​ភ្នំពេញ​៖ ក្នុង​ជំនួប​ជាមួយ​តំណាង​ថ្មី​មូលនិធិ​ប្រជាជន​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា លោក​ទេសរដ្ឋមន្ដ្រី ប្រាក់ សុខុន​ ​បាន​ប្រសាសន៍ថា រាជរដ្ឋាភិបាល​អាណត្តិ​ថ្មី ដែល​ទើប​ជាប់ឆ្នោត នឹងថ្វើ​ការងារ​ឲ្យ​កាន់តែ​ខ្លាំងខ្លា​ថែម​ទៀត​ ​ដើម្បី​បំពេញ​សេចក្ដីប៉ងប្រាថ្នា​របស់​ប្រជាជន​កម្ពុជា​។ ព្រម​ជាមួយ​នេះ នឹង​ដាក់​ចេញ​នូវ​យុទ្ធសាស្ដ្រ​ចតុកោណ​ដំណាក់កាល​ទី​៤ ​ក្រោយ​ការបង្កើត​រាជរដ្ឋាភិបាល​ថ្មី​។​

​ក្នុងឱកាស​នោះ​ដែរ តំណាង​ថ្មី​របស់​មូលនិធិ​ប្រជាជន​អង្គការសហប្រជាជាតិ UNPFU ប្រចាំ​នៅ​កម្ពុជា លោកស្រី Sithy Rizvina De Alwis បាន​ធ្វើ​ការវាយតម្លៃ​ខ្ពស់ ចំពោះ​ការខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា លើ​ការបន្ដ​អនុវត្ត​យុទ្ធសាស្ដ្រ​ចតុកោណ​ ​និង​ផែនការ​យុទ្ធសាស្ដ្រ​អភិវឌ្ឍន៍​ជាតិ​។​

​ក្រសួងការបរទេស កាលពី​ថ្ងៃ​ទី​២២ ខែ​សីហា បាន​សេចក្តីប្រកាស​ព័ត៌មាន ពី​ជំនួប​របស់​លោកស្រី Sithy Rizvina De Alwis ជាមួយ​លោក​ទេសរដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្ដ្រី​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្ដរជាតិ សម្ដែង​ការគួរសម​ ​និង​ប្រគល់​សារតាំង នៅ​ថ្ងៃ​ទី​២១ ខែ​សីហា ឆ្នាំ​២០១៨ នៅ​ទីស្តីការក្រសួង​។​

​សេចក្ដីប្រកាស​ព័ត៌មាន​ផ្លូវការ​របស់​ក្រសួងការបរទេស នៅ​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០១៨​នេះ បានបញ្ជាក់​ថា លោកស្រី Sithy Rizvina De Alwis បាន​សម្ដែង​នូវ​ក្ដី​សោមនស្ស​រីករាយ ដែល​បាន​ចូល​កាន់​តួនាទី​ជា​តំណាង​ថ្មី​នៅ​កម្ពុជា ។ លោកស្រី បាន​គូសបញ្ជាក់ថា​ UNFPA បាន​និង​កំពុង​ខិតខំ​ពង្រឹង​ភាពជា​ដៃគូ ជាមួយនឹង​រាជរដ្ឋាភិបាល​កម្ពុជា លើ​ការងារ​នេះ​បន្ដ​ទៀត​។ លោកស្រី Sithy Rizvina De Alwis សូម​វាយតម្លៃ​ខ្ពស់ ចំពោះ​ការខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា លើ​ការបន្ត​អនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ​ ​និង​ផែន​ការ​​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​។ លោកស្រី បាន​វាយតម្លៃ​ការផ្តល់ប្រាក់​លំហែ​មាតុ​ភាព រយៈពេល​៣​ខែ ចំនួន​១២០​ភាគរយ​ ​ថា​ជា​ការគិតគូរ​ដ៏​ប្រសើរ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​លោកស្រី​ពុំ​ធ្លាប់​បាន​ឮ​នៅ​ប្រទេស​ដទៃ​ទៀត​នោះទេ​។​

​ជាមួយគ្នានេះ លោក​ទេសរដ្ឋមន្ដ្រី ប្រាក់ សុខុន បាន​ថ្លែងអំណរគុណ​ដល់ UNFPA ដែល​បាន​អនុវត្ត​កម្មវិធី​នានា ដូចជា​ការ​លើ​កម្ពស់​សុខភាព​ផ្លូវភេទ និង​បន្ដ​ពូជ ក្មេង​ជំទង់ និង​យុវវ័យ ផែនការ​គ្រួសារ ការផ្ដល់​អំណាច​ដល់​ស្ដ្រី​ ​និង​សម​ភាពយែន​ឌ័​រ​ជាដើម​។ លោក​ទេសរដ្ឋមន្ដ្រី គូសបញ្ជាក់ថា ការលើកកម្ពស់​ដល់ សម​ភាពយែន​ឌ័​រ​ ​ការលុបបំបាត់​អំពើ​ហិង្សា​ក្នុង​គ្រួសារ ការ​ឲ្យ​តម្លៃ​ដល់​តួនាទី​ស្ដ្រី​ក្នុងសង្គម គឺ​ជា​កត្ដា​សំខាន់​សម្រាប់​កម្ពុជា​៕