​ភ្នំពេញ ​៖ ព្រះមហាក្សត្រ បាន​ចេញ​ព្រះរាជក្រឹត្យ បង្គាប់​ឱ្យ​ដោះលែង តាម​ការស្នើសុំ​របស់​ស​ម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​។ នៅ​ម៉ោង​៧៖៤០​នាទី​យប់ ថ្ងៃ​២៣ ខែ​សីហា ឆ្នាំ​២០១៨​នេះ លោក សួន សេរី​រដ្ឋា អតីត​ប្រធាន​គណបក្ស​អំណាច​ខ្មែរ ត្រូវបាន​ដោះលែង​ឱ្យ​ចេញពី​ពន្ធនាគារ​ហើយ ។​



​ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា នៅ​ព្រលប់​ថ្ងៃទី​២៣ ខែ​សីហា ឆ្នាំ​២០១៨​នេះ បាន​ចេញ​ព្រះរាជក្រឹត្យ​មួយ​ត្រាស់បង្គាប់​លើកលែង​ទោស​ឱ្យ លោក សួន សេរី​រដ្ឋា អតីត​ប្រធាន​គណបក្ស​អំណាច​ខ្មែរ នេះ​បើ​យោងតាម​ដីកា​របស់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រលប់​ថ្ងៃទី​២៣ ខែ​សីហា ឆ្នាំ​២០១៨​។​

​ដីកា​របស់​អយ្យការ​បា​ន​យល់ឃើញថា​៖ តាម​អំណាច​ព្រះរាជក្រឹត្យ​ខាងលើ ឈ្មោះ សួន សេរី​រដ្ឋា ភេទ​ប្រុស កើត​ថ្ងៃ​ទី​០៧ ខែ​កញ្ញា ឆ្នាំ​១៩៧៣ ត្រូវបាន​លើកលែង​ទោស​។​

​ដីកា​របស់​អយ្យការ​រ​បស់​សាលាដំបូង​រាជធានី​ភ្នំពេញ ធ្វើឡើង​បន្ទាប់​ពី​មាន​ព្រះរាជក្រឹត្យ​បាន​ត្រាស់បង្គាប់ លើកលែង​ទោស​ឲ្យ​ទណ្ឌិត​ឈ្មោះ សួន សេរី​រដ្ឋា កើត​ថ្ងៃ​ទី​៧ ខែ​កញ្ញា ឆ្នាំ​១៩៧៣ ដែល​ត្រូវបាន​តុលាការ​សម្រេច​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ ពី​បទ​ញុះញង់​កុំឲ្យ​យោធិន ស្តាប់បង្គាប់ ធ្វើឲ្យ​ខូច​ទឹកចិត្ត​កងទ័ព និង​បង​ទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ តាម​អំណាច​សាលដីកា​លេខ ១៤៩ ចុះ​ថ្ងៃ​ទី​១៨ ខែ​០៥ ឆ្នាំ​២០១៨ របស់​តុលាការ​កំពូល​។​

​សូម​ជំរាប​ថា កាលពី​រសៀល​ថ្ងៃ​ទី​២៥ ខែ​សីហា ឆ្នាំ​២០១៧ លោក សួន សេរី​រដ្ឋា ត្រូវបាន​តុលាការ​សម្រេច​ប្រកាស​សាលក្រម​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​រយៈពេល​៥​ឆ្នាំ និង ពិន័យ​ជា​ប្រាក់​ចំនួន​១០​លាន​រៀល ពាក់ព័ន្ធ​ការប្រមាថ​ធ្ងន់ធ្ងរ​ដល់​កងទ័ព​កម្ពុ​ជា​។​

​លោក សួន សេរី​រដ្ឋា ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន កាលពី​រសៀល​ថ្ងៃ​ទី​១៣ ខែ​សីហា ឆ្នាំ​២០១៧ បន្ទាប់​បាន​សរសេរ​បង្ហោះ តាម​បណ្តាញ​សង្គម​ហ្វេ​សប៊ុក​ប្រមាថ​មើលងាយ​ធ្វើឲ្យប៉ះពាល់ ដល់​កិត្តិយស​ថ្នាក់ដឹកនាំ ប្រទេសជាតិ ពិសេស​ស្ថាប័ន​កងយោធពល​ខេមរភូមិន្ទ​ទាំងមូល នូវ​ព្រឹត្តិការណ៍​ប្រឈមមុខ​ដាក់គ្នា រវាង​កងទ័ព​កម្ពុជា និង​កងទ័ព​ឡាវ នៅ​ព្រំដែន​ខេត្ត​ស្ទឹងត្រែង​៕