​នេះ​ជា​ខណៈពេល​ដ៏​រន្ធត់ និង​គួរ​ឲ្យ​អាសូរ​បំផុត​មួយ ដែល​តៃកុង​ម្នាក់​បាន​រង​ទទួល​ការវាយប្រហារ​យ៉ាង​សាហាវ ដោយ​ដុំ​ថ្មភ្នំ​ដ៏​ធំ​មួយ​ដែល​បាន​រមៀល​ចុះ និង​បុក​ទម្លាក់​កញ្ចក់​រថយន្ត ខណៈ​គាត់​កំពុង​បើកបរ​ឆ្លងកាត់​ផ្លូវ​ជាយ​ភ្នំ​មួយ ស្ថិតនៅក្នុង​ខេត្ត Yunnan ប្រទេស​ចិន កាលពី​ព្រឹក​មិញ​នេះ ។​



​តាមរយៈ​វីដេអូ​បានបង្ហាញ​ឲ្យ​ឃើញ​ខណៈ​តៃកុង​ម្នាក់​កំពុង​បញ្ជា​រថយន្តក្រុង​១​គ្រឿង​ដែល​ដឹក​អ្នកដំណើរ​ចំនួន ១៤ នាក់ ឆ្លងកាត់​ផ្លូវ​ភ្នំ​មួយ និង​នៅពេលនោះ ស្រាប់តែ​ដុំថ្ម​ដ៏​ធំ​មួយ​បាន​ធ្លាក់​រមៀល​ធ្លាក់ចុះ​ភ្នំ បុក​ទ​ម្លុ​ក​កញ្ចក់​មុខ​រថយន្ត ត្រង់​កន្លែង​តៃកុង​តែម្តង ។ ក្នុងខណៈពេល​ដ៏​ប្រថុចញ៉ុច​នេះ អ្នកបើកបរ​ត្រូវ​បានឃើញ​គេច​ក្បាល​របស់គាត់ ពី​ការវាយប្រហារ​របស់​ដុំថ្ម​នេះ ប៉ុន្តែ ជា​អកុសល គាត់​ពុំ​អាច​គេច​រួច ព្រោះតែ​ដុំថ្ម​នេះ​បាន​ផ្ទប់​នឹង​កៅអី បណ្តាល​ឲ្យ​ធ្លាក់ចុះ​វាយប្រហារ​រវាង​កញ្ចឹងក និង​ស្មា​ស្តាំ​របស់គាត់​ទាំង​កម្រោល​គួរ​ឲ្យ​អាសូរ​បំផុត ។​

​បន្ទាប់ពី​រង​ការវាយប្រហារ​ដ៏​សាហាវ​នេះ អ្នកបើកបរ​នោះបាន​បង្ហាញ​អាការ​ឈឺ​ចុកចាប់​យ៉ាងខ្លាំង និង​យកដៃ​ខ្ទប់​ពោះ​របស់គាត់ ។ ប៉ុន្តែ ពិតជា​គួរ​ឲ្យ​សរសើរ​ខ្លាំងណាស់ បើទោះជា​គាត់​ត្រូវ​ឈឺ​ចុកចាប់​យ៉ាងណាក៏ដោយ គាត់​នៅតែ​ទ្រាំ និង​អាច​គ្រប់គ្រង​បើកបរ​រថយន្ត​ដោយ​សុវត្ថិភាព​រហូតដល់​ស្ថានីយ៍ ក្រោយ​ជួប​គ្រោះថ្នាក់ ១០ នាទី ។​

​ភ្លាមៗ​នោះ គាត់​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ទីកន្លែង​ដែល​ក្រុមគ្រូពេទ្យ​បាន​រកឃើញថា គាត់​រងរបួស​បាក់ឆ្អឹង​ជំនី​៤ និង​ស្នាម​ជាំ​ច្រើន​កន្លែង ៕ ឧ​ត្ត​ម (shanghaiist)​