ប្រមុខសង្ឃ​កាតូលិក​សម្តេចប៉ាប​ហ្រ្វង់ស័រ​ផ្តើម​ទស្សនកិច្ច​រយៈពេល ២ថ្ងៃ​នៅ​ក្នុង​ប្រទេស​អៀរឡង់​ដោយ​ចាប់​ផ្តើម​នា​ថ្ងៃ​សៅរ៍ ទី២៥ សីហា។ នេះ​ជា​លើក​ទី២ ដែល​ប្រមុខ​សង្ឃកាតូលិក​បាន​ទៅ​កាន់​ប្រទេស​អៀរឡង់ បន្ទាប់​ពី​ទស្សនកិច្ច​របស់​សម្តេចប៉ាប​ហ្សង់ប៉ូល​ទី២ ក្នុង​ឆ្នាំ ១៩៧៩។ តែ​អ្វី​ជា​ការ​កត់សម្គាល់ វត្តមាន​របស់​ប្រមុខ​សង្ឃកាតូលិក​ក្នុង​ទឹកដី​អៀរឡង់​ពេល​នេះ​កំពុង​បំពុល​ដោយ​រឿង​អាស្រូវ​ផ្លូវភេទ​ដែល​ប្រព្រឹត្ត​ដោយ​ក្រុមសង្ឃ​កាតូលិក។



តាំង​ពី​បាន​ក្លាយ​ជា​ប្រមុខសង្ឃ​កាតូលិក​ក្នុង​ឆ្នាំ ២០១៣ មក នេះ​ជា​ទស្សនកិច្ច​លើកទី២៤ របស់​សម្តេចប៉ាប​ហ្រ្វង់ស័រ​នៅ​ក្រៅ​ទឹកដី​អ៊ីតាលី។ ចំណែក​ជម្រើស​ទៅ​កាន់​ទីក្រុង​ឌុយប្លាំង ប្រទេស​អៀរឡង់​ពេល​នេះ​ក៏​ដើម្បី​ចូលរួម​បិទ​កម្មវិធី​ជួបជុំ​គ្រួសារពិភពលោក​ដែល​ប្រទេស​អៀរឡង់​បាន​រៀបចំ​តាំង​ពី​ថ្ងៃទី២១ សីហា។ តែ​ទន្ទឹម​គ្នា​នឹង​កម្មវិធី​គ្រួសារ​ដ៏​រីករាយ​មួយ​នេះ សម្តេចប៉ាប​ហ្រ្វង់ស័រ​ក៏​កំពុង​ក្រពុល​មុខ​នឹង​រឿង​អាស្រូវ​ផ្លូវភេទ​ដែល​បាន​បែក​ធ្លាយ​នៅ​អាមេរិក​កាល​ពី ២សប្តាហ៍​មុន​តាម​រយៈ​របាយការណ៍​របស់​អគ្គរដ្ឋអាជ្ញា​ក្នុង​រដ្ឋ Pennsylvanie។

នៅ​ក្នុង​របាយការណ៍​នោះ អគ្គរដ្ឋអាជ្ញា​បាន​បរិហារ​ពី​ការ​បំពាន​ផ្លូវភេទ​ប្រព្រឹត្ត​ក្រុមសង្ឃ​កាតូលិក​ចំនួន ៣០០អង្គ​ក្នុង​រយៈពេល ៧០ឆ្នាំ។ នា​ថ្ងៃ​ចន្ទ ទី២០ សីហា​ដើម​សប្តាហ៍​នេះ សម្តេចប៉ាប​​បាន​ផ្ញើ​លិខិត​មិន​ធ្លាប់​មាន​ទៅ​កាន់​រដ្ឋអំណាច​កាតូលិក​នៅ​ទូទាំង​ពិភពលោក​ដោយ​អំពាវនាវ​ឲ្យ​ចូលរួម​បំបាត់​ទង្វើ​គួរ​ឲ្យ​ស្អប់ខ្ពើម។ នៅ​ក្នុង​ប្រទេស​អៀរឡង់ សម្តេចប៉ាប​ហ្រ្វង់ស័រ​បាន​ទទួល​ជួប​សន្ទនា​ដោយ​ប្រធានាធិបតី​លោក Michael Higgins និង​នាយករដ្ឋមន្រ្តី​អៀរឡង់​លោក Leo Varadkar។ លោក Varadkar បាន​បញ្ជាក់​ថា ការ​សុំទោស​ជា​សាធារណៈ​មិន​គ្រប់គ្រាន់​ដើម្បី​បិទបញ្ចប់​ទង្វើ​បំពាន​ផ្លូវភេទ​លើ​កុមារ​ពី​សំណាក់​ក្រុមសង្ឃ​កាតូលិក​បាន​ទេ។

អ្វី​ដែល​លោក Varadkar ចង់​បាន គឺ​ចង់​ឲ្យ​សម្តេចប៉ាប​ប្តូរ​ពី​ពាក្យ​សម្តី​ទៅ​ជា​ការ​អនុវត្ត​ជាក់ស្តែង​ដោយ​ចាត់​វិធានការ​ចាស់ដៃ​លើ​សង្ឃកាតូលិក​ដែល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​អាស្រូវ​ផ្លូវភេទ។ ជា​ការ​ឆ្លើយ​តប​វិញ សម្តេចប៉ាប​បាន​យល់​ពី​កំហឹង​របស់​ប្រជាជន​អៀរឡង់​ដែល​ប្រឆាំង​នឹង​ភាព​អសមត្ថភាព​របស់​ថ្នាក់ដឹកនាំ​វិហារ​កាតូលិក​ប្រឈម​នឹង​ឧក្រិដ្ឋកម្ម​គួរ​ឲ្យ​ស្អប់ខ្ពើម និង​ថា សហគមន៍​កាតូលិក​ទាំង​មូល​មាន​ភាព​អាម៉ាស់​ខ្លាំង​ណាស់៕ ប្រភព៖ RFI