​ភ្នំពេញ ​៖ ប្រធាន​គ្រប់គ្រង​រមណីយដ្ឋាន Borobudur ប្រទេស​ឥណ្ឌូណេស៊ី មានប្រសាសន៍ថា ប្រាសាទអង្គរវត្ត​របស់​កម្ពុជា ជាប់​ចំណាត់ថ្នាក់​ជា​សំណង់​ប្រវត្តិសាស្ដ្រ​ដ៏​អស្ចារ្យ ធ្វើឡើង​តាមរយៈ​ការ​ស្រង់​មតិ លើ​ចំណាប់អារម្មណ៍ និង​ទស្សនៈ​របស់​អ្នកទេសចរ រាប់លាន​នាក់​ជុំវិញ​ពិភពលោក ជា​ចំណុច​ដែល​ប្រទេស​ឥណ្ឌូណេស៊ី ចាប់អារម្មណ៍ មានបំណង​ចង់​ធ្វើ​កិច្ចសហប្រតិបត្តិកា​រណ៍​។​



​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​សីហា ឆ្នាំ​២០១៨ នៅ​ស្នាក់ការ​អាជ្ញាធរ​ជាតិ​អប្សរា លោក ហង់ ពៅ អគ្គនាយករង​អាជ្ញាធរ​ជាតិ​អប្សរា អនុញ្ញាតឲ្យ​លោក Ricky SP Siahaan ប្រធាន​ផ្នែក​ទីផ្សារ​និង​សេវាកម្ម​នៃ​PT Taman Wisata Candi ដែល​គ្រប់គ្រង​រមណីយដ្ឋាន Borobudur ប្រទេស​ឥណ្ឌូណេស៊ី ចូល​ជួប​សំណេះសំណាល ផ្លាស់ប្តូរ​យោបល់​គ្នា​ទៅវិញទៅមក​ដើម្បី​ពង្រីក កិច្ចសហប្រតិបត្តិការ​ទៅវិញទៅមក រវាង​តំបន់​បេតិកភណ្ឌ​ពិភពលោក របស់​ប្រទេស​ទាំង​ពីរ គឺ​រមណីយដ្ឋាន​អង្គរ និង​រមណីយដ្ឋាន Borobudur​។​

​លោក Ricky SP Siahaan មានប្រសាសន៍ថា លោក​ពិតជា​មាន​ក្តី​រំភើ​បដែល​បាន​មក​កាន់​ទី​នេះ ស្រប​ពេល​ពេល​ថ្មីៗ​នេះ ប្រាសាទ​អង្គរវត្ត​របស់​កម្ពុជា ជាប់​ចំណាត់ថ្នាក់​ជា​សំណង់​ប្រវត្តិសាស្ដ្រ​ដ៏​អស្ចារ្យ​បំផុត ធ្វើឡើង​តាមរយៈ​ការ​ស្រង់​មតិ លើ​ចំណាប់អារម្មណ៍ និង​ទស្សនៈ​របស់​អ្នកទេសចរ​រាប់លាន​នាក់​ជុំវិញ​ពិភពលោក ជា​ចំណុច​ដែល​ប្រទេស​ឥណ្ឌូណេស៊ី​ចាប់អារម្មណ៍ មានបំណង​ចង់​ធ្វើ​កិច្ច​សហប្រតិបត្តិកា​រណ៍ រវាង​រមណីយដ្ឋាន​អង្គរ របស់​កម្ពុជា​និង​រមណីយដ្ឋាន Borobudur របស់​ឥណ្ឌូនេស៊ី ដើម្បី​ផ្លាស់ប្តូរ​បទពិសោធន៍ ចំណេះដឹង​ល្អៗ ដូចជា​ការអភិរក្ស​ការគ្រប់គ្រង ការ​អភិ​វឌ្ឈន៍ សេវាកម្ម​ផ្សេងៗ​។ ក្នុងនោះ តាមរយៈ​កម្មវិធី Twin World Heritage Program ខាង​ភាគី​ឥណ្ឌូណេស៊ី​មានបំណង​បង្កើត​កិច្ចព្រមព្រៀង រវាង​ស្ថាប័ន​ទាំងពីរ ដើម្បី​ជម្រុញ​ការផ្សព្វផ្សាយ​អំពី​គ្នា​ទៅវិញទៅមក និង​ទាក់ទាញ​ភ្ញៀវទេសចរ​ឱ្យ​កាន់តែច្រើន​។​

​ថ្លែង​ក្នុង​ជំនួប​នោះ លោក ហង់ ពៅ បាន​សម្តែង​នូវ​អំណរ​សាទរ យ៉ាង​ជ្រាលជ្រៅ​ចំពោះ​គណៈប្រតិភូ​ឥណ្ឌណេស៊ី​ថា នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ ដែល​អាជ្ញាធរ​ជាតិ​អប្សរា​ចែករំលែក​បទពិសោធន៍​ល្អៗ លើ​ការអភិរក្ស ការជួសជុល ការគ្រប់គ្រង​រមណីយដ្ឋាន​អង្គរ ដល់​បណ្តា​ប្រទេស​ផ្សេងៗ​ដែល​មាន​បំណង​ស្វែងយល់ អំពី​បទ​ពិសោធន៍​ក្នុង​ការគ្រប់គ្រង អភិរក្ស និង​អភិ​វឌ្ឈន៍​ដោយ​ចីរភាព​នៃ​រមណីយដ្ឋាន​អង្គរ​។​

​លោក​សង្កត់ធ្ងន់​ថា អាជ្ញាធរ​ជាតិ​អប្សរា​ពេញចិត្ត​នឹង​ស្វាគមន៍​រាល់​កិច្ចសហប្រតិបត្តិការ ដែល​បម្រើ​ដល់​ប្រយោជន៍​បេតិកភណ្ឌ​ទាំងមូល​។ ម្យ៉ាងទៀត​ទស្សនៈវិស័យ​ក្នុង​ការអភិរក្ស និង​ការអភិវឌ្ឍ​បេតិកភណ្ឌ​ពិភពលោក រវាង​ប្រទេស​ទាំង​ពីរ គឺ​មាន​ទស្សនវិស័យ​ប្រហាក់ប្រហែលគ្នា ងាយ​សហការ​គ្នា​រីកចម្រើន​ទៅមុខ និង​មាន​ចំណុច​ពិសេស​សម្រាប់​ការផ្លាស់ប្តូរ​បទពិសោធ​ន៍​រវាង​កម្ពុជា និង​ឥណ្ឌូនេស៊ី​ក្នុង​ការអភិរក្ស​ប្រាសាទ ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​។ លោក​បន្ថែមថា ជោគជ័យ​រមណីយដ្ឋាន​អង្គរ​មក​ដល់ពេលនេះ គឺ​ដោយ​មាន​ការខិតខំ និង​សហកា​រណ៍​ពី​ស្ថាប័ន​ជាតិ និង​អន្តរជាតិ​ផ្សេងៗ​ដែល​ធ្វើការ​ពាក់ព័ន្ធ​នឹង​វិស័យ​បេតិ​ភណ្ឌ​៕ ​