​ភ្នំពេញ​ ៖ ​អភិបាល​រាជធានី បាន​បញ្ជា​ទៅ​អាជ្ញាធរ​និង​សមត្ថកិច្ច​ទាំងអស់ រួម​គ្នា​បំបែកសំណុំរឿង ប្លន់​ប្រដាប់អាវុធ ទៅលើ​ធនាគារ អ អេច ប៊ី ឥណ្ឌូ​ឆៃ​ណា នៅក្នុង​ខណ្ឌ​ចំការមន ដើម្បី​ចាប់​បញ្ជូន​ជនសង្ស័យ មក​ដាក់​ទោស​ទៅ​តាម​ច្បាប់ ដើម្បី​បង្កើន​ជំ​ជឿទុកចិត្ត​ពី​ប្រជាពលរដ្ឋ មក​លើ​សមត្ថកិច្ច​។​



​អភិបាល​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង កាលពី​ព្រឹក​ថ្ងៃទី​២៤ ខែ​សីហា ឆ្នាំ​២០១៨​នេះ បាន​កោះអញ្ជើញ​អាជ្ញាធ​រទាំង​១២​ខណ្ឌ និង​សមត្ថកិច្ច​ទាំង​២​ប្រភេទ ចំណុះឲ្យ​គណៈបញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ មក​ប្រជុំ​ជាបន្ទាន់ ដើម្បី​រិះរក​គ្រប់​វិធី​និង​យុទ្ធសាស្ត្រ ឈានទៅដល់​ការបង្ក្រាប​បទល្មើស ពិសេស​អំពើ​ប្លន់​ប្រដាប់អាវុធ ទៅលើ​ធនាគារ​មួយកន្លែង នៅក្នុង​ខណ្ឌ​ចំការមន ទាំង​កណ្ដាលថ្ងៃត្រង់ កាលពី​ថ្ងៃ​ទី​២៣ សីហា​នេះ​។​

​ក្នុង​កិច្ចប្រជុំ​បន្ទាន់​នោះ មាន​ការចូលរួម​ពី នាយ​ឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការ​រង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ មេបញ្ជាការរង​កងរាជអាវុធហត្ថ​រាជធានី និង​អភិបាល​ខណ្ឌ​ទាំង​១២​។​

​លោក ឃួ​ង ស្រេង បាន​លើកឡើង​ថា តាម​បណ្តា​ខណ្ឌ​ត្រូវ​មាន​អ្នក​ប្រចាំ​បញ្ជា ក្នុង​គោលដៅ​ចេញ​អន្តរាគមន៍​ភ្លាមៗ នៅពេល​មាន​កើត​ហេតុការណ៍ ណាមួយ​កើតឡើង​ជា​យថាហេតុ ។ សមត្ថកិច្ច​ទាំងអស់​មិន​ត្រូវ​បន្ទោស​គ្នា​ទៅ​វិញ​មក ដាក់បន្ទុក​លើក​ស្ថាប័ន​ណាមួយ​នោះ​ទេ គឺ​ត្រូវ​រួម​សហការ​គ្នា ការពារ​សន្តិសុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ អាជីវករ ដែល​ប្រកប​អាជីវកម្ម ក្នុង​រាជធានី​ភ្នំពេញ ព្រោះនេះ​ជា​កាតព្វកិច្ច​របស់​យើងទាំងអស់គ្នា ក្នុងនាម​ជា​កងកម្លាំង​មាន​សមត្ថកិច្ច​។​

​លោក ឃួ​ង ស្រេង ក្នុង​កិច្ចប្រជុំ​បន្ទាន់​នោះ ក៏​បាន​បញ្ជា​ទៅ​អាជ្ញាធរ​និង​សមត្ថកិច្ច​ទាំងអស់ ត្រូវ​សហការ​គ្នា​ឲ្យបាន​ល្អ ដាក់​គោលដៅ​យាម​ប្រចាំការ​២៤​ម៉ោង​លើ​២៤​ម៉ោង បង្ក្រាប​បទល្មើស​គ្រឿងញៀន ពិសេស​គឺ​ការរួម​គ្នា​បំបែក​សំណុំរឿង ប្លន់​ប្រដាប់អាវុធ ទៅលើ​ធនាគារ​មួយកន្លែង នៅក្នុង​ខណ្ឌ​ចំការមន​ទាំង​កណ្ដាលថ្ងៃត្រង់ កាលពី​ថ្ងៃ​ទី​២៣ សីហា​នេះ ដើម្បី​ចាប់​បញ្ជូន​ជនសង្ស័យ​មក​ដាក់ទោស​ទៅតាម​ច្បាប់ បង្កើន​ជំ​ជឿ​ទុកចិត្ត​ពី​ប្រជាពលរដ្ឋ​មក​លើ​សមត្ថកិច្ច​របស់​យើង​។​

​គួររំលឹកថា កាលពី​ថ្ងៃ​ទី​២៣ ខែសីហា​ម្សិលមិញ​នេះ មាន​ចោរ​ប្រដាប់អាវុធ​មួយ​ក្រុម​មាន​គ្នា​ប្រមាណ​៥​នាក់ បាន​ចូល​ប្លន់​ធនាគារ​មួយ​ទាំង​កណ្ដាលថ្ងៃត្រង់ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​ម៉ៅ​សេទុង ខណ្ឌចំការមន ដោយ​យក​អស់​ទឹកប្រាក់​ប្រមាណ​១៨​ម៉ឺន​ដុល្លារ​។ ខណៈ​ពេល​នេះ កម្លាំង​សមត្ថកិច្ច​ជំនាញ បាន​និង​កំពុង​សហកា​រ​គ្នា​ស្រាវជ្រាវ​យ៉ាង​យកចិត្ដទុកដាក់​បំផុត ដើម្បី​តាម​ចាប់ខ្លួន​ជនសង្ស័យ​មក​ផ្ដន្ទាទោស​តាមច្បាប់​៕​