​​ភ្នំពេញ​៖ ក្រសួង​ទេសចរណ៍ ក្រសួង​ធម្មការ និង​សាសនា សមាគម​ទី​ភ្នាក់ងារទេសចរណ៍​កម្ពុជា (CATA) រួម​ជាមួយ​មន្ទីរ​-​ស្ថាប័ន​ពាក់ព័ន្ធ នឹង​រៀបចំ​ទី​វត្ត​អារាម ដែល​មាន​ភាព​លេចធ្លោ​ជាងគេ ពិសេស​នៅតាម​តំបន់​គោលដៅ​ទេសចរណ៍​សំខាន់ៗ ឱ្យក្លាយ​ទៅ​ជា​វត្ត​ទេសចរណ៍ ដ៏​ទាក់ទាញ ដើម្បី​ចូលរួម​លើកកម្ពស់ សក្តានុពល​ទេសចរណ៍ ឱ្យ​កាន់តែ​រីកចម្រើន​ឡើង​ថែម​ទៀត ពិសេស​ដើម្បី​ពង្រីក​កិច្ច​អភិរក្ស និង​អភិវឌ្ឍន៍​។​

​ជាក់ស្ដែង នា​ព្រឹក​ថ្ងៃទី​២២ ខែ​សីហា ឆ្នាំ​២០១៨​នេះ កិច្ចប្រជុំ​ឆ្លង​គោលការណ៍​ណែនាំ ស្ដី​ពី​វត្ត​ទេសចរណ៍​មួយ ត្រូវបាន​ធ្វើឡើង នៅ​ទីស្ដីការ​ក្រសួង​ទេសចរណ៍ ក្រោម​អធិបតីភាព​លោក ទិត ចន្ថា រដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍ ដោយ​មាន​ការចូលរួម​ពី​អនុរដ្ឋ​លេខាធិការ​ក្រសួង​ទេសចរណ៍ លោក​តុ​ប សុភ័ក អនុរដ្ឋលេខាធិការ​ក្រសួង​ធម្មការ លោក សា​រ៉ា​យ ឆុន ប្រធាន​សមាគម CATA លោកស្រី​ឆាយ ស៊ីវ​លីន ប្រធាន​នាយកដ្ឋាន​អភិវឌ្ឍន៍​ផលិតផល​ទេសចរណ៍ លោក ជុ​ក ជំនោ​រ ព្រមទាំង​ប្រធាន​មន្ទីរ​ទេសចរណ៍ មន្ទីរ​ធម្មការ​រាជធានី​-​ខេត្ត និង​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួន​ទៀត​ផង​ដែរ​។​

​ក្រោយ​បញ្ចប់​កិច្ចប្រជុំ រដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍ លោក ទិត ចន្ថា បាន​លើកឡើង​ថា ការរៀបចំ​ឱ្យមាន “​វត្ត​ទេសចរណ៍​” នេះ គឺជា​ការជំរុញ​ឱ្យ​ទី​អារាម​សំខាន់ៗ នៅក្នុង​តំបន់​គោលដៅ​ទេសចរណ៍ ក៏​ដូច​ជា​ការ​ប្រែក្លាយ​វត្ត​អារាម នៅតាម​តំបន់​គោលដៅ​ទេសចរណ៍​ធំៗ​នៅ​កម្ពុជា ឱ្យក្លាយ​ទៅ​ជា​កន្លែង​ទាក់ទាញ​ទេសចរ ឬ​អាច​ទទួល​ទេសចរ ឱ្យ​ទៅ​ទស្សនា​នៅក្នុង​ទី​អារាម​ទាំងនោះ​បាន ខណៈ​ដែល​រាជរដ្ឋាភិបាល​កម្ពុជា ពិសេស​ក្រសួង​ទេសចរណ៍ ក៏​កំពុង​ជំរុញ​ទេសចរ​ជាតិ​-​អន្តរជាតិ ឱ្យ​ទៅ​ទស្សនា​នៅ​គ្រប់​គោលដៅ​នៃ​ប្រទេស​កម្ពុជា​។​

​ការរៀបចំ​វត្ត​ទេសចរណ៍​នេះ មាន​គោលដៅ​សំខាន់​ចំនួន​២ រួមមាន​៖ គោលដៅ​សំខាន់​ទី​១៖ ទាក់ទាញ​ភ្ញៀវទេសចរ​ឱ្យ​ស្នាក់នៅ​បាន​ក្នុង​រយៈពេល​យូរ ចំណាយ​ប្រាក់​ច្រើន​នៅក្នុង​ប្រទេស​កម្ពុជា​។ ផ្តល់​ឲ​ភ្ញៀវ​មាន​ជម្រើស​ច្រើន​ក្នុងការ​ទស្សនា និង​ម្យ៉ាងទៀត ក៏​នឹង​ផ្ដល់នូវ ប្រភព​ចំណូល និង ការជួយ​ដល់​វត្ត​អារាម​ទាំងនោះ​ផង​ដែរ​។​

គោលដៅ​សំខាន់​ទី​២៖ ផ្ដល់​ការអប់រំ និង​ការយល់ដឹង​ដល់​ភ្ញៀវ​ទេសចរ ពិសេស​ទេសចរ​អន្តរ​ជាតិ ក្នុង​ការសិក្សា​ស្វែងយល់ ពី​ព្រះពុទ្ធសាសនា​នៅ​កម្ពុជា ដែលជា​សាសនា​របស់​រដ្ឋ (​មានចែង​ក្នុង​មាត្រា​៤៣ នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​)​។​

​លោក ទិត ចន្ថា បាន​បង្ហើប​ឱ្យដឹងថា ដើម្បី​ទទួល​ស្គាល់​វត្ត​ថា​ជា​វត្ត​ទេសចរណ៍​បាន គឺ​វត្ត​ទាំងនោះ​ត្រូវតែ​មាន​សូចនាករ​ក្នុង​ការ​កំណត់ ជា​វត្ត​លេចធ្លោរ​ជាងគេ មាន​ទីតាំង​ល្អ មាន​ប្រវត្តិ​អស្ចារ្យ វត្ត​ដែល​មាន​រចនាសម្ព័ន្ធ​គ្រប់គ្រង​ល្អ មាន​របៀបរៀបរយ​ល្អ​ស្អាត មាន​កិត្តិនាម​ល្បីល្បាញ​ល្អ​។ ព្រះសង្ឃ ឬ​អាចារ្យវត្ត​ក៏​អាច​ធ្វើ​ជា​មគ្គុទ្ទេសក៍​ទេសចរណ៍​បាន​ដែរ ដើម្បី​បង្ហាញ​ពី​ប្រវត្តិ ឬ​រឿងរ៉ាវ​ពាក់ព័ន្ធ​នឹង​វត្ត​ទេសចរណ៍​ទាំងនោះ ប៉ុន្តែ​ក៏​ត្រូវ​អនុវត្ត​ឱ្យស្រប​តាម​គោលការណ៍​ណែនាំ​របស់​អន្តរក្រសួង​ដែរ ដែល​នឹង​ចេញ​ជា​ផ្លូវការ​នា​ពេលខាងមុខ​។​

​ទោះជា​យ៉ាងណា នៅ​តាម​វត្ត​អារាម​សំខាន់ៗ​មួយចំនួន​នៅ​តាម​តំបន់​គោលដៅ​ទេសចរណ៍​សំខាន់ៗ ក៏​កំពុង​រៀបចំ​បណ្ដើរ​ហើយ​ដែរ និង មាន​ទេសចរ ទស្សនា​ជា បន្តបន្ទាប់​។​

​លោក​បន្ត​ទៀត ថ្នាក់ដឹកនាំ និង​ក្រុមមន្ត្រី​អន្តរក្រសួង​-​ស្ថាប័ន នឹង​ជួប​ពិភាក្សា​គ្នា​ម្ដងទៀត ក្នុង​ការប្រមូល​ធាតុ​ចូល​បន្ថែម ក៏ដូចជា រៀបចំ​គោលការណ៍​ណែនាំ​រួម ដើម្បី​ដាក់​ជូន​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ និង​រដ្ឋមន្ត្រី​ក្រសួង​ធម្មការ និង​សាសនា ចេញ​សេចក្ដីប្រកាស​អន្តរក្រសួង​មួយ មុន​អនុវត្ត​ការងារ​ទាំងនេះ ជា​ផ្លូវការ​នៅ​ចុងឆ្នាំ​២០១៨ ឬ​អាច​នៅ​ដើមឆ្នាំ​២០១៩៕