​កំពង់ស្ពឺ ៖ លោក នាយ​ឧត្តមសេនីយ៍ គៀត ច័ន្ទ​ថា​រិទ្ធ បាន​គូសបញ្ជាក់ថា “​ចលនា​ទាំងឡាយ​ណា​ក៏​ដោយ ឲ្យតែ​មាន​ចេតនា​ចង់​ប្រឆាំង ឬ​ចង់​ផ្ដួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ គឺ​ត្រូវ​បង្ក្រាប​ទាំងអស់​ដោយ​កម្លាំង​សមត្ថកិច្ច ពិសេស​កម្លាំង​នគរបាល​តែម្ដង “​។​



​លោក អគ្គស្នងការ​រង​នគរបាលជាតិ បាន​ថ្លែងថា “​ចលនា​ឧទ្ទាម​ក្រៅច្បាប់​របស់​ទណ្ឌិត សម រង្ស៊ី មិន​អាច​ធ្វើ​អ្វី​ប្រឆាំង រាជរដ្ឋាភិបាល​ស្របច្បាប់​របស់​កម្ពុជា ដែល​កើតចេញ​ពី​ការបោះឆ្នោត​នោះ​ទេ​”​។​

​លោក នាយ​ឧត្ដមសេនីយ៍ គៀត ច័ន្ទ​ថា​រិទ្ធ អគ្គស្នងការ​រង​នគរបាលជាតិ នៅ​ព្រឹក​ថ្ងៃទី​២៣ ខែ​សីហា ឆ្នាំ​២០១៨​នេះ ដែល​ជា​អធិបតី​ក្នុង​ពិធី​បើក​វគ្គ​បំប៉ន​ជំនាញ អន្ដរាគមន៍​ពិសេស នៅ​សាលា​នគរបាល​មិត្តភាព​កម្ពុជា​-​វៀតណាម ស្ថិតក្នុង​ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ បាន​ថ្លែងថា “​មុន​នេះ​ក្រៅពី​បទល្មើស នៅក្នុង​ផ្ទៃ​ប្រទេស​មាន​ចលនា​ប្រឆាំង​ជា​ច្រើន ប្រឆាំង​ដោយ​សម្ងាត់ គេ​រៀបចំ​ជា​ចលនា​ប្រដាប់​អាវុធ​ជា​តំបន់​អា​បគ​មន៍ ជា​ចលនានយោបាយ​ក្រៅច្បាប់ ប៉ុន្ដែ​មកទល់​ម៉ោង​នេះ អត់​មាន​ទៀត​ទេ មានតែ​ចលនា​ក្រៅ​ប្រទេស​ពួក​ឧទ្ទាម សម រង្ស៊ី ដែល​បង្កើត​ចលនា​សង្គ្រោះ​ជាតិ ប៉ុន្ដែ​មិន​អាច​ធ្វើ​អ្វី​ក្នុង​ប្រទេស​កម្ពុជា​យើង​បាន​នោះទេ​”​។​

​លោកនាយ​ឧត្តមសេនីយ៍​អគ្គស្នងកា​ររ​ង​នគរបាលជាតិ បាន​មានប្រសាសន៍ថា ទោះបី​ប្រទេស​កម្ពុជា ស្ថិតក្នុង​ស្ថានភាព​សន្ដិ​ភាព សន្ដិសុខ ស្ថិរភាព​នយោបាយ​ល្អ​ប្រសើរ​ក៏ពិតមែន ប៉ុន្ដែ​កម្លាំងប្រដាប់អាវុធ ពិសេស​កម្លាំង​នគរបាល មិន​អាច​ធ្វេសប្រហែស​បាន​នោះទេ ពោល​គឺ​ត្រូវ​បង្កើន និង​ពង្រឹង​សមត្ថភាព​បន្ថែមទៀត ព្រោះ​សភាពការណ៍​សន្ដិសុខ មិន​អាច​វាយតម្លៃ​បាន​មុន​ឡើយ​។​
​លោកនាយ​ឧត្តមសេនីយ៍ បាន​គូសបញ្ជាក់ថា ជាក់ស្ដែង​ការបើក​វគ្គ​បំប៉ន ជំនាញ​អន្ដរាគមន៍​ពិសេស​នៅ​ពេល​នេះ ក្នុង​គោលបំណង​ពង្រឹងសមត្ថភាព ដល់​កងកម្លាំង​នគរបាល​បន្ថែមទៀត ឲ្យ​ត្រៀមខ្លួន​ដើម្បី​រៀបចំ​ថែរក្សា​សន្ដិសុខ សណ្ដាប់ធ្នាប់​សាធារណៈ ជា​ពិសេស​ការពារ​សុវត្ថិភាព​ប្រជាពលរដ្ឋ កុំឲ្យ​មាន​ហានិភ័យ​កើតឡើង​។ លោក​បាន​បន្ថែមទៀតថា វគ្គ​បំប៉ន​ជំនាញ​អន្ដរាគមន៍​ពិសេស​នេះ មាន​ធ្វើ​ឡើង​តែ​នៅ​សាលា​នគរបាល​មិត្តភាព​កម្ពុជា​-​វៀតណាម​តែ​មួយ​កន្លែង​នេះ​ទេ ពោល​គឺ​ធ្វើ​នៅ​សាលា​បណ្ឌិត្យសភា​នគរបាល​កម្ពុជា និង​គ្រប់​បណ្ដា​ភូមិភាគ​ទាំង​៦ ហើយ​ពេលនេះ​មាន​សិក្ខាកាម​ប្រមាណ​៤.០០០​នាក់ កំពុងតែ​សិក្សា​ទាំង​ក្នុង និង​ក្រៅប្រទេស​៕ ​