ពីរសប្តាហ៍​ក្រោយ​ការ​រញ្ជួយ​ដី​មរណៈ សម្លាប់​មនុស្ស​អស់ជិត​៥០០​នាក់ នៅល្ងាច​​ថ្ងៃ​អាទិត្យ​ទី ១៩ សីហានេះ ​កោះ​ទេសចរណ៍​ Lombok របស់​ឥណ្ឌូណេស៊ី បាន​ជួប​គ្រោះ​រញ្ជួយ​ដី​ជា​ថ្មី​ទៀត នៅ​ត្រង់​តំបន់​ដដែល​ តែម្តង។ មាន​ស្លាប់​យ៉ាង​ហោច​ណាស់​៥​នាក់ និង​ ភាព​ស្លន់​ស្លោ​គ្មាន​ប្រៀប។ ឥណ្ឌូណេស៊ី​ ជា​ប្រទេស​ប្រជុំ​កោះ​​ មានកោះ​តូច​កោះ​ធំ​ដល់​ទៅ ប្រមាណ​១៧០០០​កោះ និង​មាន​ទីតាំង​ភូមិសាស្ត្រ ស្ថិត​ចំ​លើ​ខ្សែ​ក្រវ៉ាត់​ភ្នំភ្លើង​ប៉ាស៊ីហ្វីក ដែល​ងាយ​នឹង​រក​ការ​រញ្ជួយ​ដី។ ប៉ុន្តែ​វា​ការ​កម្រ​ណាស់ ដែល​កោះ​តែ​មួយ​រង​ការរញ្ជួយ​ដី​កំរិត​ខ្ពស់​ខ្លាំង ផ្ទួនគ្នា​ឥត​ដាច់​​បែប​នេះ។

ភពផែនដីយើង ​គ្រប​ដណ្តប់​ដោយ​ស្រទាប់​ផែនដី​ផ្គុំ​គ្នា​ជា​ច្រើន​ដុំៗ ដូច​ល្បែង​Puzzleក្មេង​លេង​ ឬ​ហៅ​ជា​ភាសា​បច្ចេកទេស​ថា ផ្លាកទិចតូនិក។ ​ ផ្លាកទិចតូនិក​នេះ​​អាច​មាន​ចលនាដោយ​សារចរន្ត​​កម្តៅ​​របស់​ផែនដី។ ឯ​​ប្រជុំ​កោះ​ឥណ្ឌូណេស៊ី​ស្ថិត​នៅ​ចំ​​ចំណុចដំណ​ ​ នៃប្រជុំ​​ផ្លាកទិចតូនិកធំៗបី គឺ​ផ្លាក​ឥណ្ឌូប៉ាស៊ីហ្វិក អូស្ត្រាលី និង​អឺរ៉ាអាស៊ី។ ​ ការរញ្ជួយ​ដី​នៅកោះ​​ឡំបុក កាលពី​ចុង​ខែ​កក្កដា និង​ដើម​ខែ​សីហា គឺ​ជា​លទ្ធផល​នេះ​ចលនា​ប៉ះទង្គិច​គ្នា​រវាង​ផ្លាកទិចតូនិក អូស្ត្រាលី​និង​ផ្លាក​អឺរ៉ាស៊ី។

ការ​ប៉ះទង្គិច​រវាង​ដុំ​ផ្លាក​ទាំង​ពីរ​នេះ បានធ្វើ​ឱ្យ​តំបន់​​ធ្នូភ្នំភ្លើងមាន​សកម្មភាព នៅ​តាមតំបន់​បណ្តោយ​​ ​តាំង​ពី​កោះ​ហ្សាវ៉ា ទៅ​ដល់​កោះ​ទីម័រ ​។ ហើយ​កោះ​ឡំបុក​នៅចន្លោះ​ពី​កោះ​ពីរ​នេះ។ រចនា​សម្ព័ន្ធ​នៃ​ផ្លាក​ទិចតូនិក នៅ​តែបន្ត​រង្គើ​និងមាន​ចលនា​ទៀត​​​នាពេល​នេះ ដែល​នឹង​អាច​បង្ក​ឱ្យមាន​រញ្ជួយ​ដី​ថ្មី​ទៀត។ នេះ​បើ​បាន​ការ​យល់​ឃើញ​របស់​អ្នក​ជំនាញផ្នែក​ស្រទាប់​ផែនដី ជាតិ​​អូស្ត្រាលី​ លោក Chris Elders ដែល​បញ្ជាក់​ទៀត​ថា ការ​រញ្ជួយ​អាច​មាន​កម្លាំង​ឬ​ខ្សោយ​ គឺ​អាស្រ័យ​ទៅ​លើកម្លាំង​ស្នាម​ប្រេះ​ និង​ខូច​ខាត​នៃ​ផ្លាកនោះឯង។ ​ហើយ​គឺ​សម្ពាធ​នៃ​ចលនា​រញ្ជួយ​ដី​​ញយៗ​ ជា​អ្នក​បង្ក​ឱ្យ​មាន​ស្នាម​ប្រេះ​កាន់​តែ​ខ្លាំង។ ហេតុ​ដូច្នេះហើយ​បាន​ជា​ការ​រញ្ជួយ​ដី ​ កាលពី​ថ្ងៃ​ទី ២៩​កក្កដា និង​ថ្ងៃទី ៥សីហា នៅ​ឡំបុក​មាន​កម្លាំង​ខ្លាំង​ក្នុង​កំរិត​៦,៩​​រិចទ័រ ​ ទាំង​ពីរ​ទាំ​ងបី​លើក។

តាមការ​ពិត​ ក្រោយ​ហេតុការណ៍​រញ្ជួយ​ដី​ដ៏​ខ្លាំង​មួយ​ហើយ វា​មិនមែន​ជា​ការ​ចម្លែក​ខុ​ស​ប្រក្រតី ដែល​ដី​បន្តរញ្ជួយ​ដី​ ជា​ច្រើន​ដង​ទៀត​នោះទេ។ ប៉ុន្តែ​កម្លាំង​រញ្ជូយ​ដី ​ត​គ្នា​មួយ​ហើយ​មួយ​ទៀត នៅ​ឡំបុក និងបន្ត​រញ្ជួយ​ទៀត​នៅ​ថ្ងៃអាទិត្យ​នេះ មាន​កម្លាំង​ខ្លាំង​ចម្លែក និង​ជា​ករណី​ដ៏​កម្រ​បំផុត។ សម្រាប់​អ្នក​ឯកទេស​រញ្ជួយ​ដី​ឥណ្ឌូណេស៊ី រញ្ជួយ​ដី​នៅឡំបុក មាន​លក្ខណៈ​ប្លែក​ខ្លាំង ហើយ​ទំនង​ជា​អាច​មាន​បន្ត​ទៀត។ ប៉ុន្តែ​នៅ​ឡំបុក ដោយ​ហេតុ​តែ​ ការរញ្ជួយ​ដីទីពីរ​មាន​កម្លាំង​ខ្លាំង​ជាង​រញ្ជួយ​ដី​ទីមួយ​ទៀត ដូច្នេះ​ផ្លាក​ដី​ទំនង​ជា​មាន​ចរន្ត​ថ្មី​ និង​ការ​ស្នាម​ប្រេះ​​ថ្មី​​កើត​ឡើង។ នេះ​ជា​ការ​ព្រមាន​សរបស់​អ្នក​ជំនាញ​ឥណ្ឌូណេស៊ី។​​ ប្រភព៖ RFI