រាជធានី​ភ្នំពេញ ៖ នៅក្នុង​សារលិខិត​របស់​សម្តេច​ក្រឡា​ហោម បាន​សង្កត់ធ្ងន់ថា ប្តេជ្ញា​បន្ត​ប្រតិបត្តិ​យ៉ាង​ខ្ជាប់ខ្ជួន​តាម​គោលការណ៍ និង​នយោបាយ របស់​រាជរដ្ឋាភិបាល​អាណត្តិ​ថ្មី​ដែលមាន សម្តេច​តេជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ​។​



​សម្តេច​ក្រឡាហោម ស ខេង បាន​ផ្ញើ​សារលិខិត​អបអរសាទរ សម្ដេច​តេជោ ហ៊ុន សែន ដែល​ត្រូវបាន​ព្រះមហាក្សត្រ​ត្រាស់បង្គាប់​ចាត់តាំង ជា​នាយករដ្ឋមន្ត្រី សម្រាប់​អាណត្តិ​ទី​៦ ដោយ​បាន​បញ្ជាក់ថា ការទទួលបាន​នូវ​ភារកិច្ច​ជា​ប្រមុខ​ដឹកនាំ​នៃ​ស្ថាប័ន​នីតិប្រតិបត្តិ​នេះ គឺជា​មោទនភាព​ដ៏​គួរឱ្យ​ស្ងប់ស្ងែង​សម្រាប់​ព្រះរាជាណាចក្រក​ម្ពុ​ជា​ទាំងមូល ក្នុងនាម សម្តេច​តេជោ ជា​រដ្ឋបុរស​ដ៏​ឆ្នោម​មួយរូប​ដែល​តែងតែ​រួម​សុខ​ជាមួយ​ប្រជាពលរដ្ឋ​នៅ​គ្រប់​កាលៈទេសៈ​និង​បាន​លះបង់​គ្រប់បែបយ៉ាង​ដើម្បី​បុព្វហេតុ​ជាតិ និង​មាតុភូមិ​។​

​ទន្ទឹមនេះ នៅក្នុង​ដំណើរការ​កសាង ស្ដារ និង​អភិវឌ្ឍ​ប្រទេសជាតិ សម្ដេច​តេច​ជោ គឺជា​ស្ថាបនិក​ដ៏​ប៉ិនប្រសព្វ​មួយរូប ដែល​បាន​តស៊ូ​ប្តូរផ្តាច់​នាំមក​នូវ​សន្តិភាព និង​ការបង្រួបបង្រួម​ជាតិ ព្រមទាំង​បាន​បន្ត​ដឹកនាំ​មាតុភូមិ​កម្ពុជា​ទទួលបាន​នូវ​វឌ្ឍនភាព ភាពសុខដុមរមនា និង​ការអភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គម គួរ​ជាទី​មោទនៈ​។​

​សម្តេច​ក្រឡាហោម បានបញ្ជាក់​ថា “​យើងខ្ញុំ​ប្ដេជ្ញា​បន្ត​ប្រតិបត្តិការ​យ៉ាង​ខ្ជាប់ខ្ជួន​តាម​គោលការណ៍ និង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​អាណត្តិ​ថ្មី​ដែលមាន សម្ដេច​តេជោ ជា​ប្រមុខ​ដឹកនាំ​ដើម្បី​ឆ្លើយតប​យ៉ាង​ស័ក្តិសម​ទៅនឹង​ទំនុកចិត្ត និង​ការជឿជាក់​របស់​ប្រជាពលរដ្ឋ ព្រមទាំង​បន្ត​ខិតខំ​បម្រើ​ប្រជាពលរដ្ឋ​ឲ្យបាន​កាន់តែ​ល្អប្រសើរ សំដៅ​រួមចំណែក​ជំរុញ​ដល់​ការលើកកម្ពស់​ជីវភាព​រស់នៅ និង​ការអភិវឌ្ឍន៍​សម្រាប់ ព្រះរាជាណាចក្រ​កម្ពុជា ប្រកបដោយ​ចីរភាព “៕ ដោយ ​៖ ​កូឡាប​