ​ដែល​រក​ផលត្រី​បាន​ពី​ទន្លេ​សេកុង​ ក្នុង​ខេត្ត​ស្ទឹងត្រែង​ក៏បាន​អំពាវ​នាវ​ដល់​រដ្ឋាភិបាល​ខ្មែរ​ឲ្យ​មាន​វិធាន​ការ​បង្កា​ទុក​ជា​មុន​ចំពោះ​ករណី​មាន​ការ​ខូចខាត​ទំនប់​ក្នុង​ប្រទេស​កម្ពុជា។ ​លោក​និយាយ​ថា៖ ​

«អី​ចឹង ខ្ញុំ​ចង់​សំណូម​ពរ​ដល់​រាជ​រដ្ឋាភិបាល​ថា​ មាន​វិធាន​ការ​ណា​មួយអាច​ជួយ​ដល់​ប្រ​ជា​ពលរដ្ឋ​ ដូច​ថា​ កុំ​ឲ្យមាន​ជំនន់​ធ្ងន់​ធ្ងរ​អីចឹង ខ្លាច​វា​មាន​ប៉ះពាល់​ដល់​អាយុ​ជីវិត​ប្រជា​ពលរដ្ឋ​ក្នុង​ភូមិ​អីចឹង ព្រោះ​អីប៉ុន្មាន​កាល​លិច​ថ្ងៃ​មុន​ហ្នឹង​គឺ​ ប្រជា​ពលរដ្ឋ​រស់​នៅ​ទាំង​ដូចថា​ ការ​មាន​ការ​ព្រួយ​បារម្ភ​ យប់​ដេក​មិនលក់​ ថ្ងៃ​ហូប​មិន​ឆ្ងាញ់​អី​ចឹង»។

លោក​តែ ណាវុធ​ អគ្គ​លេខាធិការ​គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា​ ​ បាន​ប្រាប់​ VOA ​កាល​ពី​ថ្ងៃ​សុក្រ​ថា​ កម្ពុជា​ស្វាគមន៍​ជំហរ​របស់​ឡាវ​ ដែល​បាន​ប្រកាស​ថា​ ខ្លួន​នឹង​ពិនិត្យ​គុណភាពរបស់​ទំនប់វារី​អគ្គិសនីដែល​មាន​ស្រាប់​ និង​សកម្ម​ភាព​នៃ​ការ​សាងសង់​ទំនប់​បច្ចុប្បន្ន។​

«ស្វាគមន៍!​ យើង​ស្វាគមន៍! ​ធម្មតា​ទេ​ ធ្វើ​ឲ្យមាន​ទំនប់​ មាន​សុវត្ថិភាព​ហ្នឹង​បាទ។ ​ ជា​ការ​សំខាន់​ហើយ​ ដែល​ភាគី​ឡាវ​ហ្នឹង​ គាត់​បង្កើត​ជា​គណៈ​កម្មការ​ហ្នឹង ​គឺ​ថា​ គាត់​ដើរ​មើល​អធិការ​កិច្ច​ទាំង​អស់​ឡើង​វិញ​នូវ​ទំនប់​ដែល​កំពុង​សាង​សង់។​ អាហ្នឹង​ចៀសវាង​ ដែល​កំហុស​ខុស​ឆ្គង​ហើយ​ ដូច​យើង​ឃើញ​ស្រាប់​អីចឹងនៅ​ ​Xe-Pian Xe-Namnoy​ ហ្នឹង​វាបាក់​ទំនប់មួយ​ដោយ​អចេតនា​ហ្នឹង​។​ អីចឹង​ត្រូវ​មើល​ឡើង​វិញ»។​

លោក​បន្ថែម​ថា៖​

«ហើយ​ទីពីរ​ហ្នឹង​ គាត់​ឡាវ​ថា​ នឹង​ផ្អាក​មួយ​រយៈ​សិន​នូវ​គម្រោង​ថ្មី​ ហើយ​យើង​ក៏​រង់​ចាំ​រដ្ឋាភិបាល​ឡាវគាត់​បញ្ជាក់​ដែរ​ចំពោះ​គម្រោង​ដែល​គាត់​ដាក់​ចូល​មក​ក្នុង​ ការ​ពិគ្រោះ​យោ​បល់​ជាមួយ​ប្រទេស​ជា​សមាជិក ​ដូចជា​គម្រោង​ប៉ាកឡាយ​អី​ជា​ដើម​បាទ។​ អីចឹងយើង​រង់​ចាំការ​បញ្ជាក់​ពី​ភាគី​ឡាវ​ឲ្យ​បាន​ច្បាស់​លាស់​លើ​រឿង​ហ្នឹង​បាទ»។​

ក៏​ប៉ុន្តែ​ លោក​មិន​ធ្វើការ​អធិប្បាយ​ចំពោះ​ជំហរ​របស់​កម្ពុជា​ថា​ តើ​គួរ​បន្ត​សាងសង់​ទំនប់​វារី​អគ្គិសនី​បន្ថែម​ទៀត ​ឬ​ក៏​ផ្អាក​នោះ​ឡើយ​ នៅ​ក្រោយ​ហេតុ​ការណ៍​បាក់​ទំនប់​នៅ​ប្រទេស​ឡាវនោះ​រួច​មក។​ លោក​បាន​បង្វែរ​សំណួរ​ទាក់ទិន​បញ្ហា​នេះ​ ទៅកាន់​ក្រសួង​រ៉ែ និង​ថាមពល។​

VOA​ ព្យាយាម​សុំការ​អធិប្បាយ​ពីលោក​ វិចទ័រ​ ហ្សូនា​ មន្ត្រី​នាំពាក្យ​ទទួល​បន្ទុក​ខាង​ថាមពល​នៅ​ក្រសួង​រ៉ែ ​និង​ថាមពល​ តាំងពី​ថ្ងៃ​សុក្រ​ និង​ថ្ងៃ​សៅរ៍​ តែ​មិនទាន់​អាច​ទាក់​ទង​បាន​ទេ។​

ទោះបីមិន​ទាន់​មាន​ការ​ឆ្លើយតប​ពី​រដ្ឋាភិបាល​ក្តី​ ​ក៏​លោក​ឡុង សូចែត្រ​ តំណាង​សហគមន៍​បឹង​ទន្លេសាប​ ដែល​ជាអ្នក​តស៊ូ​មតិ​ការពារ​ធនធាន​ធម្មជាតិ​ ក្នុង​ទន្លេ​មេគង្គ ​និង​បឹង​ទន្លេសាប​ បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ ពិចារណា​ឲ្យ​បាន​ហ្មត់​ចត់​ នៅ​មុន​ពេលបន្តសង់​ទំនប់​វារីអគ្គិសនី ​បន្ថែម​ទៀតទៅ​លើ​ទំនប់​ដែល​មាន​ស្រាប់។ ​លោក​យល់​ថា​ ហេតុ​ការណ៍​ដែល​បាន​កើត​ឡើង​នៅ​ប្រទេស​ឡាវ ជារឿង​ដែល​គួរឲ្យ​ស្រណោះ។ ​

«ប្រសិន​ជា​យើង​ប្រៀប​ធៀប​ថា​ បើ​សិន​ជា​យើង​នៅ​ហ្នឹង​ស្ថាន​ភាព​បែប​ហ្នឹង​វិញ​ មិន​ដឹង​ថា​ គិត​យ៉ាង​ម៉េច​ អី​យ៉ាង​ម៉េច​ទេ​ ព្រោះ​វា​ពិបាក​ណាស់​ ព្រោះ​យើង​ដឹង​ហើយ​ថា​ អាភាព​លិច​លង់នេះ​ មិនៗ​ស្រួល​ទេ​ មក​មិន​ទាំង​ដឹង​ខ្លួន​ផង! វឹប​មក! ​វាៗ​ធ្វើ​ឲ្យបែក​បាក់​ ព្រាត់​បា្រស់​ ខូច​ខាត​ទ្រព្យ​សម្បត្តិ​អស់​រលីង។ ​មិនៗ​ ធម្មតា!​ ​ អីចឹងហើយបាន​យើង​ស្រណោះ​ដែរ​ថា​ បើសិន​ជា​គម្រោង​អភិវឌ្ឍន៍​ទំនប់​ហ្នឹង​មាន​នៅ​លើ​កម្ពុជា​ ក៏​យើង​ចង់​ឲ្យ​រដ្ឋាភិបាល​ហ្នឹង​ពិចារណា​មើល​គំរូ​ឡាវ​ដែរ​ កុំ​ឲ្យ​វា​មាន យើង​ឃើញ​ថា​ វាមាន​រឿង​អីចឹង​ហើយ​ កុំ​ឲ្យ​បង្ខំ​ឲ្យ​យើង​ឆ្លង​កាត់​ទៅ​កើត​រឿង​ហ្នឹង​ទៀត​ដែរ»។​

អ្នក​នេសាទ​រូបនេះ​បាន​បន្ថែម​ថា​ កម្ពុជា​គឺ​ជា​ប្រទេស​ដែល​នៅ​ក្រីក្រ​នៅ​ឡើយ​ ដូច្នេះ​ អ្វី​ដែល​បាន​កើត​ឡើង​នៅ​ប្រទេស​ឡាវ​គួរតែ​ត្រូវ​បាន​បញ្ជៀស​ឲ្យបាន​នៅ​កម្ពុជា៕ ប្រភព៖ VOA