សមាគម​សភា​អាស៊ាន​សម្រាប់​សិទ្ធិ​មនុស្ស​នៅ​ថ្ងៃ​ច័ន្ទ​នេះ​បាន​សម្តែង​ការ​អបអរ​សាទរ​ចំពោះ​ការ​ដោះលែង​សកម្មជន​ដីធ្លី​ជា​ស្ត្រី ៤​នាក់ ដែល​រួម​មាន​ទាំង​អ្នកស្រី ទេព វន្នី ផង​ដែរ។

លោក Charles Santiago ប្រធាន​សមាគម​សភា​អាស៊ាន​សម្រាប់​សិទ្ធិ​មនុស្សនិង​ជា​សមាជិក​សភា​ម៉ាឡេស៊ី បាន​មាន​ប្រសាសន៍​ចំពោះ​ការ​ដោះលែង​សកម្មជន​ទាំង​៤​នាក់​នោះ​ថា «គឺ​ជា​ដំណឹង​ដ៏​គួរ​ឲ្យ​ស្វាគមន៍​ ដែល​ត្រូវ​បាន​រង់ចាំ​អស់​រយៈពេល​ជា​យូរ​មក​ហើយ។ អ្នកស្រី ទេព វន្នី និង​សកម្មជន​ដីធ្លី​ដទៃ​ទៀត​មិន​គួរ​ត្រូវ​បាន​ចាប់​ដាក់​ពន្ធនាគារពី​ដំបូង​ឡើយ​នោះ​ទេ។ ពួកគេ​គ្រាន់​តែ​ធ្វើ​យុទ្ធនាការ​ដោយ​ក្លាហាន​និង​សន្តិវិធី​ដើម្បី​ការពារ​សហគមន៍​របស់​ពួកគេ​ប៉ុណ្ណោះ។‍» នេះ​បើ​យោង​តាមសារមួយ​ដែល​ VOA ទទួល​បាន​ពី​ការិយាល័យ​សមាគម​សភា​អាស៊ាន​សម្រាប់​សិទ្ធិ​មនុស្ស​របស់​លោក Santiago ដែល​ស្រង់​សម្តី​ដើម​របស់​លោក។

សកម្មជន​ការពារ​សិទ្ធិ​លំនៅឋាន​ក្នុង​តំបន់​បឹង​កក់​៣នាក់​ និង​អ្នកស្រី ទេព វន្នី ដែល​ជា​ជ័យ​លាភីពាន​រង្វាន់​ស្ត្រី​ជា​អ្នកដឹកនាំ​សកល​របស់​អង្គការ​ Vital Voices ត្រូវ​បាន​ព្រះមហាក្សត្រ ព្រះបាទ ​នរោត្តម​ សីហមុនី ព្រះរាជទាន​លើកលែង​ទោស កាល​ពី​ថ្ងៃ​ច័ន្ទ ទី​២០​ខែ​សីហា​ ម្សិលមិញ​នេះ ក្រោយ​ពីជាប់​ពន្ធនាគារ​រយៈពេល​ជាង២ឆ្នាំ​ក្រោម​បទ​ប្រមាថ​អ្នក​រាជការ​សាធារណៈ​និង​បទ​ប្រឆាំង​អ្នក​រាជការ​សាធារណៈ​ដោយ​មាន​ស្ថាន​ទម្ងន់​ទោស។

ស្រដៀង​នឹង​ប្រតិកម្ម​ស្វាគមន៍​ទាំង​មិន​ពេញ​ចិត្ត​ចំពោះ​ការ​ដោះលែង​នេះ​របស់តំណាងរាស្ត្រ​Charles Santiago ដែរ អ្នក​ស្រី​ ទេព វន្នី នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ VOA នៅ​ក្រោយ​ពីត្រូវ​បាន​ដោះលែង បាន​ថ្លែង​ពី​អារម្មណ៍​មិន​ពេញ​ចិត្ត​ចំពោះ​ភាព​អយុត្តិធម៌​ចំពោះ​អ្នកស្រី៖​

«ការ​ចោទ​ប្រកាន់​នេះ វា​មាន​ភាព​អយុត្តិធម៌​ខ្លាំង​ណាស់​សម្រាប់​ខ្ញុំ។ ហើយ​កុំ​ថា​ឡើយ ខ្ញុំ​ត្រូវ​ជាប់​ពន្ធនាគារ​អស់​រយៈ​ពេល​ពីរ​ឆ្នាំ​ជាង សូម្បី​តែ​កន្លះ​វិនាទី​ក៏​ខ្ញុំ​មិន​ត្រូវ​ជាប់​ពន្ធនាគារ​ដែរ ព្រោះ​ជាក់​ស្តែង​ខ្ញុំ​អត់​បាន​ប្រព្រឹត្ត​បទ​ល្មើស​ខុស​ដូចជា​ការ​ចោទ​នោះ​ទេ។»

លោក Santiago បានរិះគន់និន្នាការ​ជា​ទូទៅនៃ​ការ​ធ្លាក់​ចុះ​សិទ្ធិមនុស្ស​នៅ​កម្ពុជា ដោយ​លោក​បញ្ជាក់ថា៖ «យើង​ត្រេកអរ​ណាស់​ដែល​អ្នកស្រី ទេព វន្នី នឹង​វិល​ទៅ​ជួបជុំ​ក្រុមគ្រួសារ​វិញ។ ប៉ុន្តែ​ការ​ដោះលែង​នេះ​មិន​បាន​ផ្លាស់ប្ដូរ​រូបភាព​ទូទៅ​និង​ទូលំទូលាយនៅ​កម្ពុជា​ទេ។ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ធ្វើ​ឲ្យ​កម្ពុជា​ក្លាយ​ជា​រដ្ឋ​ឯកបក្ស​និង​បាន​បំផ្លាញទាំង​កម្រោល​នូវ​សិទ្ធិមនុស្ស ដូច្នេះ​ការ​បញ្ឈប់​សកម្មភាព​នេះ​រយៈពេល​ខ្លី​មិន​បាន​ជួយ​ប៉ះប៉ូវ​ដល់​ការ​បំពាន​ក្នុង​ទ្រង់​ទ្រាយ​ធំ​នេះ​ទេ‍»។ ប្រភព៖ VOA