​ភ្នំពេញ ​៖ សម្ដេច​តេជោ ហ៊ុន សែន បាន​ព្រមាន​ថា នឹង​ប្ដឹង​អ្នកវិភាគ​សង្គម លោក គឹម សុខ ដាក់​ពន្ធនាគារ​វិញ ប្រសិនបើ​មិន​សង​ប្រាក់​សំណង ៨០០​លាន​រៀល មកឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​។​

​ការព្រមាន​ប្តឹង​អ្នកវិភាគ​សង្គម​រិះគន់​មិន​សំចៃមាត់​លោក គឹម សុខ ដាក់​ពន្ធនាគារ​វិញ​នេះ បាន​ធ្វើឡើង​ក្នុងពេលដែល​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះសំណាល ជាមួយ​កម្មករ កម្មការិនី មកពី​រោងចក្រ សហគ្រាស ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​សម្ដេច​តេជោ​នាយករដ្ឋមន្ដ្រី បាន​ថ្លែងថា លោក គឹម សុខ បាន​ចេញពី​ពន្ធនាគារ​ដោយសារ​ការអនុវត្តន៍​ទោស​រួចរាល់​នៅ​ក្នុង​ពន្ធនាគារ មិនមែន​ជា​ការ​រួច​ទោស​ដោយសារ​ការ​ព្រះរាជទាន​លើកលែងទោស​ពី​ព្រះមហាក្សត្រ​នោះ​ឡើយ​។ ដូច្នេះ​ប្រាក់​សំណង​ដែល​តុលាការ​តម្រូវ​ឲ្យ​សង​ដើមបណ្តឹ​ង គឺ​គណបក្ស​ប្រជាជន​កម្ពុជា​ប្រមាណ ៨០០​លាន​រៀល​នោះ គឺ​នៅតែ​ត្រូវ​សង​ដដែល​មិន​បាន​រលាយ​ដូច​អ្នកទោស​ដទៃ​ដែល​ត្រូវបាន​ព្រះមហាក្សត្រ​ព្រះរាជទាន​លើកលែងទោស​នោះ​ឡើយ​។​

​សម្ដេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា “​អ្នក​រួច​ទោស​តាមរយៈ​ការសុំ​លើកលែង​ទោស​របស់​នាយ​ក​រដ្ឋមន្ដ្រី ថ្វាយ​ព្រះមហាក្សត្រ ព្រះរាជទាន​លើកលែងទោស សំណង​ទាំងឡាយ​មិន​ត្រូវ​បាន​សង​ទេ ក៏​ប៉ុន្ដែ​ផ្ទុយទៅវិញ អ្នក​រួច​ទោស​ដោយ​សាលក្រម​ផុត​រលត់ ត្រូវតែ​សង​លុយ​ជំពាក់​គេ​”​។​

​សម្ដេចនាយក​រដ្ឋមន្ដ្រី បន្ដថា “​អ៊ីចឹង​នរណា​ដែល​រួច​ទោស​បែប​នេះ គណបក្ស​ប្រជាជន​ត្រូវ​គេ​ជំពាក់ ៨០០​លាន​រៀល អ៊ីចឹង​ត្រូវ​រក​លុយ​សង បើ​មិន​សង​លុយ​ទេ​ប្រហែលជា​ចូល​គុក​វិញ ព្រោះ​អ្នក​ឯង​មិន​សង​លុយ​។ អ្នកឯង​ជាប់ទោស​រួច​តែ​ទោស​ទេ ប៉ុន្ដែ​លុយ​ត្រូវ​សង បើ​ករណី​លើកលែង​ទោស​អាហ្នឹង​ត្រូវ​រួច​ទាំងអស់ អ៊ីចឹង​ត្រូវ​បែងចែក​គ្នា​ឲ្យ​ច្បាស់​”​។​

​សូម​រំលឹក​ថា លោក គឹម សុខ អ្នកវិភាគ​នយោបាយ និង​សង្គម ត្រូវបាន​តុលាការ​ដោះ​លែងឲ្យ​មាន​សេរីភាព​ឡើងវិញ​នៅ​ព្រឹក​ថ្ងៃទី​១៧ ខែ​សីហា ឆ្នាំ​២០១៨ បន្ទាប់​ពី​អនុវត្ត​ទោស​ចប់សព្វគ្រប់ ពោល​បាន​ជាប់​ពន្ធនាគារ​អស់​រយៈពេល​ប្រមាណ ១៨​ខែ​៕ ​