​ភ្នំពេញ​៖ តុលាការ​កំពូល វេលា​ថ្ងៃត្រង់​ទី​២២ ខែ​សីហា ឆ្នាំ​២០១៨​នេះ បានប្រកាស​សាលដីកា​សម្រេច​បន្ដ​ឃុំខ្លួន លោក កឹម សុខា ដាក់​ពន្ធនាគារ​ដដែល ដោយ​តម្កល់​សាលដីកា​របស់​សាលាឧទ្ធរណ៍​ទុកជាបានការ​ដដែល​។​



គួរបញ្ជាក់​ថា នៅ​ព្រឹក​ថ្ងៃទី​២២ ខែ​សីហា ឆ្នាំ​២០១៨ តុលាការ​កំពូល​បាន​បន្ត​ជំនុំជម្រះ​លើ​បណ្តឹងសុំ​នៅក្រៅ​ឃុំ ជា​លើក​ទី​២ របស់​លោក កឹម សុខា អតីត​ប្រធាន​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​។​បើ​តាម​អង្គសេចក្តី សវនាការ​នេះ គឺ​ធ្វើឡើង​ដោយ​សារ​មេធាវី​របស់​លោក កឹម សុខា មិន​សុខចិត្ត​នឹង​សេចក្តីសម្រេច​របស់​តុលាការ​កំពូល កាល​ថ្ងៃទី​០៩ ខែ​មីនា ឆ្នាំ​២០១៨ ដោយ​បាន​សម្រេច​តម្កល់​សាលដីកា​សាលាឧទ្ធរណ៍​ទុកជាបានការ នឹង​តម្រូវ​ឲ្យ​បន្ត​ឃុំខ្លួន លោក កឹម សុខា ក្នុង​ពន្ធនាគារ​បន្តទៀត ដើម្បី​សាកសួរ និង​ការពារ​កុំឲ្យ​មាន​បទល្មើស​ថ្មី​កើតឡើង​។​

សេចក្តីសម្រេច​របស់​តុលាការ​កំពូល​នេះ​ដែរ គឺ​សំអាង​ហេតុថា ករណី​លោក កឹម សុខា ជា​បទល្មើស​ឧក្រិដ្ឋ ដែល​ចាំបាច់​ត្រូវ​ឃុំខ្លួន​ដើម្បី​ស៊ើបសួរ ឲ្យបាន​ហ្មត់ចត់​ត្រឹមត្រូវ​។​ពាក់​ពន្ធ័​លើសុំ​រឿងនេះ ប្រធាន​ចៅ​ក្រុម​ជំនុំ​ជម្រះ លោក ឃឹម ប៉ុណ្ណ ធ្លាប់បាន​ប្រកាស​ក្នុង​សម្រង់​ន័យ​ដើម​ដោយយោង​លើ​មូលហេតុ​ថា​៖ «​លោក កឹម សុខា បាន​ប្រព្រឹត្ត​បទល្មើស សន្ទិ​ដ្ឋ​ភាព​ជា​មួយ​បរទេស ចាប់តាំងពី​ឆ្នាំ​១៩៩៣ ដល់​ឆ្នាំ​២០១៧​។ បទល្មើស​នេះ​ជា​បទឧក្រិដ្ឋ ដូច្នេះ​ការ​ស៊ើបសួរ​ត្រូវ​ហ្មត់ចត់​ត្រឹមត្រូវ​»​។​

គួររំឭកថា លោក កឹម សុខា ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​ពី​ក្នុង​ផ្ទះ​ទាំង​កណ្ដាលយប់ កាលពីដើម​ខែ​កញ្ញា ឆ្នាំ​២០១៧ ដោយ​ចោទ​ពីបទ «​ក្បត់ជាតិ​» និង​បញ្ជូន​លោក​ទៅ​ឃុំ​ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុង នៅ​ខេត្ត​ត្បូងឃ្មុំ​។ លោក កឹម សុខា ត្រូវបាន​ចោទប្រកាន់​ពីបទ សន្ទិដ្ឋិ​ភាព​ជា​មួយ​បរទេស តាម​មាត្រា ៤៤៣​នៃ​ក្រម​ព្រហ្មទណ្ឌ​។​

បើ​តាម​ក្រម​ព្រហ្មទណ្ឌ​កម្ពុជា សន្ទិដ្ឋិ​ភាព​ជា​មួយ​បរទេស គឺជា​អំពើ​ត្រូវរ៉ូវ​គ្នា​ដោយ​សម្ងាត់​ជាមួយ​រដ្ឋ​បរទេស ឬ​ភ្នាក់ងារ​បរទេស ដើម្បី​បង្កើត​ឱ្យមាន​អំពើ​ប្រទូស្ត​រ៉ា​យ ឬ​ឱ្យ​មាន​អំពើ​ឈ្លានពាន​ប្រឆាំង​នឹង​ព្រះរាជាណាចក្រ​កម្ពុជា​។ បទល្មើស​នេះ ត្រូវ​ជាប់​ពន្ធនាគារ​ពី ១៥​ឆ្នាំ​ដល់​៣០​ឆ្នាំ​៕ ​